ប្រមុខដឹកនាំអឺរ៉ុបព្រមព្រៀងគ្នាការពារអឺរ៉ូ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣៧
នាឱកាសជំនួបកំពូលអឺរ៉ុបនៅទីក្រុងព្រុចសែលនៅយប់ថ្ងៃព្រហស្បតិ៍ទី២៨មិថុនាឆ្នាំ២០១២ ប្រមុខដឹកនាំអឺរ៉ុបសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដើម្បីឈានទៅធ្វើការកែទម្រង់រចនាសម្ព័ន្ធនៅក្នុងតំបន់អឺរ៉ូ ហើយនឹងភ្ជាប់មកជាមួយសហភាពអឺរ៉ុប២៧ប្រទេសនូវ កិច្ចព្រមព្រៀងជំរុញឲ្យមានសន្ទុះកំណើនសេដ្ឋកិច្ច ដែលនឹងអនុញ្ញាតឲ្យកេណ្ឌប្រមូលបាន១២០ពាន់លានអឺរ៉ូសម្រាប់បម្រើនយោបាយកំណើនសេដ្ឋកិច្ច។ កិច្ចព្រមព្រៀងនេះសម្រេចបានក្រោយពីមានការចរចាគ្នាអស់រយៈពេលមួយយប់ ហើយនិងក្រោយពីមានការរួញរារបស់ប្រទេសអស្ប៉ាញនិងអ៊ីតាលី។ សម្រាប់ពេលអនាគត អ្នកដឹកនាំអឺរ៉ុបបានឲ្យសញ្ញាភ្លើងបៃតងសម្រាប់ធ្វើការពង្រឹងសហភាពសេដ្ឋកិច្ចនិងរូបិយវត្ថុ។ ជំនួបកំពូលអឺរ៉ុបត្រូវបិទបញ្ចប់នៅថ្ងៃសុក្រទី២៩មិថុនានេះ។
កិច្ចចរចារវាងប្រមុខដឹកនាំអឺរ៉ុបនៅក្នុងជំនួបកំពូលនៅទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍ទី២៨មិថុនាឆ្នាំ២០១២បានឈានមកដល់ម៉ោង៩យប់ អ្វីៗហាក់ដូចជាបានប្រព្រឹត្តទៅយ៉ាងរលូន។ ប្រទេសសមាជិកទាំង២៧នៃសហភាពអឺរ៉ុប ហៀបតែនឹងអនុម័តទទួលយក “កិច្ចព្រមព្រៀងសម្រាប់សន្ទុះកំណើនសេដ្ឋកិច្ចនិងការងារ” ដែលជាជោគជ័យរបស់គណៈកម្មការអឺរ៉ុបដែលជាអ្នកផ្តួចផ្តើមមូលដ្ឋាននៃកិច្ចព្រមព្រៀងនេះ។ហើយវាក៏ជាជោគជ័យផងដែរសម្រាប់លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ ដែលបានយក “កិច្ចព្រមព្រៀងសម្រាប់សន្ទុះកំណើនសេដ្ឋកិច្ចនិងការងារ” នេះមកបញ្ចូលធ្វើការឃោសនាបោះឆ្នោតជ្រើសតាំងប្រធានាធិបតីបារាំងនៅពេលថ្មីៗកន្លងទៅនេះ។ ក៏ប៉ុន្តែស្រាប់តែ លោកប្រមុខរដ្ឋាភិបាលអ៊ីតាលី ម៉ារីយ៉ូម៉ុងទី និងលោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ ម៉ារីយ៉ាណូ រ៉ាហយ បានសម្ដែងបញ្ចេញការរួញរារបស់ខ្លួន ដោយបានថ្លែងប្រាប់ថា ពួកគេនឹងចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនេះ លុះត្រាតែប្រទេសអឺរ៉ុបដទៃទៀតជាដៃគូយល់ព្រមទទួលជួយជ្រោមជ្រែងឲ្យប្រទេសអេស្ប៉ាញនិងប្រទេសអ៊ីតាលីអាចធ្វើការខ្ចីប្រាក់ដោយមានអត្រាការប្រាក់ទាបសមរម្យ។
ឃើញយ៉ាងដូច្នេះ ប្រធាននៃក្រុមប្រឹក្សាអឺរ៉ុប លោកHerman Von Rompuy បានខឹងក្រវក្រោធយ៉ាងខ្លាំង។ កិច្ចចរចាបានបន្តរហូតដល់ព្រឹកថ្ងៃសុក្រទី២៩មិថុនាម៉ោង៣និង៣០នាទី ទើបទីក្រុងម៉ាឌ្រីដនិងទីក្រុងរ៉ូម យល់ព្រមលើកចេញការរួញរារបស់ខ្លួន។
ចំណុចសំខាន់មួយទៀតនៃជំនួបកំពូលនៅទីក្រុងព្រុចសែលនេះគឺ ការកែទម្រង់រចនាសម្ព័ន្ធនៃតំបន់អឺរ៉ូសម្រាប់រយៈកាលវែងឆ្ងាយ។ ការដ្ឋានដ៏សំខាន់សម្រាប់ប្រទេសទាំង២៧នៃសហភាពអឺរ៉ុបគឺ ការបង្កើត Union bancaire ឬសហភាពធនាគារ ដែលនឹងអាចធ្វើឲ្យមានសមាហរ័ណកម្មល្អប្រសើរនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ។ ក៏ប៉ុន្តែ ទីក្រុងប៉ារីសនិងទីក្រុងប៊ែរឡាំងមានការខ្វែងគំនិតនឹងគ្នា។ ប្រទេសបារាំងចង់ឲ្យមានសាមគ្គីហិរញ្ញវត្ថុខ្លាំងក្លា។ ចំណែកឯប្រទេសអាល្លឺម៉ង់វិញ គេឲ្យតម្លៃទៅលើវិន័យតឹងរ៉ឹងក្នុងវិស័យថវិកាជាតិច្រើនជាង។ ប៉ុន្តែគោលគំនិតនៃការពង្រឹងទៅលើការត្រួតពិនិត្យធនាគារ ហាក់ដូចជាកំពុងឈានទៅរក consensus ឬការព្រមព្រៀងគ្នា។
តើសហភាពធនាគាជាអ្វីទៅ?
សហភាពធនាគារមានរួចស្រេចទៅហើយ នៅក្នុងប្រទេសអឺរ៉ុបនីមួយៗ។ នៅប្រទេសបារាំង ធនាគារកណ្តាលបារាំងជាអ្នកត្រួតពិនិត្យទៅលើសកម្មភាពរបស់ធនាគារទាំងអស់ដែលមាននៅក្នុងប្រទេសបារាំង។ គេមានមូលនិធិគ្រប់គ្រាន់សម្រាប់សងដល់ម្ចាស់គណនីដល់ទៅ១០០ ០០០អឺរ៉ូ នៅខណៈពេលដែលធនាគារមានវិបត្តិហិរញ្ញវត្ថុ។ សម្រាប់ Union bancaire européenne ឬសហភាពធនាគារអឺរ៉ុប គឺធនាគារកណ្តាលអឺរ៉ុប BCE ជាអ្នកត្រួតពិនិត្យទៅលើធនាគារទាំងអស់ដែលមាននៅក្នុងសហភាពអឺរ៉ុប។ ប៉ុន្តែគេចង់ធ្វើការពង្រឹងឲ្យការត្រួតពិនិត្យទាំងនេះមានលក្ខណៈរឹតតែល្អប្រសើរជាងនេះ។
ប្រទេសអាល្លឺម៉ង់មានការរួញរាក្នុងការបង្កើតឲ្យមាន Eurobonds ឬសញ្ញប័ណ្ណអឺរ៉ូ មកពីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោកស្រី អង់ហ្គែឡា មែរគែល ពុំយល់ព្រមឲ្យមានការទទួលខុសត្រូវរួមគ្នានៅចំពោះមុខប្រាក់បំណុលរបស់ប្រទេសអឺរ៉ុប ហើយលោកស្រីមែរគែលក៏ពុំយល់ព្រមផ្តល់មូលនិធិជំនួយអឺរ៉ុបឲ្យទៅធនាគារជាតិមួយចំនួនដែលកំពុងមានវិបត្តិ ដោយគ្មានការត្រួតពិនិត្យឲ្យបានដិតដល់ពីសំណាក់ស្ថាប័នអឺរ៉ុបមានសមត្ថកិច្ច។
សម្រាប់នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ជាការបន្ទាន់គេត្រូវតែឈានទៅរកការពង្រឹងសហភាពថវិកា Union budgétaire renforcée ។ តើការពង្រឹងសហភាពថវិកាបានន័យដូចម្តេចទៅ?
ការពង្រឹងសហភាពថវិកាបានសេចក្តីថា រដ្ឋសមាជិកអឺរ៉ុបណាដែលអនុម័តថវិកាមានអត្រាឧនភាពពុំសមស្របតាមកម្រិត ត្រូវតែសុំការយល់ព្រមជាមុនពីសំណាក់សហភាពអឺរ៉ុប។ ទាំងនេះ ប្រទេសបារាំងនិងប្រទេសអ៊ីតាលីពុំចង់បានឡើយ ដោយពូកគេយល់ថា ជាការធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យរបស់ពួកគេ។
ប៉ុន្តែ សម្រាប់ទីក្រុងប៊ែរឡាំងវិញ “រដ្ឋអឺរ៉ុបដែលពុំគោរពវិន័យទាំងនោះ យល់ព្រមធ្វើកំណែទម្រង់លុះត្រាតែឋិតនៅក្រោមសម្ពាធអ្វីមួយ”។
តើគេអាចថា សហភាពអឺរ៉ុបកំពុងឈានទៅរកការបង្កើត សហព័ន្ធអឺរ៉ុប Fédéralisme Européen បានដែរឬទេ?
“សហព័ន្ធ” ក្នុងវិស័យបច្ចេកទេស សហភាពអឺរ៉ុបមានរួចស្រេចទៅហើយ ប៉ុន្តែ“សហព័ន្ធ”ក្នុងន័យនយោបាយវិញ នៅពុំទាន់មាននៅឡើយ។ ដូចការបង្ហាញឲ្យឃើញយ៉ាងជាក់ស្តែងស្រាប់ដោយ “កិច្ចព្រមព្រៀងសម្រាប់សន្ទុះកំណើនសេដ្ឋកិច្ចនិងការងារ” ដែលជាជោគជ័យរបស់គណៈកម្មការអឺរ៉ុបដែលជាអ្នកផ្តួចផ្តើមមូលដ្ឋាននៃកិច្ចព្រមព្រៀងនេះ។ ដើម្បីឈានដល់ សហព័ន្ធអឺរ៉ុប Fédéralisme Européen អ្នកដឹកនាំអឺរ៉ុបត្រូវតែខិតខំកែទម្រង់ឲ្យមាន “អភិបាលកិច្ចរួមគ្នាមួយ”ដែលអាចធ្វើការត្រួតពិនិត្យយ៉ាងដិតដល់ទៅលើការគ្រប់គ្រងក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងសហភាពអឺរ៉ុបទាំងមូល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ