អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

សុវត្ថិភាព​សុខភាព​និង​ការងារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី​២៨​មេសា បាន​ក្លាយ​ជា​ « ទិវាសុវត្ថិភាព​និង​សុខភាព ពិភពលោក​​ នៅ​កន្លែង​ធ្វើការ » តាំង​ពី​ឆ្នាំ​១៩៩៦​មក។ ប៉ុន្តែ​ទើប​តែ​នៅ​ឆ្នាំ​២០០៣​ប៉ុណ្ណោះ ដែល​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ផ្តួច​ផ្តើម​ប្រារព្ធ​ទិវា​នេះ​ ជា​ទូទៅ​នៅ​ពេញ​​ពិភពលោក ដើម្បី​​ជំរុញ​ឲ្យ​មាន​ការ​គិត​គូរ​ដល់​សុវត្ថិភាព​​ ក្នុង​ពេលបំពេញ​​ការងារ ដោយ​ឈរ​លើ​ទស្សនៈ​ការពារ​​ប្រសើរ​ជាង​ព្យាបាល។ ការពារ​ប្រឆាំង​នឹង​គ្រោះ​ថ្នាក់​ក្នុង​ពេល​ធ្វើ​ការ ការពារ​កុំ​ឲ្យ​មាន​ជំងឺ​ព្រោះ​ការងារ។

កម្មការិនី​កាត់ដេរ​កម្ពុជា
កម្មការិនី​កាត់ដេរ​កម្ពុជា ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឱកាស​​ទិវាសុវត្ថិភាព​ការងារ​ពិភពលោក ឆ្នាំ2011​នេះ អង្គការ​សុខភាព​ពិភពលោក និង​ការិយាល័យ​ពលកម្ម​អន្តរជាតិ​ បាន​បោះផ្សាយ​របាយការណ៍​ជា​​តួលេខ​នៃ​គ្រោះ​ថ្នាក់​ក្នុង​ការងារ។ បើ​យោង​តាម​របាយការណ៍​នេះ មាន​បុគ្គលិក​ កម្មករ អ្នក​ធ្វើ​ការ​ចំនួន​ ២​លាន​២​សែន​នាក់​ស្លាប់ ជា​រៀង​រាល់ឆ្នាំ ពោល​គឺ​៥ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ នៅ​លើ​ពិភពលោក ដោយ​ហេតុ​តែ​គ្រោះ​ថ្នាក់ ឬ​ជំងឺ​ក្នុង​ក្រប​ខ័ណ្ឌ​ការងារ។

 
អត្រា​អ្នក​ស្លាប់​ និង​អ្នក​ឈឺ​ព្រោះ​ការងារ​ កើន​ឡើង​ជា​លំដាប់ ព្រោះ​តែ​ភាព​ជឿន​លឿន និង​លូតលាស់​ខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម។ ចំណែក​ឯ​គ្រោះ​ថ្នាក់​មិន​ស្លាប់​នៅ​កន្លែង​ធ្វើ​ការ​វិញ មាន​ប្រមាណ​ជា​ជិត ២៦៨​លា​ន​ករណី ក្នុង​មួយ​ឆ្នាំៗ។ ហេតុ​ដូច្នេះ​ហើយ​បានជា​អង្គការ​សុខភាព​ពិភពលោក និង​ការិយាល័យ​ពលកម្ម​អន្តរជាតិ អំពាវ​នាវ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ និង​បណ្តុះ​បណ្តាល​វប្បធម៌​ការពារ​សុវត្ថិភាព​សុខភាព។

​នៅ​ក្នុង​ប្រទេស​ជឿន​លឿន​ និន្នាការ​នៃ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក្នុង​ការងារ​បាន​ថយ​ចុះ​ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​វិញ​ នៅ​ទ្វីប​អាស៊ី និង​អាមេរិក​ឡាទីន​វិញ អត្រា​គ្រោះ​ថ្នាក់​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន​ថយ​ចុះ​ ក្នុង​ប្រទេស​ឧស្សាហកម្ម​រីក​ចម្រើន​ខ្លាំង ក៏​ពិត​មែន ប៉ុន្តែ​រោគា​ដែល​បង្ក​ឡើង​ដោយ​ការ​ងារ​ កើន​ឡើង​នៅ​គ្រប់​ទិសទី​ទាំង​អស់។ ជំងឺ​ដែល​គេ​ជួប​ប្រទះ​ញឹក​ញាប់ជាង​គេ មាន​ដូច​ជា ជំងឺ​ផ្លូវ​ចិត្ត ជំងឺ​មហារីក (បង្ក​ឡើង​ដោយ​ការ​ប្រឈម​មុខ​សារធាតុគីមី​ពុល) រលាក​សាច់​ដុំ​ឬ​ឆ្អឹង ជំងឺ​ផ្លូវដង្ហើម រលាក​សួត ខូច​ត្រចៀក (ថ្លង់) ស្ទះ​សរសៃ​ឈាម​ (ជំងឺ​សរសៃ​ឈាម) ជំងឺ​ឆ្លង ។ល។ និង​។ល។ និងនៅ​មាន​ច្រើន​ទៀត។

បើ​តាម​របាយ​ការណ៍​នេះ​ដដែល វិស័យ​​កសិកម្ម ដែល​​ស្រូប​យក​​កម្លាំង​ពលកម្ម​បាន​​ពាក់​កណ្តាល​ និង​ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍ភាគ​ច្រើននោះ បាន​សម្លាប់​ជីវិត​មនុស្ស​ ប្រមាណ​៧ម៉ឺន​​នាក់​ក្នុង​មួយ​ឆ្នាំ ដោយ​មូលហេតុ​ ពុល​ថ្នាំ​សម្លាប់​សត្វ​ល្អិត។ នេះ​គេ​មិន​បាន​រាប់​បញ្ចូល​​ចំនួន​អ្នក​ស្លាប់​ដោយ​មូលហេតុ​ផ្សេង​ទៀត និង​មិន​បានគិត​ពី​ចំនួន​អ្នក​រង​គ្រោះ​កើត​ជំងឺ​រ៉ាំរ៉ៃ​ដ៏​សន្ធឹក​សន្ធាប់​ទៀត​ផងទេ។

ប្រសិន​បើ​យើង​ស្តាប់​របាយការណ៍​របស់​អង្គការសុខភាព​ពិភពលោក​នេះ​ហើយ យើង​ពិត​ជាចោទ​សួរ​ ​ថា ចុះ​តើ​ស្ថានភាព​សុខភាព និង​សុវត្ថិភាព​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​យ៉ាង​ណា​ដែរ ? ដោយ​សារ​ប្រធានបទ​នេះ មាន​លក្ខណៈ​ធំទូលំទូលាយ​ពេក នៅ​ថ្ងៃ​នេះ នាង​ខ្ញុំ​សូម​ផ្តោត​ទៅ​លើ​តែ​ករណី​កម្មករកម្មការិនី​កាត់​ដេរ​

សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាសន៍​របស់​នាងខ្ញុំ​ជាមួយ​លោក វេជ្ជបណ្ឌិត អ៊ាត មរកត អ្នក​ទទួល​ខុស​ត្រូវ​ការ​ផ្តល់​សេវា​សុខាភិបាល​អង្គការ​Gret ដែល​ជា​ការ​ចាក់​ផ្សាយ​ឡើង​វិញ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ