អានតួអត្ថបទ
ក្រិក

ក្រិក​លក់​ទ្រព្យសម្បត្តិ​រដ្ឋ​ដើម្បី​ផ្គាប់ចិត្ត​ប្រទេស​អឺរ៉ុប ម្ចាស់​បំណុល

រដ្ឋាភិបាល​ថ្មី​របស់​ក្រិក​ដែល​នាយករដ្ឋមន្រ្តី​George Papandréou​រៀបចំ​កាលពីថ្ងៃ​សុក្រ ត្រូវ​ប្រឈមនឹង​ការបោះឆ្នោត​ទំនុកចិត្ត នៅល្ងាច​ថ្ងៃ​អង្គារ ទី ២១ មិថុនា។ នៅក្នុង​ស្ថានភាព​ដែល​ខ្លួន​បាត់បង់​សឹង​ទាំងស្រុង​នូវ​ប្រជាប្រិយភាព និង​ទំនុកចិត្ត​ពី​ប្រជាជន រដ្ឋាភិបាល​ក្រិក​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ត្បិតត្បៀត​ថវិកា ដើម្បី​អាច​បំពេញចិត្ត​សហភាពអឺរ៉ុប។ អឺរ៉ុប​ដែល​នឹង​អាច​ឲ្យ​ក្រិក​ខ្ចី​លុយ​បន្ថែម ប្រសិន​បើ​ក្រិក​ព្រម​ចាត់វិធានការ​តឹងរ៉ឹង​លើ​ចំណាយ​ថវិកា​រដ្ឋ។

ប្រជាជន​ក្រិក​តវ៉ា​នៅ​ទីក្រុង​អាថែន​ដើម្បី​ប្រឆាំង​នឹង​វិធានការ​ត្បិតត្បៀត​ថវិកា​របស់​រដ្ឋាភិបាល
ប្រជាជន​ក្រិក​តវ៉ា​នៅ​ទីក្រុង​អាថែន​ដើម្បី​ប្រឆាំង​នឹង​វិធានការ​ត្បិតត្បៀត​ថវិកា​របស់​រដ្ឋាភិបាល REUTERS/Pascal Rossignol (
ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​ខ្ចីលុយ​បន្ទាន់ ១២​ពាន់​លាន​អឺរ៉ូ​ពី​សហភាពអឺរ៉ុប ក្រិក​ត្រូវ​ឆ្លងកាត់​វិញ្ញាសា​ដ៏​តឹងតែង​មួយ។ នោះមានន័យថា ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​ទទួល​ការបោះឆ្នោតទុកចិត្ត​ នៅ​សភា រដ្ឋាភិបាល​ក្រិក​នឹង​មាន​សង្ឃឹម​ទទួល​បាន​ការគាំទ្រ​ពីសភា ដើម្បី​អាច​ប្រកាស នៅដើម​សប្តាហ៍​ក្រោយ ពី​ផែនការ​នយោបាយ​ត្បិតត្បៀត​ថវិកា គឺ​កាត់បន្ថយ​ចំណាយ​ឲ្យ​បាន​២៨​ ពាន់ លាន​​អឺរ៉ូ។

ក្រិក​ត្រូវ​ចាត់​វិធានការ​ត្បិតត្បៀត​ថវិកា និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​ដើម្បី​អាច​បាន​ទទួលកម្ចី​​បន្ថែម​ពី​សហភាព​អឺរ៉ុប និង ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF។ នៅចុង​សប្តាហ៍មុន រដ្ឋមន្រ្តី​សេដ្ឋកិច្ច​របស់អឺរ៉ុប​ មិនទាន់​សម្រេច​ចិត្ត​ឲ្យ​ក្រិក​ខ្ចីលុយ​បន្ថែម និង​លើកពេល​ការពិភាក្សា រហូត​ដល់​ពេលណា​រដ្ឋាភិបាល​ក្រិក​ព្រមកាត់បន្ថយ​ចំណាយបន្ថែមទៀត និង​បង្កើត​កម្មវិធី​​ឯកជន​ភាវូបនីយកម្ម។

ទីក្រុង​អាថែន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ដាក់លក់​អចលនទ្រព្យ​រដ្ឋ ដូចជា​ព្រលានយន្តហោះ ផ្លូវលើអាកាស សហគ្រាសរដ្ឋ អាជ្ញាប័ណ្ណល្បែង និង​រួម​ទាំង​ធនាគារ​ផង ធ្វើយ៉ាង​ម៉េច​ដើម្បី​បង្ហាញ​ដល់​ប្រទេស​ផ្តល់​ប្រាក់កម្ចី​​ថា ក្រិក​ខំប្រឹង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ។

គម្រោង​ត្បិតត្បៀត​ថវិកា​ចុងក្រោយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ក្រិក​មិន​សប្បាយចិត្ត និង​ធ្វើ​បាតុកម្ម​តាមផ្លូវ នៅប៉ុន្មាន​សប្តាហ៍​នេះ គឺ​ការកាត់បន្ថយ​កម្លាំង​ពលកម្ម នៅសហគ្រាស​អគ្គិសនី​រដ្ឋ។

រដ្ឋមន្រ្តី​សេដ្ឋកិច្ច​នៅអឺរ៉ុប​វាយតម្លៃថា ប្រសិន​បើ​ប្រទេស​ក្រិក​មិន​ចាត់វិធានការ​ត្បិតត្បៀត​ថវិកា​ទេ សេដ្ឋកិច្ច​ប្រទេស​នេះ នឹង​ក្ស័យធន។ ប៉ុន្តែ ក្នុង​ដំណាក់កាល​បច្ចុប្បន្ននេះ ប្រជាជន​ក្រិក​ជាច្រើន​ចង់​ឲ្យ​រដ្ឋក្ស័យធន ជាជាង វិធានការ​ត្បិតត្បៀត​ដែល​ដាក់​ទណ្ឌកម្ម​បន្ថែមទៀត ទៅលើ​ប្រជាជន​ក្រិក​ដែល​មាន​ជីវភាព​ដុនដាប​រួចទៅ​ហើយ។

រដ្ឋក្រិក​បាន​ខ្ចី​លុយ​១១០​ពាន់​លាន​អឺរ៉ូ ម្តងរួចហើយ ពី​សហភាព​អឺរ៉ុប និង​ពី​មូលនិធិរូបិយវត្ថុ​អន្តរជាតិ នៅឆ្នាំ​មុន ដើម្បី​យក​ទៅ​សង​បំណុលគេ។ ឆ្នាំនេះ ក្រិក​ត្រូវការ​ខ្ចីលុយ​បន្ថែម​ដើម្បី យកទៅ​សង​បំណុល​ដែល​ខ្លួន​នៅជំពាក់គេ​វ័ណ្ឌក។ គេ​ប្រមាណ​ថា ប្រជាជន​ក្រិក​ម្នាក់​ជាប់​បំណុល ជំពាក់គេ បីម៉ឺន​អឺរ៉ូ។ ម្ចាស់បំណុល​របស់​ក្រិក​គ្មាន​នរណា​ក្រៅពី​ធនាគារ​នៅអឺរ៉ុប និង​ជាពិសេស​ធនាគារ​កណ្តាល​អឺរ៉ុប​ទេ។

សហភាពអឺរ៉ុប​មិន​អាច​បោះបង់​ចោល​ក្រិក ដែល​ជាសមាជិក​មួយ ក្នុង​ចំណោម​ប្រទេស​ប្រើប្រាស់​លុយអឺរ៉ូ​ទាំង ១៧។ បោះបង់​ចោល​ក្រិក គឺ​រឹតតែធ្វើ​ឲ្យ​តំបន់​អឺរ៉ូ​ជួបវិបត្តិ។ រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ប្រទេស​នៅអឺរ៉ុប​បាន​គ្រោងរួចហើយថា ប្រសិន​បើ​ក្រិក​អនុវត្ត​នយោបាយ​ត្បិតត្បៀត ដូចការគ្រោងទុក គេ​នឹង​ប្រមូលប្រាក់​ក្នុង​ចំនួនដូចមុន គឺ​ប្រមាណ ជាង ១០០​ពាន់​លាន​អឺរ៉ូ​ឲ្យ​ក្រិកខ្ចី។

នៅពេលនេះ គេ​បារម្ភថា លុយដែល​រដ្ឋាភិបាល​ក្រិក​ខ្ចី នឹង​មិន​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​ទេ ប៉ុន្តែ សម្រាប់​តែ​ចម្រើន​ដល់​ម្ចាស់ធនាគារ និង​អ្នកលេង​ភាគហ៊ុន​តែប៉ុណ្ណោះ។ អ្នកវិភាគ​ខ្លះ​យល់​ថា ក្រិក​មិនត្រឹម​តែ​មិន​បាន​ទទួល​ជំនួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ខ្លួន​ពិតប្រាកដ ប៉ុន្តែ ក្រិក​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បូជាខ្លួន ស្រោចស្រង់​តំបន់​អឺរ៉ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ