អានតួអត្ថបទ
កម្ពុជា​-ថៃ

កម្ពុជា៖ ថៃ មាន​ចេតនា​ប្រើប្រាស់​អាវុធ​វាយ​ប្រហារ​កម្ពុជា

ក្រោយការ​វាយឆ្មក់​សា​ជា​ថ្មី​ពី​ទាហាន​ថៃ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំងហុង​ធ្វើ​លិខិត​ប្តឹង​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ភ្លាម​នៅ​ថ្ងៃនេះ។ លោក​ ហោ ណាំហុង​ បាន​ស្នើ​អោយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ជូន​ដំណឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ អំពី​ការ​​វាយប្រហារ​របស់​ទាហាន​ថៃ​មកលើ​កម្ពុជា។ ប្រតិកម្ម​ពី​សហរដ្ឋ​អាមេរិក​ក៏​បាន​ធ្លាក់​មក​ភ្លាម​ដែរ​នៅ​ថ្ងៃ​នេះ។ អាមេរិក​អំពាវនាវ​អោយ​ភាគី​ទាំង២​អត់ធ្មត់​ជា​អតិបរិមា​ដើម្បី​ចៀសវាង​ ការផ្ទុះអាវុធ​ ត​ទៀត​នោះ។

លោកឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង ​
លោកឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង ​ ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

 

ប្រមុខ​ការទូត​ខ្មែរ​លោក​ ហោ ណាំហុង​ បាន​អត្ថាធិប្បាយ​ប្រាប់​ប្រធាន​អាស៊ាន គឺ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី លោក​Marty Natalegawaថា ការ​វាយប្រហារ​របស់​ទាហាន ថៃ​មកលើ​កម្ពុជា នៅ​ពេលនេះ មិន​ត្រឹមតែ​ជាការ​រំលោភ​លើ​រាល់​ឧបករណ៍​ផ្លូវ​ច្បាប់​ទាំងឡាយ​ដែល​កម្ពុជា​ធ្លាប់​លើក​យក​មក​បង្ហាញ​នោះ​ឡើយ តែ​វា​ក៏​ជា​ការ​រំលោភ​ទៅលើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​សេចក្តី​ប្រកាស​របស់​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​អំពាវនាវ​អោយ​មានការ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍​ផង​ដែរ។

នៅក្នុង​លិខិត​ដែល​កម្ពុជា​បាន​សរសេរ​ប្តឹង​ទៅ​ប្រធាន​អាស៊ាន និង​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ការបរទស​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ផង​នោះ លោក​ ហោ ណាំហុង​ បាន​បញ្ជាក់​ថា ការ​វាយប្រហារ​របស់​ទាហាន​ថៃ​នេះ បាន​កំពុង​កើត​ឡើង​នៅ​ចំ​ពេល​ដែល​អាស៊ាន​កំពុង​អន្តរាគម​ជួយ​រក​ដំណោះស្រាយ​សម្រាប់​ជម្លោះ​យោធា​នៃ​ប្រទេស​ទាំងពីរ ហើយ​ថា​ សកម្មភាព​វាយប្រហារ​ដោយ​ចេតនា​របស់​ទាហាន​ថៃ ក៏​បាន​បង្ហាញ​អោយ​ឃើញ​ថា ហេតុអ្វី​បាន​ជា​ថៃ​បដិសេធ​មិន​ទទួល​យក​បែប​បទ​ការងារ​របស់​ក្រុម​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​នោះ។ លោក​ហោ ណាំហុង​បានបន្ត​នៅក្នុង​លិខិត​កម្រាស់​២​ទំព័រ​ជា​ភាសា​អង់គ្លេស​ថា ការ​ដែល​ថៃ​ទទូច​ចង់​ដោះស្រាយ​ជម្លោះ​ជាមួយ​កម្ពុជា​ដោយ​ទ្វេ​ភាគី​នោះ គឺ​ជា​លេស​មួយ​របស់​ថៃ​ដើម្បី​ប្រើប្រាស់​កំលាំង​យោធា​ដែល​មាន​បំពាក់​ដោយ​អាវុធ​ទំនើប​នោះ មក​លើ​កម្ពុជា​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ថា កម្ពុជា​សូម​ប្រើ​សិទ្ធិស្វ័យ​ការពារ​ប្រឆាំង​ការ​វាយ​ប្រហារ​ដែល​គិតទុក​ជាមុន​នេះ។

ប្រមុខ​ការទូត​កម្ពុជា​បាន​ស្នើ​អោយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​ជូន​ដំណឹង​ស្តីពី​ការ​វាយ​ប្រហារ​សាជាថ្មី​របស់​ទាហាន​ថៃ​មក​លើ​កម្ពុជា ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដោយ​អនុលោម​ទៅតាម​សេចក្តី​សម្រេច​របស់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី១៤​កុម្ភៈ។

នៅថ្ងៃនេះ​ដែរ អ្នកនាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ ចំពោះ​ជម្លោះ​ប្រដាប់​អាវុធ​នៃ​កងទ័ព​កម្ពុជា-ថៃ​នៅ​ព្រំដែន​ដូចគ្នា។ អ្នកនាំ​ពាក្យ​ស្ថានទូត​អាមេរិក​ថ្លែង​ថា សហរដ្ឋ​អាមេរិក​បន្ត​ជំរុញ​អោយ​ភាគី​ទាំងពីរ​អនុវត្ត​ការ​អត់ធ្មត់​ជា​អតិបរិមា ហើយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​បន្ថយ​ភាពតានតឹង និង​ចៀសវាង​ការផ្ទុះ​អាវុធ​នៅ​ពេល​ខាង​មុខ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ