អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រឈម​នឹង​ការ​រិះគន់​ពីបស្ចឹមលោក​​​ លោកអ៊ែរដូហ្កាន​សុខចិត្ត​បន្ទាបខ្លូន​ទៅរក​រុស្ស៊ី​វិញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រឈម​នឹង​ការរិះគន់​ពី​ប្រទេស​លោកខាងលិច​ចំពោះ​​ការបោសសម្អាត​កងទ័ព រដ្ឋអាជ្ញា ​មន្ត្រី​គ្រប់ជាន់ថ្នាក់​ក្នុងស្រុក ​ប្រធានាធិបតី​តួកគី​បាន​បន្ទន់ជំហរ​ ទៅ​រក​រុស្ស៊ី​វិញ ដោយ​បាន​បំពេញ​ទស្សនកិច្ច​ជួប​​លោកពូទីន ​កាលពីថ្ងៃ​អង្គារ។ ​ប៉ុន្មាន​​សប្តាហ៍​មុននេះ ​លោក​អ៊ែរដូហ្កាន​បាន​សរសេរ​លិខិត​សូមទោសមួយច្បាប់​​ ផ្ញើ​ទៅ​លោកពូទីន សូមទោស​​ចំពោះ​​ហេតុការណ៍​ដែល​​ទាហាន​​តួកគី​បាញ់​ទំលាក់​យន្តហោះ​រុស្ស៊ី កាលពី​ខែវិច្ឆិកា ​ឆ្នាំ២០១៥។

ប្រធានាធិបតី​តួកគី​លោក អ៊ែរដូហ្កាន(ស្តាំ) ​​និង​ប្រធានាធិបតី​រុស្ស៊ី​​លោក​ពូទីន
ប្រធានាធិបតី​តួកគី​លោក អ៊ែរដូហ្កាន(ស្តាំ) ​​និង​ប្រធានាធិបតី​រុស្ស៊ី​​លោក​ពូទីន ERIC FEFERBERG / AFP
ផ្សាយពាណិជ្ជកម្ម

ថ្ងៃអង្គារ​៩សីហា​សប្តាហ៍​នេះ​ ​ប្រធានាធិបតី​តួកគី ​លោក​រេសេប តៃយីព អ៊ែរដូហ្កាន បាន​បំពេញទស្សនកិច្ច​នៅ​រុស្ស៊ី ជួប​ប្រធានាធិបតី​ពូទីន ដើម្បី​ស្តារទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង២​ឡើងវិញ។ នេះជា​ទស្សនកិច្ច​លើកទី១​របស់​លោក​អ៊ែរដូហ្កាន នៅ​ក្រៅ ប្រទេស​ តាំងពី​តួកគី​រងរដ្ឋប្រហារ​មិនបាន​សម្រេច ​ថ្ងៃ១៥កក្កដា​មក។

ទំនាក់ទំនងរវាង​តួកគី​និង​​​​រុស្ស៊ី​ជួបភាពតានតឹងច្រើន ​ដោយសារ​​​តួកគី​បាន​បាញ់​យន្តហោះ​រុស្ស៊ី​មួយគ្រឿង កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៥ សម្លាប់​ពីឡុត​រុស្ស៊ី​ម្នាក់។ កាលនោះ តួកគី​រឹង​ទទឹង​​មិនខ្ចីសូមទោស​រុស្ស៊ីទាល់តែសោះ​ ទោះជា​រុស្ស៊ី​ទាមទារ​អោយសូមទោស​ច្រើនលើក​ច្រើនសា​ក្តី។ កន្លងមក ​តួកគី​បាន​ត្រឹម​តែ​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ហេតុការណ៍​បាញ់​យន្តហោះ​រុស្ស៊ី​ប៉ុណ្ណោះ។ ប៉ុន្តែ ទីបំផុត​ ប្រធានាធិបតី​តួកគី​បានប្តូរចិត្ត សុខចិត្ត​បន្ទាបខ្លួន មក​សូមទោស​រុស្ស៊ី​ជាផ្លូវការ​វិញ។ លោក​អ៊ែរដូហ្កាន​បានសរសេរ​​​លិខិត​ផ្ញើ​ទៅលោក​ពូទីន សូមទោស​​ចំពោះ​ហេតុការណ៍​បាញ់ទំលាក់​យន្តហោះ​​រុស្ស៊ី កាលពី​ចុងឆ្នាំមុន។

តើ​លោកពូទីន​មានអ្វី​ពិសេស ធ្វើអោយ​លោក​អ៊ែរដូហ្កាន ​សុខចិត្ត​បន្ទាបខ្លួន​វិញ ? ដំបូង​ យើងដឹង​ថា ​ទស្សនកិច្ច​លោក​អ៊ែរដូហ្កាន​នៅរុស្ស៊ី សប្តាហ៍​នេះ​​​មិនមែន​ជារឿងចៃដន្យ​ទេ។ ​រដ្ឋាភិបាល​តួកគី​កំពុង​រង​ការរិះគន់​ពី​ប្រទេស​លោកខាងលិច​ ចំពោះ​ការបោសសម្អាត​​​​ទាហាន មន្ត្រី មេធាវី គ្រប់ជាន់ថ្នាក់​ ដែល​អាច​ជាប់ពាក់ព័ន្ធ​ថា​បានធ្វើ​រដ្ឋប្រហារ​ កាលពី​ថ្ងៃ​១៥កក្កដា។ សម្រាប់​លោកខាងលិច​ ការបោសសម្អាត​បែបនេះ ​វា​អាច​បំពាន​លើ​គោលការណ៍​មូលដ្ឋាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ​

អឺរ៉ុប​​ជា​មិត្ត​ល្អ​នឹងតួកគី​ អឺរ៉ុប​និង​តួកគី​​​​មាន​ទស្សនៈ​​យល់ឃើញ​ដូចគ្នាច្រើន។ បែបយ៉ាង​​នៅ​ស៊ីរី ទាំង​ប្រទេស​លោកខាងលិច ទាំង​តួកគី​សុទ្ធតែ​មិនចង់​ឃើញ​លោក​អាសាដ​នៅកាន់​អំណាច​ទៀត ខុសពី​រុស្ស៊ី ដែល​គាំទ្រ​លោក​អាសាដ​ពេញទំហឹង។ ​ឥឡូវ ប្រទេស​​លោក​ខាងលិច​​ជាមិត្ត​នឹងតួកគី បែរជា​មិនគាំទ្រ​តួកគី ​​​ក្នុង​ការបោសសម្អាត​​​ក្រុមបះបោរ​រដ្ឋ​ប្រហារ​​ទៅវិញ។

លោក​អ៊ែរដូហ្កាន​ពិតជា​ខកចិត្ត​​​ខ្លាំងណាស់ ដែល​អឺរ៉ុប​មិនកាន់ជើង​រដ្ឋាភិបាលលោក ក្នុង​សកម្មភាព​បោសសម្អាត​ក្រុមបះបោរ​រដ្ឋប្រហារ។ រុស្ស៊ី​ដែល​មានទំនាក់​ទំនង​តានតឹង​ជាមួយ​លោកខាងលិច បូករួម​នឹង​​​តួកគី​​ដែរនោះ បែរ​ជា​មិន​បាន​រិះគន់​តួកគី​រឿង​បោសសម្អាត​ក្រុមបះបោរ​ទៅវិញ។ ក្រោយ​រដ្ឋប្រហារ​តួកគី លោក​ពូទីន​បាន​ទូរសព្ទ​ទៅ​លោក​អ៊ែរដូហ្កាន​សំដែង​ការគាំទ្រ​ដល់​លោក និង​បរិហារ​ពី​រដ្ឋប្រហារ។ ក្រោយ​រដ្ឋប្រហារ​នៅ​តួកគី ​លោក​ពូទីន​ គឺ​ជា​​មេដឹកនាំ​បរទេស​ទី២ បន្ទាប់​ពី​ប្រធានាធិបតី​កាហ្សាក់ស្ថាន ​ដែលជួប​​សំណេះ​សំណាល​ផ្ទាល់​ជាមួយ​​លោក​អ៊ែរដូហ្កាន។ ដោយឡែក ​​តាំង​ពី​មា​នរដ្ឋប្រហារ១៥កក្កដា​​មក មិនទាន់​មា​នតំណាង​លោកខាងលិច​ណាមួយ ចុះទៅ​ទស្សនកិច្ច​តួកគី​ សំដែង​ការគាំទ្រ​ដល់​រដ្ឋាភិបាល​តួកគី​ទេ។ ​

ខុសពី​លោកខាងលិច​ រុស្ស៊ីមិនបានបញ្ចេញ​មតិ​អ្វី ចំពោះ​​ការបោសសម្អាត​ក្រុមបះបោរ​នៅ​តួកគីទេ។ កន្លងមក រុស្ស៊ី​ធ្លាប់​បាន​បន្ថយ​ទណ្ឌកម្ម​ខ្លះៗ​ចំពោះ​តួកគី​ដែរ។ អាកប្បកិរិយា​ទាំងនេះ​បាន​បាន​ផ្តល់​ភាពកក់ក្តៅ និង​លើកទឹកចិត្ត​រដ្ឋាភិបាលតួកគី។ ​ម្ល៉ោះហើយ ទោះជា​ត្រូវ​បន្ទាបខ្លួន លំបាក​យ៉ាងណា ក៏​លោក​​អ៊ែរដូហ្កាន ត្រូវ​តែធ្វើ ដើម្បីទទួលបាន​ការគាំទ្រ​ពី​រុស្ស៊ី ចំពោះ​ទង្វើ​បោសសម្អាត​​ក្រុមបះបោរ​រដ្ឋប្រហារ​តួកគី​ដែរ។ ​​ដើម្បី​ស្តារ​ភាពល្អក់កករ​ក្នុង​ទំនាក់ទំនង​ឡើងវិញ ​លោកពូទីន​និង​លោក​អ៊ែរដូហ្កាន​បាន​ពិភាក្សា​ចំពោះ​គម្រោងសាងសង់​​បំពង់ឧស្ម័ន TurkStream តួកស្ទ្រីម ដែល​ត្រូវ​ឆ្លងកាត់​សមុទ្រខ្មៅ ​បញ្ជូន​ឧស្ម័ន​ពី​រុស្ស៊ី ទៅផ្គត់ផ្គង់​តួកគី។ គម្រោង​នេះ ធ្វើអោយ​អឺរ៉ុប​មិនសប្បាយចិត្ត​ប៉ុន្មានទេ អឺរ៉ុប​​​មិនចង់​ពឹងផ្អែក​លើ​ឧស្ម័ន​រុស្ស៊ី​ទាំងស្រុងទេ។

​លោកអ៊ែរដូហ្កាន​ឈឺចិត្ត​នឹង​អឺរ៉ុបធ្លាប់តែ​ជាមិត្តល្អ​ តែបែរ​​ជា​​រិះគន់​តួកគី​រឿងបោសសម្អាត​រដ្ឋប្រហារ រហូត​​គំរាមតួកគី​ ​​ព្យួរការ​ចរចា​រឿងតួកគី​ចូលជាសមាជិក​អឺរ៉ុបទៀតផង។ ពេលនេះ ​ចង់​​អឺរ៉ុប​ពេញចិត្ត រឺ​មិនពេញចិត្ត​បំពង់​ឧស្ម័ន​តួកស្ទ្រីម ដើម្បីអោយតួកគី​​​ទទួល​បាន​ឧស្ម័ន​ពី​រុស្ស៊ី​នោះ​​ ​លោក​អ៊ែរដូហ្កាន​​​លែងខ្វល់​ទៀត​ហើយ។ លោក​ដឹងច្បាស់ថា ​អឺរ៉ុប​និង​រុស្ស៊ី​មិន​ត្រូវគ្នា​ទេ ដោយសារ​វិបត្តិ​អ៊ុយក្រែន ដោយសារ​រុស្ស៊ី​ភ្ជាប់​តំបន់គ្រីមេ​ចូល​ក្នុង​ទឹកដី​រុស្ស៊ី​នោះ។

ប្រហែល​ខកចិត្ត​នឹង​អឺរ៉ុប​ពេក​ ថ្មីៗនេះ​ តួកគី​ថែមទាំង​គម្រាម​ថា ខ្លួន​អាច​នឹង​មិនគោរព​តាម​កិច្ចព្រមព្រៀង​តួកគី-អឺរ៉ុប ស្តី​ពី​វិបត្តិ​ជនភៀសខ្លូនទៀតផង បើ​អឺរ៉ុប​មិនប្រកាស​ដកលក្ខខណ្ឌ​រឹតបន្តឹង​ទិដ្ឋាការ​​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​តួកគី​ចេញទេ។ ​

ក្រៅពី​ខកចិត្ត​នឹង​អឺរ៉ុប តួកគី​ក៏ខកចិត្ត​នឹង​អាមេរិក​មិនតិចដែរ។ ទំនាក់ទំនង​អាមេរិក​និង​តួកគី​ក៏តានតឹង​នឹងគ្នា​ដែរកន្លងមក។ អាមេរិក​ត្រូវការ​តួកគី​ក្នុង​យុទ្ធនាការ​កំចាត់​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម នៅ​ដើមបូព៌ា។ អាមេរិកប្រើ​មូលដ្ឋាន​ទ័ព​មួយកន្លែង​នៅតួកគី ក្នុង​យុទ្ធនាការ​នេះ។ អាមេរិក​​មិន​អរគុណ​តួកគី​ហើយ បែរជា​មិន​​បញ្ជូន​​ហ្វេទូឡា ហ្គូឡិន មក​អោយ​តួកគី​កាត់ទោស​ តាមការ​ទាមទារ​របស់​តួកគី​​​ទៀត។ ​ក្រសួងយុត្តិធម៌តួកគី​បានគំរាម​ផ្តាច់​ទំនាក់ទំនង​​ជាមួ​យអាមេរិក បើ​អាមេរិកមិនបញ្ជូនលោក​​ហ្គូឡិន​មកអោយ​តួកគីវិញ។

ហ្វេទូឡា​ ហ្គូឡិន ជាសត្រូវ​រដ្ឋាភិបាល​តួកគី ​​កំពុង​ភៀសខ្លួន​នៅ​អាមេរិក​- ​​រដ្ឋាភិបាល​តួកគី​ចោទលោក​ហ្គូឡិន​ថា ជា​មេក្លោងរដ្ឋប្រហារ​មិនបានសម្រេច​ថ្ងៃ​១៥កក្កដា​។ ​ប្រហែល​ខឹង​អាមេរិក​ខ្លាំងពេក ទើបតួកគី​បង្ហាញ​ការ​​​សង្ស័យ​ថា អាមេរិកក៏​បាន​ជួយរៀបផែនការ​រដ្ឋប្រហារ​នេះដែរ។

ការបោសសម្អាត​ក្រុមបះបោរ មន្ត្រី​ទាហាន​គ្រប់ជាន់ថ្នាក់​ ដែល​អាចជាប់ពាក់ព័ន្ធ​ជាមួយ​លោក​ហ្គូឡិន ធ្វើអោយ​តួកកី​ហាក់​ក្លាយជា​ប្រទេស​ឯកា។ ដូច្នេះ លោក​អ៊ែរដូហ្កាន​មិនត្រូវ​គ្រាំគ្រា​ចិត្ត​យូរពេកទេ ចំពោះ​​ការរិះគន់​របស់ប្រទេស​​​​លោកខាងលិច។ លោកអ៊ែរដូហ្កាន​មិនត្រូវ​ខកចិត្ត​យូរពេកទេ ​​ចំពោះ​អាមេរិក​ដែល​​ហាក់​នៅ​រួញរា​បញ្ជូន​លោកហ្គូឡិន​អោយតួកគី។

ពេលតួកគី​ឯកោ រុស្ស៊ី​មិនបាន​ជាន់តួកគី​បន្ថែម​ក្នុងជ្រោះទេ។ ដូច្នេះ​ លោក​អ៊ែរដូហ្កាន​ត្រូវតែ​ហ៊ាន​​​​លះបង់ច្រើន ដើម្បី​ផ្គាប់​រុស្ស៊ី​វិញ។ រុស្ស៊ី​វិញ​ក៏ប្រកាស​​ត្រៀម​ផ្សះផ្សា​ជាមួយ​តួកគី​ដែរ ទោះ​ជា​ត្រូវការ​ពេលយូរ រឺ​ពិបាក​បន្តិច​ក្តី។ ជាក់ស្តែង ​ក្នុង​ជំនួប​ថ្ងៃអង្គារ​កន្លងទៅ​​ ទាំង​លោក​អ៊ែរដូហ្កាន ទាំង​​លោកពូទីន​​​មិន​បាន​លើកឡើង​ពី​វិបត្តិស៊ីរី​ដ៏ចម្រូងចម្រាសទេ។ ភាគី​ទាំង២​គ្រាន់តែ​​​និយាយ​​ដូចគ្នា​ថា យើង​មាន​ទស្សនៈផ្សេងគ្នា ចំពោះ​ស៊ីរី តែ​យើង​មានជំហរ​ដោះស្រាយ​​វិបត្តិ​​ស៊ីរី​ដូចគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ