អានតួអត្ថបទ
កម្ពុជា

គ.ជ.ប.ចាប់ឆ្នោត​កំណត់លំ​ដាប់​លេខ​រៀង​ឈ្មោះ​គណបក្ស នៅ​លើ​សន្លឹក​បោះ​ឆ្នោត

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប. បាន​រៀបចំ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​ឈ្មោះ​គណបក្ស​នយោបាយ នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជាតិ នា​ថ្ងៃ​ទី​២៨​កក្កដា។ ពិធី​ចាប់ឆ្នោត​នោះ ធ្វើឡើង​ដោយ​សម្តេច​ព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ គឺ​សម្តេច​សង្ឃ ទេព វង្ស និង​សម្តេច​សង្ឃ បួរ គ្រី។ ជា​លទ្ធផល លេខ​រៀង​ទី​១ គឺ​គណបក្ស​សញ្ជាតិ​កម្ពុជា ២-គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៣-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ៤-​គណបក្ស​ប្រជាជន​កម្ពុជា ៥-​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ៦-​គណបក្ស​ខ្មែរ​ឈប់​ក្រ ៧-​គណបក្ស​សង្គ្រោះ​ជាតិ និង​លេខ​រៀង​ទី​៨ នៅ​លើ​សន្លឹឆ្នោត គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។

គជប​បង្ហាញ​លេខរៀង​ឈ្មោះ​គណបក្ស​សម្រាប់​ការបោះឆ្នោត​នៅខែ​កក្កដា​២០១៣
គជប​បង្ហាញ​លេខរៀង​ឈ្មោះ​គណបក្ស​សម្រាប់​ការបោះឆ្នោត​នៅខែ​កក្កដា​២០១៣ ©Siv Channa
ផ្សាយពាណិជ្ជកម្ម

ការចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយទាំង ៨ នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ បាន​ធ្វើឡើង​នៅ​គ.ជ.ប. នា​ព្រឹកមិញ។ សម្តេចព្រះសង្ឃរាជ​ទាំង​ពីរ​គណៈ បាន​ចូលរួម​ចាប់ឆ្នោត​ដោយផ្ទាល់ ក្រោម​វត្តមាន​របស់​សមាជិក គ.ជ.ប. ទាំង ៩ រូប តំណាង​គណបក្ស អ្នកសង្កេតការណ៍ និង​ក្រុម​អ្នកកាសែត។

ជា​លទ្ធផល គណបក្ស​សញ្ជាតិ​កម្ពុជា ស្ថិត​នៅ​លេខ​រៀង​ទី​១ លើ​សន្លឹកឆ្នោត ២​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៣ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ៤​គណបក្ស​ប្រជាជន​កម្ពុជា ៥​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ៦​គណបក្ស​ខ្មែរ​ឈប់​ក្រ ៧​គណបក្ស​សង្គ្រោះ​ជាតិ និង​លេខ​រៀង​ទី​៨ គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ លទ្ធផល​នេះ មិន​មាន​ការតវ៉ា​អ្វី​ទេ។

លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប​. បាន​ថ្លែងថា ការចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណបក្សនយោបាយ លើ​សន្លឹកឆ្នោត មាន​សារសំខាន់​ណាស់ សម្រាប់​គណបក្ស​នយោបាយ​ទាំង​៨ ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត។ ការកំណត់​លំដាប់​លេខ​រៀង​គណបក្ស​លើ​សន្លឹកឆ្នោត នឹង​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​គណបក្ស​នយោបាយ ក្នុង​ការឃោសនា​បោះឆ្នោត ព្រមទាំង​ជួយ​ឲ្យ​អ្នកបោះឆ្នោត អាច​ស្គាល់​បាន​ដោយ​ងាយស្រួល​នូវ​គណបក្សនយោបាយ ដែល​ពួកគាត់​ស្រឡាញ់ និង​ពេញចិត្ត ដើម្បី​បោះឆ្នោតឲ្យ។​

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក សោម សឿន បាន​ប្រាប់​អ្នកកាសែត​ថា លេខ​រៀង​ទី​៤ នៅលើ​សន្លឹកឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​តាំងពី​អាណត្តិ​ទី​៤ ហើយ​បាន​សម្រេច​ជោគជ័យ នៅក្នុង​ការបោះឆ្នោត។ ដូច្នេះ​លោក​អះអាងថា លេខ​៤ គឺជា​លេខ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ទទួល​បាន​ជោគជ័យបន្ត​​ទៀត។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​២ លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​នៅ​ខែ​កក្កដា ត្រូវបាន​លោក សៅ រ៉ានី អគ្គលេខាធិការរង បានបញ្ជាក់ថា លេខ ២ ជា​លេខ​ល្អ ឆ្លុះបញ្ចាំង​ពី​អ្វី ​ដែល​ព្រះករុណា សម្តេចឪ សម្តេច​តា បានទាមទារ​ប្រាសាទ​ព្រះវិហារ ពី​ថៃ​មក​វិញ នៅ​ឆ្នាំ​១៩៦២ ដែល​មាន​លេខ​២ នៅ​កន្ទុយ។ ម្យ៉ាងទៀត លេខ​២ ក៏​តំណាងឲ្យ​ការបន្ត​សម្ព័ន្ធភាព​​បក្សពីរ រវាង​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​រដ្ឋាភិបាលចម្រុះ។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឫទ្ធិ ក៏​​បាន​​ចាត់ទុក​លំដាប់​លេខ​រៀង​​របស់​គណបក្សប្រឆាំង នៅ​លេខ​រៀង​ទី​៧ គឺជា​លេខ​ល្អ​មែនទែន។

តាម​លោក យ៉ែម បុញ្ញ​ឫទ្ធិ គណបក្ស សង្គ្រោះ​ជាតិ បាន​ធ្វើ​សមាជ រួមបញ្ចូល​គ្នា​រវាង​គណបក្ស​សម​រង្ស៊ី និង​សិទ្ធិមនុស្ស នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៣។ លេខ៧ ក៏ត្រូវគ្នានឹង​គោល​នយោបាយ ៧ ចំណុច របស់គណបក្សប្រឆាំង​ សម្រាប់​ឃោសនាបោះឆ្នោត​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ