អានតួអត្ថបទ
កម្ពុជា

បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ផ្តើម​ឃោសនា​ពី​លេខរៀង លើ​សន្លឹក​ឆ្នោត

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤​ឧសភា​នេះ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចាប់​ផ្តើម​ឃោសនា​អំពី​លេខ​រៀង​ទី​៤ នៅលើ​សន្លឹកឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោកនាយក​រដ្ឋមន្ត្រី បាន​ចាត់ទុក​លេខ​រៀង​ទី​៤ ជា​លេខ​មានសំណាង ហើយ​នឹង​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ឈ្នះ​ការ​បោះឆ្នោត ដូច​អាណត្តិ​ទី​៤ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ស្ថិតនៅ​លេខ​រៀង​ទី​៤ លើ​សន្លឹក​ឆ្នោត​ដូចគ្នា។ ដោយឡែក​បក្ស​ប្រឆាំង ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក កឹម សុខា ក៏​បាន​ផ្សព្វផ្សាយ និង​បកស្រាយ​នៅក្នុង​វេទិកា​ជួប​ជាមួយ​សកម្មជនតាមខេត្ត​ នូវ​លេខ​រៀង​ទី​៧ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅលើ​សន្លឹកឆ្នោត។ ប៉ុន្តែ​ទាំង​បក្សប្រឆាំង និង​ទាំង​បក្ស​កាន់​អំណាច មិន​បាន​បកស្រាយ រិះគន់​ចំពោះ​លេខ​រៀង​របស់​គណបក្ស​គូប្រជែង ដើម្បី​វាយ​ប្រហារ​គ្នា​ឡើយ។

មន្រ្តី​គជប​បង្ហាញ​ថា គណបក្ស​ប្រជាជន​បាន​ទទួល​លេខរៀង​ទី ៤​លើ​សន្លឹកបោះឆ្នោត
មន្រ្តី​គជប​បង្ហាញ​ថា គណបក្ស​ប្រជាជន​បាន​ទទួល​លេខរៀង​ទី ៤​លើ​សន្លឹកបោះឆ្នោត ©Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពិធី​សម្ពោធ​អគារសិក្សា នៅ​វិទ្យាល័យ​ស្ទឹងត្រង់ និង​ពិធី​ពុទ្ធា​ភិ​សេក​ព្រះ​ពុទ្ធរូប ព្រះពុទ្ធ​ផ្ចាញ់​មារ នៅ​វត្ត ក្នុង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឃោសនា បកស្រាយ​ពី​លេខ​រៀង​ទី​៤ នៅលើ​សន្លឹកឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា លេខ​រៀង​ទី​៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ខាងមុខ គឺ​ដូចគ្នា​នឹង​អាណត្តិ​ទី​៤ ក្នុងសម័យ​កាល​បោះឆ្នោត​ឆ្នាំ​២០០៨ ហើយ​កាលណោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជ័យជម្នះ រហូតដល់ ៩០ កៅអី លើសពី ២ ភាគ ៣ ក្នុងចំណោម​កៅអី​រដ្ឋសភា​សរុប ១២៣។

លោកនាយក​រដ្ឋមន្ត្រី អះអាងថា លោក​មិន​បកស្រាយ​លើ​លេខ​រៀង​របស់​គណបក្ស​ផ្សេង​ទៀត​ទេ​។ តែ​លោក ហ៊ុន សែន បាន​គូសបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការបោះឆ្នោត​ឆ្នាំនេះ ឈរ​នៅ​លេខ​រៀង​ទី​៤ ដដែល លើ​សន្លឹកឆ្នោត​។ ដូច្នេះ​ប្រជាជន ស្រួល​គូស និង​ស្រួល​ចំណាំ ព្រោះ​លេខ​រៀង​ទី​៤ មាន​រូប​សញ្ញា​ទេវតា​បាច​ផ្កា ហើយ​បើ​បោះ​ឲ្យទៅ​ទេវតា​បាចផ្កា គឺ​បានន័យថា បោះឆ្នោត​ឲ្យ​ហ៊ុនសែន។

បន្ទាប់​ការ​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្សនយោបាយ​ទាំង ៨ នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជាតិ នា​ថ្ងៃ​២៨​កក្កដា នៅ​ព្រឹកមិញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បកស្រាយ ៨ ចំណុច អំពី​លេខ​រៀង​ទី​៤ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​​តំណាងឲ្យ​វិស័យ​ពុទ្ធចក្រ​ផង និង​អាណាចក្រ​ផង។ នោះ​គឺ​លេខ​៤ តំណាង​ឲ្យ​ពុទ្ធពរ​ទាំង ៤​ប្រការ ទិស​ទាំង​៤ ធាតុ​ទាំង​៤ ព្រហ្មវិហារ​ធម៌​ទាំង​៤ និង​តំណាងឲ្យ​យុទ្ធសាស្ត្រ​ចតុកោណ របស់​រដ្ឋាភិបាល ជាដើម។

ដូច​លើក​មុនៗ​ដែរ នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស ហាក់ដូច​ព្រមាន​ទៅកាន់​ប្រជាពលរដ្ឋ អ្នកបោះឆ្នោត​ថា បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឈ្នះ​ឆ្នោត នៅ​ខែ​កក្កដា​ទេ នោះ​ការអភិវឌ្ឍន៍ ដូចជា ផ្លូវថ្នល់​ស្ពាន សាលារៀន​មន្ទីរពេទ្យ និង​ក្រុម​យុវជន​វាស់វែង​ដីធ្លី ធ្វើ​កម្មសិទ្ធិ ជា​ដើម​នោះ នឹង​មិនមាន​បន្ត​ទៀត​ឡើយ។

ងាក​ទៅ​មើល​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ គឺ​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្នុង​ពេល​លោក​ជួប​សកម្មជន អ្នកគាំទ្រ ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក កឹមសុខា ក៏​បន្ត​ឃោសនា​ពី​លេខ​រៀង​ទី​៧ នៅ​សនឹ្លកឆ្នោត សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ សញ្ញា​ព្រះអាទិត្យ​រះ ក្នុង​វេទិកា​នៅ​ខេត្ត​ប៉ៃលិន និង​បន្ទាយមានជ័យ។

លេខ​រៀង​ទី​៧ ត្រូវបាន​លោក កឹម សុខា អត្ថាធិប្បាយ​ថា ត្រូវ​គ្នា​នឹង​គោលនយោបាយ ៧ ចំណុច របស់​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សមាជ​លើកដំបូង នៅ​ថ្ងៃ​ទី​៧​មេសា ហើយ​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស ក៏​បាន​រួបរួម​គ្នា នៅ​ខែ​៧។ លោក កឹម សុខា ក៏​លើកឡើង​ថា ព្រលឹង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ នឹង​មក​ជួយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​នៅពេលនេះ។

នៅ​ប៉ៃលិន ព្រឹក​មិញ លោក កឹម សុខា អះអាងថា មាន​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ចូល​អុកឡុក រំខាន​ដល់​ពិធី​ជួបជុំ​របស់លោក។ នេះ​ជា​ការរំខាន​លើក​ដំបូង​ដល់​មេ​បក្ស​ប្រឆាំង នៅក្នុង​វេទិកា ជួប​សកម្មជន​តាម​ខេត្ត​នានា។

យ៉ាងណាក៏ដោយ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ទាំង​លោក កឹម សុខា មិន​បាន​បកស្រាយ តិទៀន​ដល់​លេខ​រៀង នៅលើ​សន្លឹកឆ្នោត របស់​គណបក្ស​គូប្រជែង​ទាំងពីរ ដែល​ជា​ការ​វាយបក នៅ​មុន​ថ្ងៃ​បោះឆ្នោត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ