អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចប្រជុំ G20​ថ្នាក់​រដ្ឋមន្រ្តី បើកទ្វារ​ជាមួយ​នឹង​ប្រាក់​បំណុល​វ័ណ្ឌក​របស់​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្រ្តី​សេដ្ឋកិច្ច​របស់​ ក្រុមប្រទេសG 20 ដែល​មាន​សេដ្ឋកិច្ច​លូតលាស់ និង​ប្រធាន​ធនាគារ​កណ្តាល​របស់​ប្រទេស នៅអឺរ៉ុប​នឹង​ជួប​ប្រជុំគ្នា នៅល្ងាច​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ ទី ១៤ និង​១៥ ខែតុលា នៅក្នុង​ទីក្រុង​ប៉ារីស។ ប្រធានបទ​សំខាន់​ដែល​គេ​នឹង​លើក​យក​ទៅ​ពិភាក្សា គឺ​វិបត្តិ​ប្រាក់​បំណុល នៅ​តំបន់​ចាយប្រាក់អឺរ៉ូ។ វិបត្តិបំណុល​ដែលគេ​បារម្ភថា ​នឹង​អាច​គំរាមកំហែង​ដល់​ប្រព័ន្ធ​ធនាគារ​ពិភពលោក​ទាំងមូល។

ផ្សាយពាណិជ្ជកម្ម

វិបត្តិប្រាក់​បំណុល​អឺរ៉ុប​កាន់តែ​ធ្លាក់​ធ្ងន់ធ្ងរ ទៅមុខ មិន​ថយក្រោយ។ ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ឥណទាន​Standard And Poor ទើបតែ​ទម្លាក់​ចំណាត់ថ្នាក់​ប្រទេស​អេស្ប៉ាញ នៅព្រឹកថ្ងៃ​សុក្រ​នេះ។ គេ​ទម្លាក់​ចំណាត់ថា្នក់ ដោយ​គេ​មើលឃើញថា ប្រទេស​អេស្ប៉ាញ​មាន​កំណើន​សេដ្ឋកិច្ច​តិចតួច ប៉ុន្តែ វិស័យឯកជន​របស់​ប្រទេស​នេះ មាន​​ប្រាក់​បំណុល កាន់តែច្រើន ហើយ គេ​មើលមិនឃើញ​ពី​លទ្ធភាព​បស់​អេស្ប៉ាញ​ដើម្បី​សង​ប្រាក់​បំណុលនោះទេ។ អ៊ីតាលី​វិញដែល​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទីបី នៅតំបន់​ចាយលុយអឺរ៉ូ បន្ទាប់ពី​អាល្លឺម៉ង់ និង​បារាំង ក៏​ត្រូវទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ឥណទាន ទម្លាក់​ចំណាត់ ដោយ​មូលហេតុ​ស្រដៀង​គ្នា។

វិបត្តិ​ប្រាក់បំណុល​ពេលនេះ កំពុង​ចាប់ផ្តើម​រីករាលដាល​ពី​ប្រទេស​ក្រិក ចូល​ទៅដល់​ប្រទេស​អ៊ីតាលី និង​អេស្ប៉ាញ។ វិបត្តិ​ប្រាក់បំណុល​ធ្វើ​អ្នកវិនិយោគ​បាត់ទំនុកចិត្ត និង​បាន​ធ្វើ​ឲ្យ​តម្លៃ​ទីផ្សារ​មូលប័ត្រ​ធ្លាក់ចុះ។ បំណុលច្រើន​ហួសពី​សមត្ថភាព​សង​នឹង​ធ្វើ​ឲ្យ​ធនាគារ​នៅក្នុង​ពិភពលោក  ដែល​ជា​ម្ចាស់​បំណុល​របស់​ប្រទេស​នៅអឺរ៉ុប​ធ្លាក់​ទៅក្នុង​គ្រោះថ្នាក់។

ប៉ុន្តែ នៅក្នុង​កិច្ច​ប្រជុំ ចាប់ផ្តើម នៅល្ងាច​ថ្ងៃសុក្រ រដ្ឋមន្រ្តី​សេដ្ឋកិច្ច​របស់​ប្រទេស​នៅអឺរ៉ុប​នឹងខំនិយាយ បញ្ចុះបញ្ចូល ធានា ឲ្យ​ប្រទេស​ដៃគូ ដែល​ជា​សមាជិក​របស់​ក្រុមប្រទេស​G20​មាន​ទំនុកចិត្ត​ឡើងវិញ។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ ការប្រជុំ​G 20​បាន​ត្រឹម​ និយាយ​ពី​វិធានការ​ដែល​គេ​នឹង​យក​ទៅ​និយាយ​នៅក្នុង​កិច្ច​ប្រជុំរបស់​ថ្នាក់ដឹកនាំ​ក្រុមប្រទេស G20 ដែល​នឹង​ធ្វើ​ឡើង នៅដើម​ខែ​វិច្ចិកា។

សេចក្តីសម្រេច​សំខាន់ៗ នឹង​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង នៅក្រោយ​កិច្ច​ប្រជុំ​មេដឹកនាំ​ក្រុម​ប្រទេស​G20 ប៉ុន្តែ គេ​មិនអាច​សង្ឃឹមថា កិច្ចប្រជុំ​ត្រឹម​ថា្នក់​រដ្ឋមន្រ្តី​សេដ្ឋកិច្ច នៅថ្ងៃនេះ​នឹង​ផ្តល់ លទ្ធផល​អ្វី ដែល​ធំដុំ​កំភួននោះទេ។
 
បច្ចុប្បន្ន​នេះ អឺរ៉ុប​សង្ឃឹម​ថា នឹង​រៀបចំ​ស្ថានភាព​សេដ្ឋកិច្ច​របស់ខ្លួន ឲ្យ​មាន​របៀបរៀបរយ ឡើងវិញ ឲ្យ​បាន​មុន​កិច្ចប្រជុំមេដឹកនាំកំពូល​របស់​ក្រុមប្រទេស​G 20 នៅ​ខែវិច្ចិកាខាងមុខ។ ពោលគឺ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ប្រទេស​ដៃគូរបស់ខ្លួន ដែល​មាន​តាំងពី​អាមេរិក ជប៉ុន និងក្រុមប្រទេស​BRICS មាន​ចិន​រុស្ស៊ី ឥណ្ឌា ប្រទេសប្រេស៊ីល ចូលរួម​ជាមួយ​ខ្លួន​វិញ ដើម្បី​ទប់កុំឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ទៅក្នុង​វិបត្តិ​ជាថ្មី។

វិបត្តិ​ប្រាក់បំណុល​អឺរ៉ុប​ត្រូវ​តែដោះស្រាយ​ជា​បន្ទាន់ ប៉ុន្តែ ជាមួយគ្នានេះ បើតាមជំហរបារាំង ពីពេលនេះ រហូតដល់​ថ្ងៃ​ប្រជុំ​នៅខែវិច្ចិកា ប្រទេស​នីមួយៗ​ត្រូវរៀបចំ​ដំណោះស្រាយ​របស់ខ្លួន រៀងៗខ្លួន ដើម្បី​កាត់បន្ថយ ដំណើរថយក្រោយ​សេដ្ឋកិច្ច​ពិភពលោក។ សម្រាប់​ប្រធានាធិបតីបារាំង ប្រទេស​ដែល​មាន​ឧុនភាពថវិកាច្រើន​ ត្រូវតែ​ពិនិត្យ​ឡើងវិញ លើ​ប្រាក់បំណុល និង​លើការចំណាយ​របស់ខ្លួន។ ចំណែក​ប្រទេស​ណា​ដែល មាន​លំនឹង​សេដ្ឋកិច្ច​រួចហើយ ត្រូវ​ធ្វើ​ផែនការ​ជម្រុញ​​សេដ្ឋកិច្ច​របស់ខ្លួន។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ គឺ​នៅមួយ​ថ្ងៃ​មុន​កិច្ច​ប្រជុំរដ្ឋមន្រ្តី​សេដ្ឋកិច្ច​របស់ក្រុមប្រទេស​G 20 ប្រធានាធិបតី​បារាំង​បាន​ថ្លែងថា បារាំង​ចង់​ឲ្យ​ប្រាក់យ័នចិន ត្រូវដាក់ចូល​ទៅក្នុង​ចំណោម​រូបិយវត្ថុ​អន្តរជាតិ​សំខាន់ៗ​ ដូចជា​ដុល្លារ និង​អឺរ៉ូដែរ។ ធ្វើដូច្នេះ តម្លៃលុយយ័ន​នឹង​ត្រូវ មាន​ចាប់​មាន​តម្លៃ។ រហូតមក ចិន​ត្រូវគេចោទ​ថា បាន​ចុះបន្ទាប​តម្លៃ​លុយយ័ន​របស់ខ្លួន​ដើម្បី​ជម្រុញ​ការនាំចេញ​របស់ខ្លួន។ សម្រាប់​អាមេរិក នយោបាយ​របស់ចិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ផលិតផល​នាំចេញ​របស់​អាមេរិក។ កាលពី​ម្សិលម្ង៉ៃ សភាអាមេរិកបាន​បោះឆ្នោត​ដំឡើងពន្ធ​ដល់​ទំនិញ​នាំចូល​ពី​ប្រទេស​ណា​ដែល​មាន​តម្លៃលុយទាប។ នយោបាយ​អាមេរិក​បាន​ធ្វើ​ឲ្យ​ចិន​ក្រេវក្រោធ​និង​ព្រមាន​ថា នឹង​អាច​មាន​សង្រ្គាម​ពាណិជ្ជកម្ម​ជាថ្មី បើអាមេរិក នៅបន្ត​ធ្វើដូច្នេះ។

ដូច្នេះ ក្រៅពី​វិបត្តិប្រាក់បំណុល​អឺរ៉ុប គេសង្ឃឹមដែរ​ថា ជម្លោះ​សេដ្ឋកិច្ច​អាមេរិក ចិន​ក៏​នឹង​ត្រូវគេ​ដោះស្រាយ​ឲ្យ​ចេញរួច នៅក្នុង​កិច្ច​ប្រជុំ​កំពូល​G20ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ