អានតួអត្ថបទ
អាហ្រ្វិកខាងកើត

អង្គការសហប្រជាជាតិ​​ទាញ​សញ្ញា​អាសន្ន​​ស្តី​ពី​គ្រោះ​ទុរភិក្ស​នៅអាហ្រ្វិក

អង្គការ​សហប្រជាជាតិ​បាន​កោះប្រជុំ​បន្ទាន់មួយ នៅថ្ងៃ​ចន្ទ ទី ២៥​កក្កដា ២០១១ នៅ​ទីក្រុងរ៉ូម ប្រទេស​អ៊ីតាលី ទៅតាម​ការទទូចសុំ​របស់​អង្គការ​ស្បៀង​អាហារ​ពិភពលោក និង​ទៅតាម​ការស្នើសុំ​របស់​ប្រទេស​បារាំង ដែល​កំពុង​ធ្វើជា​ប្រធាន​ក្រុម​ប្រទេស​មហាឧស្សាហកម្ម​ទាំង២០។ គោលដៅ​នៃការប្រជុំ គឺ​ប្រមូល​ឲ្យ​បាន​ថវិកា​ដើម្បី​ជួយ​សង្រ្គោះ​ប្រជាជន​នៅ​អាហ្រ្វិក​ខាងកើត​ ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត និង​គ្រោះទុរភិក្ស។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​រក​​ជំនួយថវិកា​ ១ពាន់ ៦​រយលាន​ដុល្លារ ដើម្បី​ជួយ​ដោះស្រាយ​បន្ទាន់ គ្រោះអត់ឃ្លាន ក្នុង​ប្រទេស​សូម៉ាលី ប៉ុន្តែ រហូត​មកដល់​ពេលនេះ គេ​រក​បាន​ជំនួយ​ប្រមាណ​តែពាក់​កណ្តាល​ប៉ុណ្ណោះ។ នៅ​ទីកន្លែង​ផ្ទាល់ កាកបាទ​ក្រហម​អន្តរជាតិ​បាន​ប្រើ​ឧទ្ធម្ភាគចក្រ កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​បោះ ចែកចាយ​អាហារូបត្ថម្ភ ជាង ៤០០​តោន ទៅ​ឲ្យ​ប្រជាជន នៅ​សូម៉ាលី។

កុមារ​សូម៉ាលី ៦​នាក់ ក្នុង​ចំណោម មួយម៉ឺននាក់ ស្លាប់​ជារៀងរាល់​ថ្ងៃ​ដោយ​គ្រោះអត់ឃ្លាន​
កុមារ​សូម៉ាលី ៦​នាក់ ក្នុង​ចំណោម មួយម៉ឺននាក់ ស្លាប់​ជារៀងរាល់​ថ្ងៃ​ដោយ​គ្រោះអត់ឃ្លាន​ www.unocha.org
ផ្សាយពាណិជ្ជកម្ម

“​គ្រោះមហន្តរាយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក” និង “គ្រោះរាំងស្ងួត​ប្រវត្តិសាស្រ្ត” នេះ​ជា​ពាក្យ​ប៉ុន្មាន​ម៉ាត់​ដែល​អ្នកជំនាញ​ខាងចំណី​អាហារ​ពិភពលោក​អាច​និយាយ​ពិពណ៌នា​ពី​អ្វី​ដែល​កំពុង​កើតមាន នៅក្នុង​​ប្រទេស​ទាំងប្រាំមួយ នៅ​អាហ្រ្វិក​ខាងកើត។ គ្រោះរាំងស្ងួត​នៅអាហ្រ្វិកខាងកើត ​ត្រូវគេ​​ចាត់ទុក​ថា ធ្ងន់ធ្ងរ ព្រោះ​កើត​មាន​ជាប់ៗ​គ្នា ក្នុង​រយៈពេល ពីរឆ្នាំ ចុងក្រោយនេះ ដែល​គេ​មិនធ្លាប់​ជួប​ប្រទះទេ ក្នុង​រយៈពេល ៦០​ឆ្នាំ​ចុងក្រោយនេះ។ ប្រទេស​ដែល​ប៉ះពាល់​ខ្លាំង​ជាងគេ គឺ​សូម៉ាលី។

 
នៅ​ក្នុង​ប្រទេស​កេនយ៉ា អេត្យូពី អ៊ូហ្គង់ដា ស៊ូដង់ ជីប៊ូទី ជាពិសេស សូម៉ាលី តែម្តង ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​បន្តិចបន្តួច ឬ​ក៏​គ្មាន​ទឹកភ្លៀង​មួយ​គ្រាប់សោះ ប្រជាជន​មិន​អាច​ធ្វើ​កសិកម្ម​បាន ចំណែក​ចំណី​អាហារ​ដែល​ស្តុកទុកកន្លងមក បាន​ខើច កាន់តែខ្លាំង ឬ​ក៏​អស់​ពីក្នុង​ស្តុក​តែម្តង។

គ្រោះរាំងស្ងួត​បាន​ធ្វើ​ឲ្យ​ជនជាតិ​អាហ្រ្វិក ភាគ​ខាងកើត ​ជាង ១២​លាននាក់ ក្នុង​ចំណោម​៩០​លាននាក់ ត្រូវការ​ជំនួយ​អាហារូបត្ថម្ភ​ជា​បន្ទាន់។ បើតាម​អង្គការ​សហប្រជាជាតិ ដោយសារ​គ្រោះរាំងស្ងួត និង​អត់អាហារ មនុស្ស​ជាច្រើន​ពាន់​នាក់​បាន​ស្លាប់ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ។ គេ​អាច​វាយតម្លៃ​ថា ជួប​គ្រោះទុរភិក្ស ដោយ​មើល​ទៅ​លើ​ចំនួន​កុមារ​ខ្វះអាហារូបត្ថម្ភ​ដែល​កើន​ឡើង​ខ្ពស់​ជាង ៣០ភាគរយ និង​កុមារ ២នាក់ ក្នុង​ចំនោម​១ម៉ឺន​នាក់​ស្លាប់​ជារៀងរាល់ថ្ងៃ។

គ្រោះទុរភិក្ស ដែល​កើតមាន​ទៅ​ស្ត្រី និង​កុមារ ច្រើន​ជាងគេ កំពុង​លេចចេញ នៅក្នុង​តំបន់​ពីរ នៃ​ភាគខាងត្បូង​ប្រទេស​សូម៉ាលី។ ក្នុង​ប្រទេសក្រីក្រ​មួយនេះ មន្រ្តី​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ​វាយតម្លៃ ថា យ៉ាងហោច ណាស់​កុមារ​៦​នាក់ ក្នុង​ចំណោម​កុមារ មួយម៉ឺននាក់ ស្លាប់​ជារៀងរាល់ថ្ងៃ ដោយសារ​គ្រោះអត់ឃ្លាន។ ដែល​នេះ​ជា​ចំនួន​មួយ​ខ្ពស់​ពី​កម្រិតធម្មតា។ ចំណែក​កុមារ​មនុស្ស​ចាស់ និង​កុមារ​ផ្សេងទៀត​នៅតែ​ខ្វះ​អាហារូបត្ថម្ភ។

បច្ចុប្បន្ននេះ គេ​ប្រមាណថា គ្រោះអត់ឃ្លាន​នឹង​រីក​រាលដាល​យ៉ាងឆាប់​រហ័ស ទៅ​ក្នុង​ប្រទេស​ជិតខាង​ផ្សេងទៀត ប្រសិន​បើ អន្តរជាតិ​មិន​ផ្តល់​ជំនួយ​បាន​ទាន់​ពេលវេលា។ ព្រោះថា ប្រជាជន​សូម៉ាលី​ដែល​ជួប​គ្រោះរាំងស្ងួត និង​អត់ឃ្លាន បាន​រត់ចាកចេញ​ពី​ប្រទេស ទៅ​ជ្រកកោន ក្នុង​ប្រទេស​កេនយ៉ា ឬ​អេត្យូពី​ដែល​កំពុង​តែ​ជួប​គ្រោះរាំងស្ងួត ធ្ងន់ធ្ងរ​រួចទៅ​ហើយ។

ប្រជាជន​អាហ្រ្វិក​ដែល​ជួប​គ្រោះ​អត់ឃ្លាន ដោយសារ​តែ​ពួកគេ​រងគ្រោះ​ដោយ​ការរាំងស្ងួត។ ខ្វះទឹកភ្លៀង ដោយសារ​បញ្ហា​អាកាសធាតុ​ជារឿងមួយ ប៉ុន្តែ ទន្ទឹមគ្នានេះ គេ​បាន​មើល​ឃើញ​យ៉ាងច្បាស់ បរាជ័យ​របស់​រដ្ឋាភិបាល​ប្រទេស​អាហ្រ្វិក ដែល​មិន​ខ្វល់ផ្តល់​ថវិកា​សម្រាប់​វិស័យ​កសិកម្ម និង​កសាង​ប្រព័ន្ធ​ធារាសាស្រ្ត។

ក្នុង​ទសវត្សរ៍​ទី ៨០ ប្រទេស​អេត្យូពី​ជួប​គ្រោះរាំងស្ងួត និង​គ្រោះទុរភិក្ស​រហូត​សម្លាប់​មនុស្ស​មួយ​លាននាក់។ ចំណែក​ក្នុង​សូម៉ាលី វិញ ក្នុង​ទសវត្សរ៍​ទី​៩០ គ្រោះ​អត់ឃ្លាន​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង ២សែន​នាក់​បាត់បង់​ជីវិត។

ប្រទេស​នៅ​អាហ្រ្វិកខាងកើត​ធ្លាប់​រងគ្រោះ​រាំងស្ងួត​ម្តងហើយ ក្នុង​ចន្លោះ​ពីឆ្នាំ ២០០០​ដល់​ឆ្នាំ ២០០៦។ ភាពរាំងស្ងួត និង​គ្រោះអត់ឃ្លាន​លើកនេះ​បាន​កាត់បន្ថយ​កម្លាំង​ពលកម្ម​មនុស្ស និង​សម្លាប់​សត្វ​ច្រើន​ម៉ឺនក្បាល។

គេ​សង្កេត​ឃើញថា គ្រោះអត់ឃ្លាន​កើតមាន​ភាគច្រើន ក្នុង​ប្រទេសអាហ្រ្វិក​ដែល​មាន​ញាំញី​ដោយ​សង្គ្រាម​ស៊ីវិល ឬ​កំពុង​ជួប​អស្ថិរភាព​នយោបាយ និង​សង្គម។ ជួប​គ្រោះរាំងស្ងួត និង​គេច​ចេញ​ពី​សង្រ្គាម​ស៊ីវិល រ៉ាំរ៉ៃក្នុង​ស្រុក ប្រជាជន​អាហ្រ្វិក​នៅត្រូវ​រត់​ភៀសខ្លួន ធ្វើការ​បម្លាស់ទី មិនឈប់ឈរ ដែល​ធ្វើ​ឲ្យ​ពួកគេ បាត់បង់​ដី​មិន​អាច​ធ្វើកសិកម្ម និង​ធ្លាក់​ខ្លួន​កាន់តែក្រីក្រ ក្នុង​ពេល​ដែល​ចំណី​អាហារ​កាន់តែឡើងថ្លៃ គឺ​កើនឡើង​ជាង ៣០០ភាគរយ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។

សង្រ្គាមស៊ីវិល និង​ជម្លោះ​ក្នុង​តំបន់​រវាង​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​រឹត​តែ​បង្ក​ការលំបាក មិន​អាច​ឲ្យ​អង្គការ​មនុស្សធម៌​ចូល​ទៅ​ជួយ​ជនរងគ្រោះដោយ​អត់អាហារ​បាន។ ឧទាហរណ៍ តំបន់​ភាគខាងត្បូង ​ ប្រទេស​សូម៉ាលី ​ពួក​ឧទ្ទាម All Shabab ដែល​ជា​បណ្តាញ​របស់​ពួកអាល់កៃដា នៅអាហ្រ្វិក និង​ប្រឆាំង​នឹង​រដ្ឋាភិបាល បាន​រារាំង​មិន​ឲ្យ​ក្រុមជំនួយ​មនុស្សធម៌​ចូល​ទៅ​ជួយ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទុរភិក្ស។ ពួកនេះ​នៅ​ធ្លាប់​បាន​អះអាង​ថា មិន​មាន​គ្រោះអត់ឃ្លាន ក្នុង​តំបន់​របស់ខ្លួន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ