អានតួអត្ថបទ
លីប៊ី

ប្រវត្តិរូប​របស់​កាដាហ្វី

តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​តុលា​ម្សិលមិញ​មក ពិភពលោក​បាន​ឃើញ​រូបភាព​ប្រជាជន​លីប៊ី​ស្រែក​ខ្ញៀវខ្ញា​រនៅ​ទូទាំង​ប្រទេស ក្រោយ​ពី​កាដាហ្វី បាន​ស្លាប់។ នា​រយៈ​ពេល​ជាង​៤០​ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​លីប៊ី​មិន​ដែល​បាន​ស្គាល់​មេដឹកនាំ​ណា​ផ្សេង​ក្រៅ​ពីកាដាហ្វីទេ។ តើ​កាដាហ្វី​ជា​អ្នក​ណា?

អតីត​មេ​ដឹកនាំ​Mouammar Kadhafi នៅ​ទ្រីប៉ូលីថ្ងៃ​ទី​១​កញ្ញា​២០១១
អតីត​មេ​ដឹកនាំ​Mouammar Kadhafi នៅ​ទ្រីប៉ូលីថ្ងៃ​ទី​១​កញ្ញា​២០១១ REUTERS/Zohra Bensemra/Files
ផ្សាយពាណិជ្ជកម្ម

កាដាហ្វី បាន​ប្រើ​កណ្តាប់​ដៃរ​ដែក និង​អំណាច​ផ្តាច់​ការ ដើម្បី​កាន់កាប់​ប្រទេស​លីប៊ី​អស់​ជិត​៤២​ឆ្នាំ។ កើត​នៅ​ថ្ងៃ​ទី​៧​មិថុនា​ឆ្នាំ​១៩៤២ កាដាហ្វី ដែល​ជា​កូន​អ្នក​គង្វាល​ចៀម​ម្នាក់ ចូល​ធ្វើ​ទាហាន នៅ​ឆ្នាំ​១៩៦៥។ បួន​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​១​កញ្ញា​ឆ្នាំ​១៩៦៩ នៅ​ពេល​ដែល​ខ្លួន​ទើប​តែ​មាន​អាយុ​២៧​ឆ្នាំ ស្រាប់​តែ​កាដាហ្វី ធ្វើ​រដ្ឋ​ប្រហារ​រំលំ​ព្រះមហាក្សត ព្រះចៅ​Idriss រួច​ហើយ​ឡើង​គ្រប់​គ្រង​ប្រទេស​សម្បូរ​ទៅ​ដោយ​ប្រេងកាត​មួយ​នេះ តាំង​ពី​ពេល​នោះ​មក។

 
បន្តិច​ម្តងៗ កាដាហ្វី ប្រែភេទ​និង​អាកប្បកិរិយា ពាក់​តែ​ឯកសណ្ឋាន​យោធា​ឬ​សម្លៀក​បំពាក់​ប្រពៃណី ជាន់ឈ្លី​ពលរដ្ឋ​ឯង កាច​ដាក់​បស្ចិមលោក ទៅ​ណា​មក​ណា​អម​ដោយ​អង្គរក្ស​សុទ្ធ​តែ​ស្រី និង​ទទួល​ភ្ញៀវ​បរទេស​នៅ​ក្រោម​ជម្រក​ដ៏​ធំ​ដែល​ធ្វើ​ពី​ក្រណាត់​តង់។

បណ្តើរៗ កាដាហ្វី ក្លាយ​ជា​សត្រូវ​របស់​បស្ចិមលោក​ដែល​ចោទ​បុរស​ខ្លាំង​លីប៊ី​រូប​នេះ ថា​ជា​ភេរវជន។ គឺ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ ដែល​អាមេរិក​តាម​សម្លាប់​កាដាហ្វី ដោយ​ទម្លាក់​គ្រាប់បែក​លើ​បន្ទាយ​របស់​គាត់​ក្នុង​រដ្ឋធានីទ្រីប៉ូលី​នៅ​ឆ្នាំ​១៩៨៦។ កាដាហ្វី ឆ្លើយ​តប​វិញ ដោយ​បញ្ជា​ឲ្យ​ធ្វើ​ភេរវកម្ម​បំផ្ទុះ​យន្តហោះ​អាមេរិកាំង​មួយ​គ្រឿង នៅ​ពី​លើ​Ecosse​នៅ​ឆ្នាំ​១៩៨៨ និង​យន្តហោះ​បារាំង​មួយ​គ្រឿង​នៅ​ពី​លើ​ប្រទេស​នីស្សេ នៅ​ឆ្នាំ​១៩៨៩។ មាន​ស្លាប់​សរុប​ទាំង​អស់​៤៤០​នាក់។

ក្រោយ​សង្គ្រាម​អាមេរិកាំង​នៅ​អៀរ៉ាក់ និង​ក្រោយ​ពី​Saddam Hussein ត្រូវ​បាន​ចាប់​ខ្លួន​កាដាហ្វី ដែល​ប្រហែល​ជា​ភិតភ័យ សម្រេច​ចិត្ត​បែរ​មក​ត្រូវរ៉ូវ​ជាមួយ​អាមេរិក​និង​អឺរ៉ុប​វិញ ផ្តល់​ព័ត៌មាន​សម្ងាត់​ស្តី​ពី​បណ្តាញ​ភេរវកម្ម​អាល់កៃដា​ទៅ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន។ ចាប់​ពី​ពេល​នោះ​មក អ្នក​ដឹកនាំ​នៅ​បស្ចិម​លោក ត្រូវ​បង្ខំ​ចិត្ត​ទទួល​ស្គាល់​កាដាហ្វី វិញ​ ដ្បិត​សម្លឹង​ឃើញ​ជា​ពិសេស​ប្រេងកាត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​ប្រទេសលីប៊ី។

ក៏​ប៉ុន្តែ នៅ​ថ្ងៃ​ទី​១៥​កុម្ភៈ​ឆ្នាំ​២០១១ ពលរដ្ឋ​លីប៊ី​ដែល​យក​តម្រាប់​តាម​ពលរដ្ឋ​ទុយនីស៊ី​និង​អេហ្ស៊ីប ផ្តើម​ធ្វើ​បដិវត្តន៍​ក្នុង​គោលដៅ​រំលំ​របប​កាដាហ្វី។ នៅ​ពាក់​កណ្តាល​ខែ​មីនា​កន្លង​ទៅ​នេះ កាដាហ្វី​សម្រេច​បញ្ជូន​ទាហាន​រថក្រោះ និង​យន្តហោះ​ចម្បាំង​ទៅ​កំទេច​ប្រជាជន​ស៊ីវិល​នៅ​Benghazi ដែល​ជា​ប្រភព​នៃ​បដិវត្តន៍។ អន្តរាគមន៍​ទាន់​ពេល​វេលា​នៃ​កងទ័ព​ជើង​អាកាស​របស់​ណាតូ ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​មុន​គេ​ដោយ​ប្រទេស​បារាំង​និង​ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​អ.ស.ប បញ្ជៀស​ការ​កាប់​សម្លាប់​រង្គាល។ ពី​ពេល​នោះ​មក​ទ័ពឧទ្ទាម​លីប៊ី ការពារ​ដោយ​យន្តហោះ​ចម្បាំង​របស់​ណាតូ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​កាដាហ្វី ដណ្តើម​បាន​ទីក្រុង​ទ្រីប៉ូលី​នៅ​ថ្ងៃ​ទី​២២​សីហា និង​នៅ​ទី​បំផុត​ចាប់​ខ្លួន​រួច​ហើយ​សម្លាប់ កាដាហ្វី​ចោល នៅ​ម្សិលមិញ​ថ្ងៃ​ទី​២០​តុលា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ