អានតួអត្ថបទ
រុស្ស៊ី

Edward Snowden បាន​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​​ទៅ​​​​ ប្រទេស​ចំនួន​២១

អតីត​បុគ្គលិក​បម្រើការ​នៅ​ទីភ្នាក់​សម្ងាត់​អាមេរិក CIA និង​ទីភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក NSA គឺ ​Edward Snowden ដែល​កំពុង​តែ​ជាប់​នៅ​ព្រលាន​យន្តហោះ​ទីក្រុង​មូស្គូ បាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ ទៅ​ប្រទេស​ចំនួន​២១។ ហើយ​ក្នុង​នោះ​លោក​យល់​ថា​អាមេរិក​កំពុង​តែ​ដាក់​គំនាប​ទៅ​លើ​ប្រទេស​ទាំង​នោះ។

រូប​ថត​លោក​ Edward Snowden នៅ​ទំព័រមុខ​របស់​កាសែត​រុស្ស៊ី​ នា​ទីក្រុងមូស្គូ / ថ្ងៃ​អង្គារ ទី២ កក្កដា​ ២០១៣
រូប​ថត​លោក​ Edward Snowden នៅ​ទំព័រមុខ​របស់​កាសែត​រុស្ស៊ី​ នា​ទីក្រុងមូស្គូ / ថ្ងៃ​អង្គារ ទី២ កក្កដា​ ២០១៣ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

វុបសៃតិ៍ Wikileaks បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​អង្គារ​ទី​២ កក្កដា​ថា លោក​ Edward Snowden បាន​សុំ​សិទ្ធិ​ជ្រកកោន​ទៅ​ប្រទេស​មួយ​ចំនួន​រួច​​ទៅ​ហើយ ដែល​មាន​ដូច​ជា អ៊ីស្លង់​ អេក្វាទ័រ គុយបា វ៉េណេស៊ុយអេឡា​(Venezuela) ប្រេស៊ីល ឥណ្ឌា ចិន អាឡឺម៉ង់ និងបារាំង។ នៅ​ក្នុង សេចក្តី​ប្រកាស​របស់ខ្លួន នៅ​ក្នុង​វិបសែតិ៍​ខាង​លើ​ Edward Snowden បាន​ចោទ​អាមេរិក​ថា បាន​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ទាំង​អស់​នោះ ចាប់តាំង​ពី​ពេល​ដែល លោក​បាន​ចាកចេញ​ពី​ទីក្រុង​ហុងកុង​មក។

 
ក្នុង​សេចក្តី​ប្រកាស​ដដែល​ Edward Snowden បន្ថែម​ថា លោក​អូបាម៉ា កំពុង​តែ​បោកប្រាស់​ភ្នែក​អ្នក​ដទៃ​ចំពោះ​ទង្វើ​របស់​អាមេរិក​ក្នុង​រឿង​លួច​ស្តាប់​ប្រទេស​ដទែ និង​ចង់​រក​លេស​ដាក់​ទោស​រូបលោក ឱ្យ​ក្លាយ​ជា​ជន​ម្នាក់​ដែល​រស់​ក្រៅ​ប្រទេស ដោយខុសច្បាប់។ ក្នុង​ន័យ​នេះ Snowden ចាត់​ទុក​ថា ខ្លួន​មិនមែន​ជា​អ្នកទោស​ក្បត់ជាតិ​នោះ​ទេ គ្រាន់​តែ​ចង់​បង្ហាញ​ព័ត៌មាន​ឱ្យ​សាធារណៈជន ដឹង​ពី​ការ​ពិត​ប៉ុណ្ណោះ។

កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី៣០ មិថុនា​កន្លង​ទៅ លោក Snowden បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន នៅ​ក្នុង​ប្រទេស​រុស្ស៊ី តាម​រយៈ​ជនជាតិ​អង់គ្លេសម្នាក់ ដែល​បាន​នាំ​លោក​ចេញ​ពីទី​ក្រុង​ហុងកុង។ ពាក្យ​ស្នើសុំ​នេះ បាន​ដាក់​ជូន​ទៅ​កុងស៊ុលឡា​រុស្ស៊ី​ប្រចាំ​នៅ​ព្រលាន​យន្តហោះ​ទីក្រុង​មូស្គូ។

នៅ​មួយ​ថ្ងៃ​បន្ទាប់ គឺ​កាល​ពី​ថ្ងៃចន្ទ​ម្សិលមិញ ថ្នាក់​ដឹកនាំ​កំពូល​របស់​រុស្ស៊ី​បាន​ប្រកាស​ក្នុង​សន្និសីទ​​កាសែត​មួយ នៅ​វិមាន​ក្រេមឡាំង​ថា រុស្ស៊ី​នឹង​មិន​បញ្ជូន​ជន​ណា​ម្នាក់​ឡើយ​ទៅ​ឱ្យ​សហរដ្ឋ​អាមេរិក។ លោក​ពូទីន ក៏​បាន​បញ្ជាក់​បន្ថែម​ដែ​ថា រុស្ស៊ី​មិន​មាន​បំណង​កេង​ចំណេញ​យក​ឯកសារ​សម្ងាត់​របស់​អាមេរិក ដោយ​រួម​ដៃ​ជា​មួយ Snowden នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ប្រកាស​ឱ្យ បុរស​ដែល​ជា​អ្នក​ទម្លាយ​ឯកសារ​សម្ងាត់​អាមេរិក​រូបនេះ បញ្ឈប់​ការ​វាយ​ទៅ​លើ​អាមេរិក ជា​ថ្នូរ​នឹង​ការ​ផ្តល់​សិទ្ធិ​ជ្រកកោន​នយោបាយ។ ហើយ​រុស្ស៊ី ចាត់ទុក Snowden ជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស មួយ​រូប​ប៉ុណ្ណោះ។
 

តាម​ព័ត៌មាន​ដែល​ទទួល​បាន​ជា​ចុងក្រោយ នា​ល្ងាច​ថ្ងៃអង្គារ​នេះ Edward Snowden​បាន​ដក​ពាក្យ​សុំសិទ្ធិជ្រកកោន​នៅ​រុស្ស៊ី​វិញ បន្ទាប់​ពី​លោក​ពូទីន ប្រកាស​ឱ្យ​គេ​បញ្ឈប់ សកម្មភាព​វាយ​ប្រហារ​ទៅ​លើ​រដ្ឋាភិបាល​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ