អានតួអត្ថបទ
អឺរ៉ុប-សេដ្ឋកិច្ច

វិបត្តិ​​សេដ្ឋកិច្ច​​ក្រិក​​បន្ត​​ធ្វើឲ្យ​​ទីផ្សារ​​ហិរញ្ញវត្ថុ​​ភ័យ​​ស្លន់ស្លោ​​

ក្រុម​ Eurogroupe ​បាន​ស្នើឲ្យ​ប្រទេស​ជា​សមាជិក​រៀបចំ​ប្រុងប្រៀប​ខ្លួន​នៅ​ករណី​ដែល​ប្រទេស​ក្រិក​ចាក​ចេញពី​តំបន់​ចាយ​ប្រាក់​អឺរ៉ូ។​ មូលហេតុ​នេះ​បាន​ធ្វើឲ្យ​ប្រាក់​អឺរ៉ូ​ធ្លាក់​ស្រុត​មកនៅ​១,២៥ដុល្លារ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៤​ឧសភា​​ឆ្នាំ២០១២​នេះ​ដែលជា​កម្រិត​មួយ​ដ៏​ទាប​បំផុត​ចាប់តាំង​ពី​ឆ្នាំ២០១០មក។

លោក​ Jean-Claude Juncker​​ ប្រធាន​នៃ​ក្រុម​ Eurogroupe ​
លោក​ Jean-Claude Juncker​​ ប្រធាន​នៃ​ក្រុម​ Eurogroupe ​ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ក្រិក​បាន​បន្ត​ធ្វើឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ភ័យ​ស្លន់ស្លោ​យ៉ាងខ្លាំង​ ហើយសេចក្តី​ថ្លែង​ប្រកាស​ដ៏​ចម្រូង​ចម្រាស​របស់​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​នៃ​ក្រុម​ Eurogroupe ​ក៏​ជា​កត្តា​អវិជ្ជមាន​មក​បន្ថែម​ធ្វើឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​រឹតតែ​ភ័យ​បារម្ភ​កាន់តែ​ខ្លាំងឡើង​បន្ថែម​ទៀត។

 
ទីផ្សារ​មូលបត្រ​នៅអឺរ៉ុប​បាន​ស្គាល់​ការ​ធ្លាក់ស្រុត​ចុះ​ខ្លាំង​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​ ទោះបីជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៤​ឧសភានេះ​បាន​ងើប​មុខ​ឡើង​បន្តិច​ឡើងវិញ​ក៏ដោយ។​ ទាំងនេះ​ក៏​ដោយហេតុ​តែ​ទីផ្សារ​ហិរញ្ញវត្ថុ​គ្មាន​ជំនឿ​ថា​ ​ ជំនួប​ប្រជុំ​នៃ​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​អឺរ៉ុប​នៅ​ល្ងាច​ថ្ងៃពុធ​ម្សិលមិញ​នៅ​ទីក្រុង​ព្រុចសែល​នឹង​អាច​ជួយ​រិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ក្រិក​ ​ ហើយនិង​នៅ​ប្រទេស​អេស្ប៉ាញ​បាន​ឡើយ។​ ជាពិសេស​កង្វះ​ឯកភាព​នៃ​ជំហរ​របស់​ប្រមុខដឹកនាំ​នៃ​ប្រទេស​សមាជិក​នៃ​ក្រុម​ Eurogroupe ។

រូបិយបណ្ណ​អឺរ៉ុប​បាន​ធ្លាក់​មកនៅ​ប្រមាណ​១,២៥ដុល្លារ​ក្នុង​១អឺរ៉ូ​នៅ​ថ្ងៃពុធ​ម្សិលមិញ​និងនៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៤​ឧសភា​នេះ​ ដែលជា​កម្រិត​មួយ​ដ៏​សែនទាប​ បើគិត​ចាប់តាំងពី​ខែកក្កដា​ឆ្នាំ២០១០មក។​ ហើយ​គេអាច​យល់​ដឹង​ណាស់​ថា​ ​ វិនិយោគិន​ភ័យ​បារម្ភ​ពី​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ក្រិក​ ​ ជាពិសេស​នៅ​ពេល​ដែល​ថ្ងៃទី១៧​មិថុនា​ឆ្នាំ២០១២​ដែល​ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​ក្រិក​ខិត​កាន់តែ​ជិត​មកដល់។​ ទាំងនេះ​ក៏ពីព្រោះតែ​ប្រជាជន​ក្រិក​និង​អ្នកនយោបាយ​ក្រិក​ជាច្រើន​លែង​ចង់​អនុវត្ត​នយោបាយ​ថវិកា​ត្បិតត្បៀត​ដ៏​សែន​តឹងរ៉ឹង​ទៀតហើយ។​ រីឯ​អ្នកដឹកនាំ​ក្រិក​សំខាន់ៗ​មួយ​ចំនួន​ ​ មាន​ដូចជា​មេដឹកនាំ​បក្ស​ឆ្វេងនិយម​ដាច់ខាត​ក្រិក​លោក​ Alexis Tsipras ​ដែលគេ​ប្រមាណថា​ អាច​ជា​អ្នកឈ្នះឆ្នោត​ឡើងមក​បង្កើត​រដ្ឋាភិបាល​ក្រិក​ ក្រោយពី​ការបោះឆ្នោត​សភា​នៃ​ថ្ងៃទី​១៧​មិថុនា​ឆ្នាំ២០១២​ ​ បាន​ថ្លែងប្រកាស​ឲ្យដឹងថា​ ​ លោក​នឹង​ដាក់​ប្រទេស​ក្រិក​ឲ្យ​ឋិត​នៅក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ដដែល។

មូលហេតុ​ដែល​ប្រជាជន​ក្រិក​និង​អ្នកនយោបាយ​ក្រិក​លែងចង់​អនុវត្ត​នយោបាយ​ថវិកា​ត្បិតត្បៀត​ទៀតនោះ​ហើយ​ដែលបាន​នាំឲ្យ​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​អឺរ៉ុប​សំខាន់ៗ​លេងស្នៀត​ប្រើ​ធម៌ក្តៅផង​និង​ប្រើ​ធម៌ត្រជាក់​ផង​ជាមួយ​ប្រទេសក្រិក​ ​ ដោយ​ក្រុម​ Eurogroupe ​បាន​ស្នើឲ្យ​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​រៀបចំ​ប្រុងប្រៀប​នៅ​ករណី​ដែល​ប្រទេស​ក្រិក​ចាក​ចេញពី​តំបន់​ចាយ​ប្រាក់​អឺរ៉ូ។​ ទន្ទឹមគ្នា​នេះ​ ​ គេឃើញ​លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​និង​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​លោកស្រី​អង់ហ្គែឡា​មែរគែល​ថ្លែង​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​រក្សា​ទុក​ប្រទេស​ក្រិក​ឲ្យ​ឋិត​នៅក្នុង​តំបន់​អឺរ៉ូ។

សំណួរមួយ​បាន​លេចឡើង​ចោទសួរថា​ ​ តើ​មាន​សារៈសំខាន់​អ្វីខ្លះ​ បានជា​ លោក​ប្រធានាធិបតី​បារាំង​និង​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​ចង់​រក្សា​ទុក​ប្រទេស​ក្រិក​ឲ្យ​ឋិត​នៅក្នុង​តំបន់​អឺរ៉ូ​យ៉ាងដូច្នេះ​?

មូលហេតុ​គឺ​គេខ្លាច​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក​ ហើយនិង​ការដើរ​ចាកចេញ​របស់​ប្រទេស​ក្រិក​ពី​តំបន់​ចាយប្រាក់​អឺរ៉ូ​ អាច​ឆ្លង​រីក​រាលដាល​ដល់​ប្រទេស​អឺរ៉ុប​សំខាន់ៗ​ឯទៀត​ដែល​កំពុង​រងគ្រោះ​ដោយវិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ មានដូចជា​ប្រទេស​អេស្ប៉ាញ​ ប្រទេស​ព័រទុយហ្កាល​ ឬ​ប្រទេស​អ៊ីតាលី។​ ហើយបើ​ប្រទេស​ទាំងប៉ុន្មាន​ខាងលើនេះ​ធ្លាក់​លង់ខ្លួន​ដូច​ប្រទេស​ក្រិក​មែន​ ​ នោះ​វាជា​នាទី​អវសាន​របស់​តំបន់​អឺរ៉ូ។

បើយោងតាម​សេចក្តី​ថ្លែងការណ៍​ផ្សាយ​ឲ្យដឹង​ ក្រោយពី​ជំនួប​កំពូល​នៅ​ទីក្រុង​ព្រុចសែល​កាលពី​យប់​ថ្ងៃពុធ​ម្សិលមិញ​ ​ លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ហូឡង់​បាន​ទាមទារ​ឲ្យ​មាន​វិធានការ​គាំទ្រ​ “​យ៉ាងឆាប់​រហ័ស”​ដល់​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ក្រិក។​ សហភាព​អឺរ៉ុប​វិញ​ចង់ឲ្យ​ប្រទេស​ក្រិក​ឋិត​នៅក្នុង​តំបន់​អឺរ៉ូ​ ​ ក៏​ប៉ុន្តែ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​ទាំងប៉ុន្មាន​របស់​ខ្លួន​ ​ ក្រោយពី​ការបោះឆ្នោត​សភា​នៅ​ថ្ងៃទី១៧​មិថុនា​ឆ្នាំ២០១២​ខាងមុខនេះ។
រីឯ​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​លោកស្រី​អង់ហ្គែឡា​មែរគែល​បាន​ទាមទារ​ ឲ្យ​ប្រទេស​ក្រិក​គោរព​កិច្ចសន្យា​របស់​ខ្លួន​ មានជាអាទិ៍​ ការកាត់​បន្ថយ​ឧនភាព​ថវិកា​ ​ ធ្វើកំណែ​ទម្រង់​ទៅលើ​រចនា​សម្ព័ន្ធ​ ​ ជាមុនសិន​ ​ មុននឹង​គិត​សម្រេច​ពី​ការ​រក្សា​ទុក​ប្រទេស​ក្រិក​ឲ្យ​ឋិត​នៅក្នុង​តំបន់​អឺរ៉ូ។៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ