អានតួអត្ថបទ
ឥណ្ឌា-អាមេរិក​

ឥណ្ឌា៖​ គ្មាន​ការ​ប្រឈមមុខ​ជាមួយ​អាមេរិក​​ទេ​ ក្រោយ​រឿងរ៉ាវ​បណ្តេញ​អ្នកការទូត​ប្រទេស​ទាំង២​

បន្ទាប់​ពី​​ឥណ្ឌា​បានបណ្តេញ​អ្នកការទូត​អាមេរិក​​ម្នាក់​ ចេញ​ពីទឹកដី​ខ្លួន នៅថ្ងៃ​សុក្រ​កន្លងទៅ នៅថ្ងៃ​សៅរ៍នេះ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​បាន​ប្រាប់ទៅ​អ្នកសារព័ត៌មាន​​​ថា គ្មានការ​ប្រឈម​មុខ​អ្វី​រវាង​ឥណ្ឌា​ ជាមួយ​សហរដ្ឋអាមេរិក​នោះទេ។ គួររំលឹក​ថា កាលពីថ្ងៃ​សុក្រកន្លងទៅ​​ ឥណ្ឌា​បាន​ទាមទារ​អោយ​អ្នកការទូត​អាមេរិក​មួយរូប ចាកចេញពីទឹកដី​ខ្លួន។ ការទាមទារ​នេះ ធ្វើឡើង​បន្ទាប់​ពី​អាមេរិក​បានដាក់ពិរុទ្ធ​​ស្ត្រីការទូត​ឥណ្ឌា​មួយរូប ហើយ​បានបណ្តេញ​ស្ត្រីការទូត​រូបនោះ​ ចេញ​ពី​ទឹកដី​​អាមេរិក។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា លោក Salman Khurshid
រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា លោក Salman Khurshid REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ឥណ្ឌា​ ថ្ងៃសៅរ៍នេះ លោក Salman Khurshid សាល់ម៉ាន ខឺស្ហ៊ីដ ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​ឥណ្ឌា បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា គ្មានការ​ប្រឈម​មុខ​ណាមួយ​រវាង​ឥណ្ឌា​និង​សហរដ្ឋ​អាមេរិក​នោះទេ។ លោក ខឺស្ហ៊ីដ ​បន្ថែមទៀតថា ប្រសិន​បើ​មាន​បញ្ហា នោះ​ប្រទេស​​​ទាំងពីរនឹង​ធ្វើការ​ដោះស្រាយ​រួមគ្នា។

ការ​លើកឡើង​នេះ ចំពេល​​ដែល​​រដ្ឋាភិបាល​ឥណ្ឌា​ ទើប​តែ​បាន​បណ្តេញអ្នកការទូត​អាមេរិក​មួយរូប ប្រចាំ​ក្រុងញូវដេល្លី នៅថ្ងៃ​សុក្រ​កន្លងទៅ អោយចាកចេញ​ពីទឹកដី​ឥណ្ឌា។ ទង្វើ​នេះ បង្ហាញ​ពី​ការ​សងសឹក​របស់​ឥណ្ឌា​ ប្រឆាំង​តប​រដ្ឋាភិបាល​​អាមេរិក​ ដែល​ហ៊ាន​បណ្តេញ​ស្ត្រីការទូត​ខ្លួន​​មួយរូប ចេញពីទឹកដី​អាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍។ តុលាការ​អាមេរិក​ បានដាក់​ពិរុទ្ធ​ស្ត្រីការទូត​ឥណ្ឌាប្រចាំ​ក្រុងញូវយក ឈ្មោះ​ ដេវយ៉ានី ខូប្រាហ្កាដេ ​​ពីបទ​​បាន​ធ្វើ​សេចក្តីបញ្ជាក់​ក្លែងក្លាយ​ទាក់ទង​នឹង​​ទិដ្ឋាការ​ស្ត្រីបំរើការងារ​ផ្ទះ​ខ្លួន​មួយរូប។ លោកស្រី​ខូប្រាហ្កាដេ ក៏​ជាប់ចោទ​ពីបទ​ ​បាន​កេងប្រវញ្ច​ប្រាក់ខែ​ស្ត្រី​បំរើ​ការងារផ្ទះ​នោះ​ផងដែរ។ ក្រុងវ៉ាស៊ីនតោន​បានចេញ​អភ័យឯកសិទ្ធិ​​​​អោយ​ដល់​លោកស្រី​ ខូប្រាហ្កាដេ​​ ​​ដើម្បី​អោយ​គាត់​​អាចចាកចេញ​ពីទឹកដី​អាមេរិក​បាន។

ដោយសារ​រឿងរ៉ាវ​​ស្ត្រីការទូត​នេះ ឥណ្ឌា​មានការ​ខឹងសម្បារ​ខ្លាំង​ជាមួយ​អាមេរិក​ ហើយ​បាន​ចាត់វិធានការ​សងសឹក​ច្រើន​រួចមកហើយ។ នៅថ្ងៃសុក្រកន្លងទៅ​​ រដ្ឋាភិបាល​អាមេរិក​បាន​​សំដេង​ការ​សោកស្តាយយ៉ាង​​​ជ្រាលជ្រៅ ដែល​បាន​បណ្តេញ​ស្ត្រីការទូត​ឥណ្ឌា​ចេញពី​ទឹកដី​ខ្លួន។ ទន្ទឹម​នោះដែរ អាមេរិ​ក​​​បាន​បង្ហាញ​គោលបំណង​​ចង់​អោយ​ទំនាក់ទំនង​រវាង​អាមេរិក​និង​ឥណ្ឌា​ អាច​ឈានទៅរក​ភាព​ប្រសើរឡើងវិញ​។ ក្នុង​ក្រសែភ្នែក​​​ក្រុងវ៉ាស៊ីនតោន ឥណ្ឌា​ជាដៃគូ​ពិសេស​មួយ នៅ​អាស៊ី​ នៅ​ចំពោះ​មុខ​​​ប្រទេស​មហាអំណាច​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ