អានតួអត្ថបទ
រុស្ស៊ី-សិទ្ធិមនុស្ស

ឥស្សរជន​សង្គម​​ដកខ្លួន​ចេញពី​”ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅអម​ប្រធានាធិបតី”​

គេទើប​ប្រកាស​ថា​ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ ពូទីន​ ធ្វើ​សច្ចាប្រណិធាន​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃទី​៧ឧសភា​ខាងមុខ​គេនឹងដក​ខ្លួន​ចេញ​ពី ​”ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​អម​ប្រធានាធិបតី”។​ មូលហេតុ​មកពី​មាន​ដំណឹងថា ​ក្រោយពី​ឡើង​កាន់​អំណាច​កំពូល​លោកពូទីន​នឹង​ចាប់ហ្វ្រាំង​បង្អន់​ដំណើរ​ស៊ើប​អង្កេត​អំពី​មរណភាព​លោក​មេធាវី​រុស្ស៊ី​ Serguei Magnitsky​ មរណភាព​ដែល​ញ៉ាំងឲ្យ​មាន​ការថ្កោលទោស​ប្តូរផ្តាច់​ពីខាង​បស្ចិមលោក។

​លោក​មេធាវី​រុស្ស៊ី​ Serguei Magnitsky​
​លោក​មេធាវី​រុស្ស៊ី​ Serguei Magnitsky​ © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម​អ្នកដែល​បាន​ថ្លែង​ដកខ្លួននោះ ​មានបីនាក់​ទៅហើយ​គឺ៖ លោកស្រី​ Ella Panfilova ​នាយិកា​នៃ​សាខា​រុស្ស៊ី​ របស់​អង្គការ​អន្តរជាតិ​ខាងការពារ​សិទ្ធិ​មនុស្ស ​“ Amnesty International “ ,​ លោក Dmitri Oreshkin​ ជានយោបាយ​វិទូ​ដ៏ល្បីល្បាញ​លោកស្រី​ Svetlana Gannuskina ​ប្រធាន​អង្គការ​ខាងផ្តល់​ជំនួយ​ដល់​ជន​ភៀសខ្លួន ឈ្មោះ “ ជំនួយស៊ីវិល “។

 
ជាការកត់​សម្គាល់​នៅរុស្ស៊ី​ “ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​អម​ប្រធានាធិបតី” ​មាន​សមាជិក​សរុប​ចំនួន​២០នាក់​ ដែល​សុទ្ធតែ​ជាឥស្សរជន​សង្គម​ដ៏ល្បីៗ​ បែបយ៉ាង​អ្នកការពារ​សិទ្ធិមនុស្ស​ អ្នកសង្គមសាស្ត្រ​ ប្រធាន​អង្គការ​មនុស្សធម៌ ​ប្រធាន​អង្គការ​សាសនា ។ល។ ​ក្រុមប្រឹក្សានេះ​ ដែល​ត្រូវបាន​បង្កើត​ឡើង​ស្របនឹង​ក្រឹត្យ​ប្រធានាធិបតី​ចុះថ្ងៃទី​១កុម្ភៈ​ឆ្នាំ២០១១​ មានភារៈ​ជួយ​ប្រមុខរដ្ឋ​ ឲ្យបំពេញ​កាតព្វកិច្ច​ខ្លួន ​ដូចដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ក្នុង​វិស័យ​ធានា​និង​ការពារ​សិទ្ធិ-​សេរីភាព​ពលរដ្ឋ​ រាយការណ៍​ជូន​ប្រមុខរដ្ឋ​អំពី​ស្ថានភាព​ ក្នុងវិស័យ​នេះ​និង​ជំរុញ​​ដល់​ការអភិវឌ្ឍន៍​រាល់​ស្ថាប័ន​នៃ​សង្គមស៊ីវិល។

ថ្លែងថ្ងៃនេះ​ទៅកាន់​ពួក​អ្នកកាសែត​ លោកស្រី​ Ella Panfilova​ លើកឡើង​ជាអាទ៌៍ ៖ ​“ការដែល​ខ្ញុំសុខចិត្ត​ត្រដរ​ ស្ថិតនៅ​ក្នុងក្រុម​ប្រឹក្សា​នេះ​ មកពី​មានពាក្យ​សន្យា​ ទៅម្តាយ​ លោក​ Serguei Magnitsky ​ថា​នឹងធ្វើការ​ស៊ើប​អង្កេត​ឲ្យបាន​ល្អិតល្អន់​អំពី​កាលៈទេសៈ​នៃ​មរណភាព​ កូនប្រុស​នោះ​របស់គាត់”។

ជាការ​រំលឹក​ លោក ​Serguei Magnitsky​ ជាអ្នក​ច្បាប់​ជាតិ​រុស្ស៊ី​ បាន​ធ្វើការ​ជា​មេធាវី​ ការពារ​ផលប្រយោជន៍​របស់​មូលនិធិ​វិនិយោគ​អាមេរិកាំង​ឈ្មោះ ​Hermitage ​តាំងពី​ឆ្នាំ២០០៧​មក។​ ប៉ុន្តែ​ថ្ងៃ២៤​វិច្ឆិកា​ឆ្នាំ២០០៨​ គាត់បាន​ត្រូវ​អាជ្ញាធរ​រុស្ស៊ី​ឃាត់ខ្លួន​ក្រោយពី​គាត់​បាន​បរិហារ​អាក្រាត​ពួក​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​រុស្ស៊ី ​ថាបាន​គៃ​បន្លំ​យក​លុយ​ ២៣០លាន​ដុល្លារ​ពីក្រុមហ៊ុន​៣​ របស់​មូលនិធិ​នេះ។ ​មួយឆ្នាំ​ក្រោយមក​ នៅថ្ងៃ១៦​វិច្ឆិកា​ឆ្នាំ២០០៩​គាត់​ស្រាប់តែ​ដាច់​ខ្យល់​ស្លាប់ទៅ​ក្នុង​អាយុ​ទើប​៣៧ឆ្នាំ​នៅក្នុង​មន្ទីរ​ឃុំឃាំង​មួយ​នៃពន្ធនាគារ​ក្រុងម៉ូស្គូ។

មរណភាព​លោក ​Serguei Magnitsky​ ញ៉ាំងឲ្យ​មាន​ប្រតិកម្ម​អវិជ្ជមាន​ក្រៃ​ពីខាង​បស្ចិមលោក។​ សហភាព​អឺរ៉ុប​នៅថ្ងៃ​២៥វិច្ឆិកា​ឆ្នាំ២០១០​ បាន​សម្រេច​ថា ​ហាមមិន​ឲ្យ​ចេញ​ទិដ្ឋាការ​ដល់​មន្ត្រី​រុស្ស៊ី​ចំនួន​៦០នាក់​ដែល​ត្រូវ​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​មរណភាពនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ