អានតួអត្ថបទ
ក្រិក

វិបត្តិហិរញ្ញវត្ថុ​ក្រិក​គំរាមដល់​សហភាព​អឺរ៉ុប​ទាំងមូល​

ប្រជាជន​ក្រិក​រាប់ម៉ឺននាក់​បាន​នាំគ្នា​ចុះថ្នល់​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃពុធ ​ទី១៥​មិថុនា​ឆ្នាំ២០១១​ម្សិលមិញ​នៅទីក្រុង​អាថែន​ ​ ដើម្បី​សម្ដែង​ឲ្យ​ឃើញ​នូវ​កំហឹង​របស់​ពួកគេ​ប្រឆាំង​នឹង​វិធានការ​ ត្បិតត្បៀត​ដែលមាន​នៅ​ក្នុង​គម្រោង​ច្បាប់​នៃ​រដ្ឋាភិបាល​ក្រិក​ដឹកនាំ​ដោយ​ លោក​Georges Papandréou។

ប្រជាជន​ក្រិក​​រាប់ម៉ឺននាក់​​នាំគ្នា​​ធ្វើ​បាតុកម្ម​​សម្ដែង​​កំហឹង​​របស់​ពួកគេ​​នៅ​ចំពោះមុខ​​ វិធានការ​​ត្បិតត្បៀតរបស់​រដ្ឋាភិបាល​​​
ប្រជាជន​ក្រិក​​រាប់ម៉ឺននាក់​​នាំគ្នា​​ធ្វើ​បាតុកម្ម​​សម្ដែង​​កំហឹង​​របស់​ពួកគេ​​នៅ​ចំពោះមុខ​​ វិធានការ​​ត្បិតត្បៀតរបស់​រដ្ឋាភិបាល​​​ © REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃពុធ​ទី១៥​មិថុនា​ឆ្នាំ២០១១​ម្សិលមិញ​នៅទីក្រុង​អាថែន​ ​ ជាថ្មី​ម្តងទៀត​ប្រជាជន​ក្រិក​រាប់ម៉ឺននាក់​បាន​នាំគ្នា​ចុះថ្នល់​ធ្វើ​បាតុកម្ម​ដើម្បី​សម្ដែង​ឲ្យ​ឃើញនូវ​កំហឹង​របស់​ពួកគេ​នៅ​ចំពោះមុខ​ វិធានការ​ត្បិតត្បៀត​ដែលមាន​នៅ​ក្នុង​គម្រោង​ច្បាប់​នៃ​រដ្ឋាភិបាល​ក្រិក។​ “ផែនការ​ត្បិតត្បៀត​ទីពីរ”​ដែល​រដ្ឋាភិបាល​ក្រិក​បាន​ស្នើ​ទៅ​សភាក្រិក​នេះ​ ​ គឺ​ធ្វើឡើង​ដើម្បី​តម្រូវ​តាម​ការទាមទារ​របស់​អ្នកម្ចាស់​បំណុល​នៃ​ទីក្រុង​អាថែន​ដើម្បី​ជួយស្ដារ​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏សែន​ដុនដាប​នៃ​ប្រទេសក្រិក។

 
វិធានការ​ដែលមាន​នៅក្នុង​“ផែនការ​ត្បិតត្បៀត​ទីពីរ”​នោះ​មាន​ជាអាទិ៍​៖​

-​ គម្រោង​ធ្វើការ​កាត់បន្ថយ​បន្ថែមទៀត​នៃ​ការចំណាយ​សាធារណៈ។

-​ គម្រោង​ធ្វើការ​ដំឡើង​ពន្ធដារ​ដើម្បី​រក​ប្រាក់ចំណូល​ឲ្យ​ហិបប្រាក់​របស់រដ្ឋ។

-​ ហើយជាពិសេស​គឺ​គម្រោង​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ដែលមាន​សភាព​ដ៏​ធំធេង​ទៅលើ​សហគ្រាស​សំខាន់ៗ​របស់រដ្ឋ​ក្រិក។​ រដ្ឋាភិបាល​ក្រិក​មាន​គម្រោង​នឹង​លក់ចេញ​សហគ្រាស​សំខាន់ៗ​របស់រដ្ឋ​ដើម្បី​ប្រមូល​ឲ្យបាន​ប្រាក់​ប្រមាណ​៥០ពាន់លាន​អឺរ៉ូ​ចាប់ពី​ពេលនេះ​ទៅទល់​ឆ្នាំ២០១៥។

ពិតមែន​តែ​ប្រទេសក្រិក​ធ្លាប់បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ដ៏​សន្ធឹក​សន្ធាប់​ពី​សហគមន៍​អន្តរជាតិ​ដល់ទៅ​១១០ពាន់លាន​អឺរ៉ូ​ម្តង​រួច​ទៅហើយ​នៅ​ឆ្នាំ២០១០​កន្លង​ទៅ​ក្តី​ ​ ដោយហេតុ​តែ​ប្រទេស​ក្រិក​ជា​ប្រទេស​សមាជិក​នៃ​សហភាព​អឺរ៉ុប​ដែល​មាន​លក្ខណៈ​ជា​ “ប្រទេស​កញ្ជើធ្លុះ”​​ ​ដែល​ធ្លាប់​តែ​ធ្វើការ​ចាយវាយ​ហួសមាឌ​ពោលគឺ​ជារៀង​រាល់ឆ្នាំ​អស់​រយៈពេល​ប្រមាណ​១០ឆ្នាំ​មកហើយ​ ​ ប្រាក់ចំណាយ​របស់​ប្រទេស​ក្រិក​តែង​មាន​ចំនួន​ច្រើន​ជាង​ប្រាក់ចំណូល​ជានិច្ច​ ​ ឧនភាព​នៃ​ថវិកា​ដ៏​សែន​ធ្ងន់ធ្ងរ​បែបនេះ​បាន​បណ្តាល​ឲ្យ​ប្រទេស​ក្រិក​ជាប់​ជំពាក់​បំណុល​គេ​វ័ណ្ឌក​។​ ដូច្នេះ​ទោះបីជា​ទីក្រុង​អាថែន​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ដ៏​ច្រើន​មហិមា​នៅឆ្នាំ២០១០​ដល់ទៅ​១១០ពាន់លាន​អឺរ៉ូ​ក៏ដោយ​​ ​ ​ក៏​នៅតែ​ពុំ​គ្រប់គ្រាន់​សម្រាប់​ជួយ​ស្ដារ​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ក្រិក​ឡើយ។

ដោយហេតុ​តែ​ស្ថានភាព​សេដ្ឋកិច្ច​និង​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ប្រទសេ​ក្រិក​មាន​សភាព​ធ្ងន់ធ្ងរពេក​ ​ មួយឆ្នាំ​ក្រោយពី​បាន​សន្យា​ថា​នឹង​ធ្វើ​កំណែ​ទម្រង់​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ ស្ថានភាព​នៃ​ប្រទេសក្រិក​នៅតែ​មាន​លក្ខណៈ​ដ៏សែន​យ៉ាប់យ៉ឺន​ដដែល។​ លទ្ធផល​ជាក់ស្ដែង​ ​ប្រជាជន​ក្រិក​បាន​កត់​សម្គាល់​ឃើញ​ ​ អត្រា​នៃ​ចំនួន​អ្នកឥត​ការងារ​ធ្វើ​បាន​កើនឡើង​ពី​៩%​នៅឆ្នាំ២០១០​មក​ដល់​អត្រា​១៦%​នៅពេល​បច្ចុប្បន្ននេះ។​ នៅពេល​ទន្ទឹមគ្នា​នេះ​ ​ ផលិតផល​ដុលក្នុង​ប្រទេស​ក្រិក​បាន​ធ្លាក់​ស្រុតចុះអស់​៣%​នៅឆ្នាំ២០០៩​ ​ ហើយនិង​ធ្លាក់​ស្រុតចុះអស់​ប្រមាណ​៤,៥%​បន្ថែម​ទៀត​នៅ​ឆ្នាំ២០១០។

ដូច្នេះ​ អ្នកទទួល​រងគ្រោះ​ធ្ងន់ជាងគេ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក​នេះ​គឺ​ប្រជាជន​ក្រិក​ក្រីក្រ​ដែល​ជា​អ្នក​ធ្វើការ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​អប្បបរិមា​ត្រឹមតែ​៥៩២​អឺរ៉ូ​ក្នុងមួយខែ​ដែល​ជា​កម្រិត​មួយ​ទាប​ជាងគេ​បំផុត​នៅក្នុង​សហភាព​អឺរ៉ុប​ ​ ធ្វើ​ម្តេច​នឹង​រស់នៅកើត?​ ​ មូលហេតុ​ទាំងនេះហើយ​ដែលបាន​រុញច្រាន​ឲ្យ​បាតុករ​​ក្រិក​រាប់ម៉ឺននាក់​កើតមាន​ក្តីក្តៅ​ក្រហាយ​ ​ ហើយបាន​នាំគ្នា​ចុះថ្នល់​ធ្វើបាតុកម្ម​ស្រែក​បរិហារថា​ ​ “​ស្ថានប័ន​ហិរញ្ញវត្ថុ​ជាអ្នក​បង្ក​បង្កើត​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ ​ ហេតុ​ដូចម្តេច​បានជា​ពួកគេ​ដែលជា​កម្មករ​ក្រិក​ស្លូតត្រង់​បែរជា​ត្រូវ​ទទួល​រងគ្រោះ​ដូច្នេះ​ទៅវិញ?​ ​ ពួកគេ​ពុំព្រម​ចង​ខ្សែក្រវ៉ាត់​រិតពោះ​ទៀតឡើយ”​។

វិបត្តិសេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក​ដ៏​សែន​ធ្ងន់ធ្ងរ​នេះ​ ​ បាន​បណ្តាល​ឲ្យ​ទីផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​អឺរ៉ុប​ធ្លាក់​ស្រុតចុះ​យ៉ាងខ្លាំង​នៅ​ថ្ងៃព្រហស្បតិ៍​ទី១៦​មិថុនានេះ។​ ចំណែកឯ​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ស្រុតចុះ​បាត់បង់​អស់​១,២៣%។

អ្វី​ដែលបាន​ធ្វើឲ្យ​មជ្ឈដ្ឋាន​ហិរញ្ញវត្ថុ​កើតមាន​ក្តីបារម្ភ​បន្ថែមទៀត​គឺ​ដោយហេតុតែ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​ប្រទេស​សមាជិក​នៃ​តំបន់​អឺរ៉ូ​ក្នុង​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ឲ្យ​ប្រទេស​ក្រិក។​ ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ ​ ក៏​ប្រទេស​សមាជិក​នៃ​តំបន់​អឺរ៉ូ​ត្រូវតែ​សម្រេច​ឲ្យបាន​នូវ​ការ​ព្រមព្រៀង​មួយ​សម្រាប់​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​៥០ពាន់លាន​អឺរ៉ូ​ឲ្យ​ប្រទេស​ក្រិក​ដើម្បី​រំដោះ​ខ្លួន​ឲ្យ​រួចផុត​ពី​សភាព​ធនក្ស័យ​នៅ​ថ្ងៃចន្ទ​ខាងមុខនេះ​ក្រោយពី​មាន​ជំនួប​នៅ​ទីក្រុង​Luxembourg។

ចំណែកឯ​នាយករដ្ឋមន្ត្រី​ក្រិក​លោក​Georges Papandréou​វិញ​ ​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​កំពុង​រៀបចំ​បង្ហាញ​សមាសភាព​រដ្ឋាភិបាល​ថ្មី​នៃប្រទេស​ក្រិក​ដើម្បី​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​សែន​ធ្ងន់ធ្ងរ​ដែល​កំពុង​តែ​យាយី​ប្រទេស​ក្រិក​ ​ និង​ដើម្បី​ជួយ​បញ្ចៀស​ប្រទេស​ក្រិក​ឲ្យ​គេចផុត​ពី​សភាព​ធនក្ស័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ