អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា​រង់ចាំ​មើល​រដ្ឋាភិបាល​ក្រុង​បាងកក ក្រោយ​សភា​ថៃ​ថា​កំណត់ហេតុ​ប្រជុំ​ព្រំដែន​មិនបាច់​ឆ្លង​សភា

សភា​ចម្រុះ​របស់​ថៃ​បាន​សម្រេច​ នៅថ្ងៃ​អង្គារ​នេះ​ថា កំណត់ហេតុ​ទាំង៣​នៃ​កិច្ចប្រជុំ​គណៈកម្មការ​វាស់វែង​ព្រំដែនកម្ពុជា-ថៃ​នោះ នឹងមិន​ត្រូវការ​ឆ្លងកាត់​ការអនុម័ត​របស់​សភា​នោះទេ។ សេចក្តី​សម្រេច​បែបនេះ ដូចគ្នា​ទៅនឹង​តុលាការ​ធម្មនុញ្ញ​ថៃ​ ដែល​បាន​ពន្យល់ថា ឯកសារ​កំណត់ហេតុ​ទាំង​៣​នេះ​មិនមានពាក់ព័ន្ធនឹងមាត្រា១៩០ នៃធម្មនុញ្ញថៃ ដែលចែងថា រាល់ឯកសារដែលទាក់ទង​បូរណភាព​ទឹកដី ត្រូវឆ្លងកាត់អនុម័តពីសភា។ ប្រសិនបើ​ឯកសារកំណត់ហេតុនេះមិនត្រូវឆ្លង​កាត់​សភានោះ តើ​រដ្ឋាភិបាល​ក្រុង​បាងកក​ប្រកាស​ទទួលស្គាល់កំណត់ហេតុទាំងនេះ ហើយបន្តការ​ពិភាក្សា​ទៅមុខទៀតឬយ៉ាងណា?

ទាហាន​កម្ពុជា និង​ទាហាន​ថៃ​ បាន​វាយប្រយុទ្ធគ្នា​ជាច្រើន​លើក ដោយ​សារ​តែ​ជម្លោះ​ព្រំដែន
ទាហាន​កម្ពុជា និង​ទាហាន​ថៃ​ បាន​វាយប្រយុទ្ធគ្នា​ជាច្រើន​លើក ដោយ​សារ​តែ​ជម្លោះ​ព្រំដែន ©សុវណ្ណារា
ផ្សាយពាណិជ្ជកម្ម
01:38

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ

កាសែត​ថៃ​ បាងកក​ប៉ុស្ត៍ ​បាន​​ផ្សាយ នៅថ្ងៃ​​អង្គារ​ទី​១៩​មេសា​នេះ​ថា សភា​ចម្រុះ​ថៃ​បាន​អនុម័ត​ដក​បញ្ហា​កំណត់ហេតុ​ទាំងបី​ នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះព្រំដែន​កម្ពុជា-ថៃ​កន្លងមក ចេញ​ពី​របៀបវារៈ​នៃ​រដ្ឋសភា។ ការ​សម្រេច​របស់​សភាថៃ​នៅពេលនេះ ធ្វើឡើង​ដូចគ្នា​នឹង​ការ​សម្រេច​របស់​ក្រុមប្រឹក្សារដ្ឋ និង​តុលាការ​ធម្មនុញ្ញ​របស់​ថៃ ​ដែល​បាន​ពន្យល់ថា កំណត់ហេតុ​ទាំងបី​នេះ​មិន​ពាក់ព័ន្ធនឹង​ខ្លឹមសារ​ នៃ​មាត្រា​១៩០​របស់​រដ្ឋធម្មនុញ្ញ​ថៃ ​ដែល​បញ្ញត្ត​អោយ​មាន​ការ​អនុម័ត​ពី​សភា លើ​រាល់​ឯកសារ​ទាំងឡាយ​ដែល​ទាក់ទងនឹង​បូរណភាព​ទឹកដី​នោះ។

កំណត់ហេតុ​ទាំង​៣ គឺ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​គណៈកម្មការ​ចម្រុះ​វាស់វែងព្រំដែន​កម្ពុជា-ថៃ​ ៣​លើក​កន្លងមក ​នៅកម្ពុជា និង​នៅ​ប្រទេសថៃ ដែល​រដ្ឋាភិបាល​ថៃ​បាន​អះអាងថា ត្រូវដាក់​ឯកសារ​នេះឆ្លងកាត់​រដ្ឋសភា ស្រប​តាម​រដ្ឋធម្មនុញ្ញ។ ប្រការ​នេះ​បាន​ធ្វើ​អោយ​កម្ពុជា​រង់ចាំ​ប្រទេស​ថៃ​២ឆ្នាំ​ហើយ ដើម្បី​អាច​បន្តការ​ប្រជុំ​ពិភាក្សា​ទៅមុខទៀត។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ លោកកុយ គួង​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​នីតិវិធី​ផ្ទៃក្នុង​របស់​ថៃ ដែល​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ។ ប៉ុន្តែ បើតាម​លោក​កុយ គួង​ដដែល ប្រសិនបើ កំណត់ហេតុ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​នឹង​មិន​ត្រូវការ​ឆ្លងកាត់​សភា ហើយ​រដ្ឋាភិបាល​ថៃ​​មាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​វិបត្តិព្រំដែន​នោះ ប្រការ​នេះ​នឹង​ពិតជា​ជំរុញការ​ពិភាក្សា​អំពីវិបត្តិព្រំដែន​អោយ​លឿន​ទៅមុខមិន​ខាន។ ទោះយ៉ាងណា​ក៏​ដោយ កម្ពុជា​នៅ​ប្រកាន់​លក្ខខណ្ឌ​របស់​ខ្លួន​ដដែល នោះ​គឺ ចាប់​ពីពេលនេះទៅ រាល់​កិច្ចប្រជុំ​ជាមួយ​ថៃ ក្នុង​សំណុំរឿងព្រំដែន​នេះ ត្រូវតែធ្វើឡើង​តាមការកោះអញ្ជើញរបស់ប្រធានអាស៊ាន ឬភាគីទី៣ជាសាក្សី៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ