អានតួអត្ថបទ
តួកគី-អាមេរិក

តួកគី​ចេញដីកា​ចាប់ខ្លួន​មេដឹកនាំ​ចលនា​​ប្រឆាំង​ដែល​កំពុងនិរទេស​ខ្លួន​នៅ​អាមេរិក

តួកគេ​បាន​ចេញដីកា​ជាផ្លូវការ តាមចាប់ខ្លួន​លោក ហ្គូឡេន មេដឹកនាំ​ចលនា​ប្រឆាំង ដែល​កំពុង​រស់​នៅ​និរទេស​ក្នុង​ប្រទេស​អាមេរិក ហើយ​ដែល​ត្រូវ​ចោទប្រកាន់​ថា​ជា​មេគំនិត​នៅ​ពីក្រោយ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មិនបានសម្រេច កាល​ពី​ថ្ងៃ​ទី១៥​កក្កដា​កន្លងទៅ។ ចាប់តាំង​ពី​រដ្ឋប្រហារ​មិនបាន​សម្រេច​នោះមក គេឃើញ​ថា រដ្ឋាភិបាល​តួកគី​បាន​ទាមទារ​ម្តងហើយ​ម្តងទៀត ឲ្យ​សហរដ្ឋ​អាមេរិក​ចាប់ខ្លួន​លោក​ ហ្គូឡេន បញ្ជូន​មក​តួកគី ក៏ប៉ុន្តែ នេះ​ជាលើកទី១ ដែល​តួកគី​ចេញ​ដីកា​ចាប់ខ្លួន​ជាផ្លូវការ។

លោក Fethullah Gülen រស់នៅ​និរទេសខ្លួន ក្នុង​ប្រទេស​អាមេរិក តាំង​ពី​ខែកញ្ញា ឆ្នាំ២០១៣
លោក Fethullah Gülen រស់នៅ​និរទេសខ្លួន ក្នុង​ប្រទេស​អាមេរិក តាំង​ពី​ខែកញ្ញា ឆ្នាំ២០១៣ AFP/SELAHATTIN SEVI / ZAMAN DAILY
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​តួកគី ដីកា​ចាប់ខ្លួន​លោក​ហ្គូឡេន​ ត្រូវ​បាន​ចេញ កាល​ពីថ្ងៃ​ព្រហស្បតិ៍ ហើយ​នៅ​ក្នុង​រយៈពេល​ពីរសប្តាហ៍​ខាងមុខ​ទៀត​នេះ គណៈប្រតិភូ​តួកគី​មួយក្រុម ដែល​រួមមាន​មន្រ្តី​មក​ពី​ក្រសួង​ការបរទេស និង​ក្រសួង​យុត្តិធម៌ នឹង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក ដើម្បី​បង្ហាញ​ពី​ការពាក់ព័ន្ធ​របស់​លោ​កហ្គូឡេន នៅ​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច។

ពីទីក្រុង​វ៉ាស៊ីងតោន​វិញ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ឲ្យដឹង​ថា តួកគី​បាន​បញ្ជូន​សំណុំឯកសារ​ចំនួន ២ច្បាប់​រួចមកហើយ ដោយ​អះអាង​ថា​ជា​ភស្តុតាង​​ទាក់ទង​នឹង​ការ​ចោទប្រកាន់​លើ​លោក​ហ្គូឡេន។ មន្រ្តី​អ្ន​កនាំពាក្យ​រូបនេះ​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា អាមេរិក​កំពុងតែ​ពិនិត្យ​មើល​ឯកសារ​អស់ទាំងនេះ ដើម្បី​កំណត់​ថា តើ​វាជា​ឯកសារ​ដែល​ត្រឹមត្រូវ​ទៅតាម​នីតិវិធី នៃ​ការ​ស្នើសុំ​ធ្វើ​បត្យាប័ន​ដែរ​ឬ​ក៏​យ៉ាងណា។ ទោះជាយ៉ាងណា ក្រសួង​ការបរទេស​អាមេរិក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ជុំវិញ​ការ​ចេញ​ដីកា​ចាប់ខ្លួន​លោក​ហ្គូឡេន កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ។

គួរបញ្ជាក់ថា គិតចាប់តាំង​ពី​ក្រោយ​រដ្ឋប្រហារ​មិនបាន​សម្រេច​មក រដ្ឋាភិបាល​តួកគី​បាន​ទាមទារ​ម្តងហើយ​ម្តងទៀត​ ដោយ​ទទូច ឲ្យ​សហរដ្ឋ​អាមេរិក​ចាប់ខ្លួនលោក ហ្គូឡេន បញ្ជូន​មក​​តួកគី ក៏ប៉ុន្តែ អាមេរិក​បដិសេធ ដោយ​ទាមទារ​ឲ្យ​តួកគី​បង្ហាញ​ភស្តុតាង​ច្បាស់លាស់ ទៅតាម​នីតិវិធី នៃ​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន។

ការបដិសេធ​មិនបញ្ជូនខ្លួន​លោក​ហ្គូឡេន បាន​ធ្វើ​ឲ្យ​តួកគី​ខឹងសម្បារ​យ៉ាងខ្លាំង រហូត​សម្តែង​នូវការ​សង្ស័យ​ថា អាមេរិក តាមរយៈ​ទីភ្នាក់ងារ​សេអ៊ីអា គឺ​ជា​អ្នក​រៀបចំ​​ឲ្យ​មាន​រដ្ឋប្រហារ​នេះ។ កាល​ពីពេល​ថ្មីៗ​នេះ​ទៀត លោក អ៊ែរដូហ្កាន់ ប្រធានាធិបតី​តួកគី ថែមទាំង​បាន​ចោទប្រកាន់​ត្រង់ៗ​ទៅលើ​សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ថា ជា​អ្នក​គាំទ្រ​ភេរវជន និង​គាំទ្រ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​តួកគី។

ទាំងនេះ​កំពុងតែ​ធ្វើ​ឲ្យ​ទំនាក់ទំនង រវាង​អាមេរិក និង​តួកគី ត្រូវ​ធ្លាក់​ក្នុង​សភាព​ដ៏សែន​តានតឹង នៅ​ក្នុង​ពេល​ដែល​អាមេរិក​កំពុងតែ​ត្រូវការ​តួកគី​ខ្លាំង នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។ បច្ចុប្បន្ន​នេះ អាមេរិក​ប្រើ​មូលដ្ឋាន​ទ័ព​អាកាស​របស់​តួកគី នៅ​ក្នុង​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាមនៅ​ស៊ីរី ដែល​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​តួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ