អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីរ៉ង់​អាច​នាំចេញ​ឧស្ម័ន​ទៅ​អឺរ៉ុប​ ជំនួស​រុស្ស៊ី?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ដើមខែ​ឧសភា​មុននេះ​ រដ្ឋមន្ត្រី​ប្រេង​អ៊ីរ៉ង់ ​លោក ប៊ីចាន់ ណាំដា ហ្សាន់ហ្កាណេក​ បាន​ប្រកាស​ថា អ៊ីរ៉ង់​ត្រៀម​ខ្លួន​នឹង​បញ្ជូន​​ឧស្ម័ន​​អោយ​អឺរ៉ុប ​ប្រសិន​បើ​រុស្ស៊ី​សម្រេច​បញ្ឈប់​​ការ​ផ្គត់ផ្គង់​​ឧស្ម័ន​ដល់​អឺរ៉ុប ដោយសារ​តែ​វិបត្តិ​អ៊ុយក្រែន​នោះ។ ​អ៊ីរ៉ង់​ជា​ប្រទេស​សំបូរ​ធនធាន​ឧស្ម័ន​បំផុត​ក្នុង​ពិភពលោក បន្ទាប់​ពី​រុស្ស៊ី។ ​បើ​​ប្រទេស​លោកខាងលិច​សម្រាល​​​ទណ្ឌកម្ម​សេដ្ឋកិច្ច​​​ប្រឆាំង​កម្មវិធី​នុយក្លេអ៊ែរអ៊ីរ៉ង់ ​តើ​អ៊ីរ៉ង់​​មាន​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​ការ​ផ្គត់ផ្គង់​ឧស្ម័ន​អោយ​អឺរ៉ុប ជំនួស​រុស្ស៊ី​បានទេ ?

ទីតាំង​ប្រេង​និង​ឧស្ម័ន​ នៅ​កោះ​ ​Kharg អ៊ីរ៉ង់។
ទីតាំង​ប្រេង​និង​ឧស្ម័ន​ នៅ​កោះ​ ​Kharg អ៊ីរ៉ង់។ Kaveh Kazemi/Getty Images
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី​និង​អ៊ីរ៉ង់​ជា​ប្រទេស​ដៃគូ​នឹងគ្នា ក្នុង​​សំណុំរឿង​​អន្តរជាតិក្តៅ​គគុក​​មួយចំនួន បែបយ៉ាង​វិបត្តិ​សង្គ្រាម​​នៅ​​ស៊ីរី។ រុស្ស៊ី​និង​អ៊ីរ៉ង់​គាំទ្រ​រដ្ឋាភិបាល​​ស៊ីរី ដូចគ្នា។ ​​ទោះយ៉ាងនេះ​​ក្តី ​នៅ​ពេលនេះ ពេល​រុស្ស៊ី​កំពុង​​ឈ្លោះ​​គ្នា​ជាមួយ​បណ្តា​ប្រទេស​នៅអឺរ៉ុប ក្នុង​សំណុំ​រឿង​អ៊ុយក្រែន​ ដែល​ជា​បញ្ហា​គម្រាម​ការ​​​ផ្គត់ផ្គង់​ឧស្ម័ន​​​ដល់​អឺរ៉ុប​នោះ ​អ៊ីរ៉ង់​​​កំពុង​​សម្លឹង​មើល​ទីផ្សារ​​ឧស្ម័ន​​នៅអឺរ៉ុប ព្រោះថា អ៊ីរ៉ង់​​ក៏​ជា​ប្រទេស​​សំបូរ​ធនធាន​ឧស្ម័ន​​ធំបំផុត​ក្នុង​លោក​ដែរ។ អ៊ីរ៉ង់​ជា​ប្រទេស​សំបូរ​ឧស្ម័ន​លំដាប់​ទី២ ​បន្ទាប់​ពី​រុស្ស៊ី។ ​​

កាលពី​ខែ​ឧសភា​មុននេះ រដ្ឋាភិបាល​អ៊ីរ៉ង់​ប្រាប់ថា ត្រៀម​ខ្លួន​​នាំ​ឧស្ម័ន​ចេញ​ទៅ​អឺរ៉ុប ប្រសិន​បើ​រុស្ស៊ី​ឈប់​ផ្គត់ផ្គង់​ឧស្ម័ន​អោយ​អឺរ៉ុ​បទៀត។ ថ្មីៗ​នេះដែរ ​​រដ្ឋមន្ត្រី​​ឧស្សាហកម្ម​​អ៊ីរ៉ង់ លោក​ម៉ូហាម៉ាត​ រេហ្សា នេម៉ាហ្សាដេក ​​ប្រាប់ថា ​​​​អ៊ីរ៉ង់​​គ្មាន​បំណង​​ប្រជែង​ជាមួយ​រុស្ស៊ី​រឿង​ឧស្ម័ន​ទេ ប៉ុន្តែ ​អ៊ីរ៉ង់​ដឹង​ថា​ ​អឺរ៉ុប​ត្រូវការ​ឧស្ម័ន​​ចាំបាច់ ដូច្នេះ ​អ៊ីរ៉ង់​ចង់​មាន​ចំណែក​ក្នុងរឿង​នេះដែរ។ ប្រាកដ​ណាស់ អ៊ីរ៉ង់​ក៏​បាន​សម្លឹង​ឃើញ​ដែរ​ថា អឺរ៉ុប​បាន​បង់​ថ្លៃ​​ឧស្ម័ន​​អោយ​​រុស្ស៊ី ​ដល់ទៅ​៣ពាន់៥រយ​លាន​អឺរ៉ូ​ ជា​រៀងរាល់ខែ។ ក្នុង​៩ខែ​​ចុងក្រោយ​ នៃ​​ឆ្នាំ​២០១៣កន្លងទៅ ​សហភាព​អឺរ៉ុប​​បាន​ទិញ​ប្រេង​និង​ឧស្ម័ន​ពី​រុស្ស៊ី ​ក្នុង​តម្លៃ​ដល់​​១៥៦ពាន់លាន​ដុល្លារ។ ​នេះ​ជា​​ទឹក​ប្រាក់​នេះ ដ៏​មហាសាល ដូច្នេះ ​អ៊ីរ៉ង់​ពិត​ជា​ចង់​បាន​​ចំណែក​​ក្នុង​រឿង​រកស៊ី​ផ្នែក​ប្រេង​និង​ឧស្ម័ន​នេះ​ដែរហើយ។ ដោយសារ​​​មូលហេតុ​នេះ​ហើយ មើលទៅ ទើប​​នៅ​ខែ​ឧសភា​មុននេះ គេ​សង្កេត​ឃើញ​​រដ្ឋាភិបាល​​​អ៊ីរ៉ង់​​​បើក​ទ្វារ​ចំហរ​ដល់​សហគ្រាស​បរទេស​ចំនួន​៦០០ ទទួលបន្ទុក​ខាង​ថាមពល និង​ចង់​រកស៊ី​ផ្តោត​លើ​​ផ្នែកប្រេង។

បញ្ហា​​ចោទ​ពេលនេះ គឺ​​​ទណ្ឌកម្មសេដ្ឋកិច្ចដែល​​​​អាមេរិក និង​ប្រទេស​លោកខាងលិច​​ ដាក់​​​​ប្រឆាំង​​​​កម្មវិធី​​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ជា​​ឧបសគ្គ​​​​​រាំងស្ទះដល់​​ការធ្វើ​ពាណិជ្ជកម្ម​​​ឧស្ម័ន​។ កន្លង​មក​ អ៊ីរ៉ង់​បាន​ខិតខំ​​​​​បង្ហាញ​​បំណង​ល្អ​ ទៅ​ប្រទេស​លោក​ខាងលិច ដោយ​យល់ព្រម​អោយ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​បាន​ចូល​ទៅ​ត្រួតពិនិត្យ​​ទីតាំង​នុយក្លេអ៊ែរ​ក្នុងស្រុក។ ​ ដូច្នេះ​ ​​អឺរុប​និង​អាមេរិក​ក៏​ប្រហែល​ជា​អាច​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​​មួយកម្រិត​​ថែមទៀត ​ក្នុង​ពេល​ឆាប់ៗ​នេះ ពិសេស​ពេល​ដែល​កិច្ចចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ រវាង​​អ៊ីរ៉ង់​និង​ប្រទេស​មហាអំណាច​៥+១ ជិត​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ ដែល​តម្រូវ​អោយ​​គ្រប់​ភាគី​ចរចា សម្រេច​អោយ​បាន​កិច្ចព្រមព្រៀង​ ​​នៅមុន​​ថ្ងៃ​២០កក្កដា​នោះ។  ​

អ៊ីរ៉ង់​​ជា​ប្រទេស​ចំបង​ដែល​​ផ្គត់ផ្គង់​ឧស្ម័ន​​ធម្មជាតិ​អោយ​តួកគី។ ដូច្នេះ បើ​អឺរ៉ុប​បន្ថយ​​​ទណ្ឌកម្ម​សេដ្ឋកិ​ច្ច​ច្រើនដល់​អ៊ីរ៉ង់​​ ​ហើយ​​ត្រូវ​ទិញឧស្ម័ន​ពី​អ៊ីរ៉ង់​នោះ ​អ៊ីរ៉ង់​អាច​នឹង​ប្រើ​បំពង់​បង្ហូរ​ឧស្ម័ន​អោយ​តួកគី​នោះ ដើម្បីបញ្ជូន​ឧស្ម័ន​​​អោយ​អឺរ៉ុប​ដែរ។ ​​​​ប៉ុន្តែ យោង​តាម​អ្នក​ជំនាញ​ ​​ ​​អ៊ីរ៉ង់​នៅ​ជួប​បញ្ហា​ច្រើន​ ដែល​​ពិបាក​នឹង​​​សម្រេច​ការ​​នាំចេញប្រេង​និង​ឧស្ម័ន​ទៅ​អោយ​អឺរ៉ុប​ ពិបាក​នឹង​ដណ្តើម​ទីផ្សារ​​ឧស្ម័ន​ពី​រុស្ស៊ី។ ​​បញ្ហា​គឺថា ​ការផ្គត់ផ្គង់​ឧស្ម័ន​របស់​អ៊ីរ៉ង់​នៅ​មាន​កម្រិត។ ​​លើស​ពីនេះ ​​អ៊ីរ៉ង់​មានតម្រូវការ​​ ​ឧស្ម័ន​ ​និង​ប្រេង​​ក្នុង​ស្រុក​ខ្ពស់។ ​អ៊ីរ៉ង់​សំបូរ​ឧស្ម័នធម្មជាតិ​ក្តី ឧស្សាហកម្ម​ឧស្ម័ន​​ក្នុងស្រុក​នៅខ្វះខាត និង​ត្រូវការ​ការវិនិយោគ​ខ្ពស់។ ហេតុ​នេះ ​​អ៊ីរ៉ង់​បាន​​​នាំចូល​ឧស្ម័ន​​ពី​ប្រទេស​តួកមេនីស្ថាន ប្រមាណ​​៧ពាន់លាន​ម៉ែត្រ​​គូប​ក្នុង​មួយឆ្នាំៗ។

​បញ្ហា​មួយទៀត ​ដើម្បី​នាំ​​​ឧស្ម័ន​​អ៊ីរ៉ង់​ចូល​​អឺរ៉ុប ​​​អឺរ៉ុប​ត្រូវតែ​ក​​សាង​​ហេដ្ឋារចនា​សម្ព័ន្ធ​​​​ផ្នែក​កែច្នៃ​​ឧស្ម័ន​​ ក្នុង​ទឹកដី​អ៊ីរ៉ង់។ ​​​ការសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​នេះ ​ត្រូវការ​ថវិកា​ខ្ពស់​ ហើយ​ពិសេស​ទៀតនោះ គឺ​​ពេលវេលា​ច្រើន។ ​យើង​អាច​លើក​យក​ប្រទេស​កាតា​មក​ធ្វើ​ជា​ឧទាហរណ៍បាន។ ​កាលពី​ឆ្នាំ​២០០១ កាតា​បាន​ពន្លឿន​នយោបាយ​​ផ្នែក​ឧស្ម័ន​នេះ ប៉ុន្តែ​​​ទម្រាំ​តែ​អាច​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ផ្នែកកែច្នៃ​​​​​ឧស្ម័នបាន​​ កាតា​ត្រូវ​ចាំ​រហូត​ដល់​​ឆ្នាំ​២០១០រឺ​ឆ្នាំ​២០១១​ឯណោះ ​ពោល​គឺ​ត្រូវ​ចាំ​ជិត​១០ឆ្នាំ។ ដូច្នេះ ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អ៊ីរ៉ង់​ក៏ត្រូវការ​ចាំយូរទៀតដែរ ​ទម្រាំ​អឺរ៉ុប​អាច​នាំ​ឧស្ម័ន​ពី​អ៊ីរ៉ង់​ចូលស្រុក​បាន ខណៈ​រុស្ស៊ី ​​មាន​ហេដ្ឋារចនា​សម្ព័ន្ធ និង​របៀបរៀបរយ​​ឥតខ្ចោះ​រួចស្រេច​​ទៅហើយ។ បញ្ហា​មួយទៀតដែរ​ ​គឺ​ថា ​អ៊ីរ៉ង់​នៅ​ខ្វះបច្ចេកទេសការងារ​​ ​​ដើម្បី​​ដឹង​ថា តើ​ត្រូវ​​ផ្តល់​អាទិភាព​​ដល់​​ផ្នែក​​បំពង់​​បង្ហូរ​ឧស្ម័ន​ រឺ​ក៏​​ផ្នែក​​​​កែច្នៃ​ឧស្ម័ន​ធម្មជាតិ​។ ​​

អ៊ីរ៉ង់​នៅមាន​គុណវិបត្តិ​​មួយទៀត​ដែរ​​ ​គឺ​អត្តចរិត​​ ក្នុង​​​ការ​រកស៊ី​ជាមួយ​បរទេស។ ​ ថ្វីបើ​រដ្ឋាភិបាល​​ថ្មី​ដឹកនាំ​ដោយ​លោក​រ៉ូហានី បើក​ចំហរ​ចំពោះ​ប្រទេស​លោកខាងលិច​ក្តី ​អ៊ីរ៉ង់​នៅ​មិនទាន់​​​​អាច​អោយ​ប្រទេស​លោក​ខាងលិច​ទុកចិត្ត​បាន​នៅឡើយ​។ ជាក់ស្តែង កន្លងមក ​​រដ្ឋាភិបាល​​​​​​បាន​លុបចោល​កិច្ច​សន្យា​​​​តម្លៃ​​ដល់​ទៅ​​២ពាន់៥រយលាន​ដុល្លារ ជាមួយ​ក្រុមហ៊ុន​ប្រេង​ចិន​មួយ ដែល​ត្រូវ​ធ្វើការ​អភិវឌ្ឍន៍​កន្លែង​​​ប្រេង​មួយ នៅអ៊ីរ៉ង់។ មូលហេតុ​គឺ​​​ដោយសារ​តែ​​​ក្រុមហ៊ុន​ចិន​​ យឺតយ៉ាវ​ផ្នែក​ការងារ​មួយចំនួន​។

នេះបង្ហាញ​ថា ​អ៊ីរ៉ង់​មិន​ចេះ​​​អនុគ្រោះ ​​មិន​ខ្លាច​នឹង​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​បរទេស​​ទេ ប្រសិន​បើ​ក្រុមហ៊ុន​បរទេស​មិន​អាច​បំពេញ​សំណូមពរ​​ខ្លួន​បាន។ នេះ​​​នៅមិនគិត​ពី​អ្នក​នយោបាយ​​អភិរក្ស​និយម​អ៊ីរ៉ង់​ជាច្រើន​រូប ដែល​រិះគន់​ប្រទេស​លោក​ខាងលិច ​ដែល​​មិនជឿជាក់​ថា​​កិច្ចចរចា​សំណុំរឿង​នុយក្លេអ៊ែរ​ជាមួយ​ប្រទេស​មហាអំណាច​អាច​ឈានទៅ​រក​ជោគជ័យ​ផងនោះ។ អ្នកនយោបាយ​ទាំង​នេះ បាន​អំពាវនាវ​អោយ​ប្រជាជន​​ធ្វើការ​អភិវឌ្ឍន៍​ធនធាន​ក្នុង​ស្រុក​ដោយខ្លួន​ឯង ដោយ​មិនចាំ​បាច់ពឹង​ផ្អែក​បរទេស។ ​ដូច្នេះ ​ចង់​ដណ្តើម​ការ​រកស៊ី​ឧស្ម័ន​និង​ប្រេង​ ​ពី​រុស្ស៊ី ​ក្នុង​ទីផ្សារ​អឺរ៉ុប ​​ទាល់តែ​អ៊ីរ៉ង់​កែប្រែ​ជំហរ​រឹងរូស​ចេញ​សិន​ ធ្វើ​យ៉ាងណាផ្តល់​ទំនុកចិត្ត​ ​​​​​ដល់​អ្នក​​វិនិយោគ​បរទេស។

ទោះ​យ៉ាង​នេះ​​ក្តី ​សហភាព​​អឺរ៉ុប​កន្លងមក​​ ​​បាន​បង្ហាញជំហរ​​ចង់​ធ្វើការ​អភិវឌ្ឍន៍​​ប្រភព​ធនធាន​ផ្សេង​ទៀត ពី​ឧស្ម័ន ដើម្បី​ចៀសវាង​ពឹងផ្អែកទាំងស្រុង​​លើ​ឧស្ម័ន​រុស្ស៊ី។ ពេលនេះ ចង់​​ក្លាយ​ជា​ប្រទេស​ចំបង​បែបយ៉ាង​រុស្ស៊ី ដើម្បី​លក់​ធនធាន​ប្រេង​រឺក៏​​ឧស្ម័ន​អោយ​អឺរ៉ុប​នោះ ​​​អ៊ីរ៉ង់​​​នៅ​មាន​ផ្លូវដើរ​​វែងឆ្ងាយ​​ទៀត​ណាស់៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ