អានតួអត្ថបទ
ចិន

ជំងឺ​​ផ្តាសាយបក្សី​​ H៧N៩​​រាលដាល​​ដល់​​ខេត្ត​​ចិន​​ថ្មី​មួយ​​​​ទៀត​​

នៅ​ប្រទេស​ចិន​ ជំងឺ​​​​ផ្តាសាយ​បក្សី​ ដែល​បង្កដោយ​​វីរុស​H៧N៩ ​បាន​រាលដាល​ទៅ​ដល់​ខេត្ត​មួយ​​ទៀត​ហើយ គឺ​ខេត្ត​​Henan ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស។​ នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ខេត្ត Henan ​​ ចិន​បាន​រកឃើញ​អ្នកជំងឺ​ពីរ​នាក់​បន្ថែម​ទៀត​។ គិត​ចាប់​តាំង​ពី​ពេល​ដែល​​អាជ្ញាធរ​ចិន​បាន​ប្រកាស​​អំពី​​ជំងឺ​ផ្តាសាយបក្សី​នេះ​​​ កាល​ពី​​ពីរ​សប្តាហ៍​មុន​​​មក​​ ចំនួន​អ្នកឆ្លង​ផ្តាសាយ​បក្សី​សរុប​មាន​៥១​នាក់ ក្នុង​នោះ​១១​​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​។

អង្គការ​សុខភាព​ពិភព​លោក​ OMS បាន​​​​រំលឹក​ឡើងវិញ​ថា ជំងឺ​នេះ​មិន​ចំលង​​​​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ។
អង្គការ​សុខភាព​ពិភព​លោក​ OMS បាន​​​​រំលឹក​ឡើងវិញ​ថា ជំងឺ​នេះ​មិន​ចំលង​​​​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ។ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អាទិត្យ​នេះ ចិន​បាន​រកឃើញ​អ្នកឆ្លងជំងឺ​​ផ្តាសាយ​បក្សី​ចំនួន​ពីរ​នាក់​បន្ថែម​ទៀត​ នៅ​ក្នុង​ខេត្ត​ថ្មី​មួយ​ទៀត​ គឺ​ខេត្ត​ Henan ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស។ អ្នកជំងឺ​ម្នាក់​​​ជា​​ចុងភៅ​ចំអិន​អាហារ​ អាយុ​៣៤​ឆ្នាំ​។ គាត់​មាន​ស្ថានភាព​ជំងឺ​​​ធ្ងន់ធ្ងរ។ ហើយ​ម្នាក់​ទៀត​​ជា​អ្នក​បំរើការ​ក្នុង​កសិដ្ឋាន ​អាយុ​៦៥​ឆ្នាំ ​ស្ថានភាព​ជំងឺ​​មាន​លក្ខណៈ​នឹង​នរ​។

​គិត​សរុប​មក​ដល់​ពេល​​​​នេះ ជំងឺ​ផ្តាសាយ​បក្សី​​​​បង្ក​ដោយ​វីរុស​ H៧N៩ ​បាន​កើត​​ឡើង​ក្នុង​ខេត្តចិន​​ចំនួន​៤ គឺ​ខេត្ត​ Zhejiang Jiangsu និង​ Anhui ដែលជា​ខេត្ត​បី​ ​ស្ថិត​នៅ​​​ភាគ​ខាង​កើត​ប្រទេស។​ ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ឆ្លង​​ដល់​ខេត្ត​​​​​ Henan នៅ​ភាគ​កណ្តាល​ប្រទេស។ ​ ​រហូត​មក​ដល់​ពេល​នេះ ជំងឺ​នេះ​បានសំលាប់​មនុស្ស​ ​១១​នាក់​​​​ហើយ។

កាល​ពី​​ថ្ងៃ​សៅរ៍​​ម្សិលមិញ អាជ្ញាធរ​ចិន​​បាន​​​ប្រាប់​ថា កុមារី​​អាយុ​​​៧​​ឆ្នាំ​ម្នាក់​ ដែល​មាន​ឪពុក​​ម្តាយ​លក់ដូរ​​សត្វស្លាប​នោះ បាន​ឆ្លង​​ជំងឺ​នេះ​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ស្ថានភាព​ជំងឺ​របស់​កុមារី ​មាន​ភាព​នឹង​នរ​​ទេ។

អ្នក​វិទ្យាសាស្ត្រ​​​មាន​ការ​ព្រួយបារម្ភ​ខ្លាច​​ក្រែង​​​មេរោគ​​នេះ​​​ធ្វើការ​វិវត្តន៍​ផ្លាស់ប្តូរ​ បណ្តាល​អោយ​មាន​ការ​ឆ្លង​​ពី​មនុស្ស​ទៅ​មនុស្ស។ នៅ​សប្តាហ៍​នេះ​​ អង្គការ​សុខភាព​ពិភព​លោក​ OMS បាន​​​​រំលឹក​ឡើងវិញ​ថា ជំងឺ​នេះ​មិន​ចំលង​​​​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ។ មនុស្ស​​ទាំង​១៩​នាក់​​ ដែល​​បាន​ប៉ះពាល់​​​​អ្នកជំងឺ​​ពីររូប​នៅ​ខេត្ត Henan នេះ​​​​ ក៏​មិន​មាន​​បង្ហាញ​នូវ​អាការៈ​​ជំងឺ​អ្វី​នោះដែរ។

ដើម្បី​​ចៀសវៀង​​មិន​អោយ​មាន​ការ​ឆ្លង​​រាលដាល​រវាង​សត្វស្លាប ក្រុងប៉េកាំង​និង​ក្រុង​សៀងហៃ​ បាន​ចាត់​វិធាន​ការ​​យ៉ាង​ហ្មត់ចត់ ដោយ​បាន​បិទ​​ផ្សារ​នានា​ដែល​លក់​សត្វស្លាប​ និង​ហាមឃាត់​​មិន​អោយ​​​មាន​ការ​​ប្រកួត​​ប្រណាំង​បង្ហោះសត្វ​​ព្រាប​ ដែល​ជា​​ល្បែងមាន​​​​​​ប្រជាប្រិយភាព​​នៅ​ចិន។ លើស​ពី​នេះ ​ក្រុងប៉េកាំង​បាន​កំចាត់​សត្វស្លាប​ជាង​៥០០​ក្បាល។ រីឯ​​ក្រុង​សៀងហៃវិញ ​បាន​កំចាត់​​រាប់​ម៉ឺនក្បាល​​ផងដែរ។ ​ទង្វើ​នេះ​បង្ក​អោយប៉ះពាល់​ធ្ងន់​ដល់​​ផ្នែក​ចិញ្ចឹម​សត្វស្លាប​ក្នុង​ស្រុក​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ