អានតួអត្ថបទ
អ៊ីរ៉ង់​-អារ៉ាប៊ីសាអូឌីត

អ៊ីរ៉ង់​បើក​ប្រតិបត្តិការ​ចែចង់​ប្រទេស​ជិត​ខាង​ក្នុង​តំបន់

បន្ទាប់​ពី​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ​ជាមួយ​ក្រុម​ប្រទេស​មហាអំណាច​ អ៊ីរ៉ង់​ដែល​បណ្តាជន​ភាគ​ច្រើន​កាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត បាន​បង្ហាញ​ចេតនា​​លា​ដៃ​ស្វាគមន៍​ចង់​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​នឹង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ជា​គូ​ប្រជែង​ក្នុង​តំបន់ផង ជា​គូ​ប្រជែង​សាសនា​ផង។

ប្រមុខ​ការទូត​អ៊ីរ៉ង់ លោក Mohamad Javad Zarif ថ្ងៃទី​២៤ ​វិច្ឆិកា ២០១៣
ប្រមុខ​ការទូត​អ៊ីរ៉ង់ លោក Mohamad Javad Zarif ថ្ងៃទី​២៤ ​វិច្ឆិកា ២០១៣ ©Reuters.
ផ្សាយពាណិជ្ជកម្ម

គឺ​ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​នៅ​តំបន់​ឈូង​សមុទ្ទ​ពែក្ស ដែល​ប្រមុខ​ការ​បរទេស​អ៊ីរ៉ង់ បាន​ប្រកាស​ទៅបំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​រីយ៉ាត ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​កំណត់​កាលបរិច្ឆេទ​ច្បាស់​​លាស់​សម្រាប់​ទស្សនកិច្ច​ជាទីរ​ង់​ចាំ​នេះ​ទេ។

 
រដ្ឋាភិបាល​អ៊ីរ៉ង់​ថ្មី​ដែល​​ល្បី​​ថា​មាន​និន្នាការ​មិន​តឹង​រឹង​ បន្ទាប់​ពី​បាន​រក​ឃើញ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ជាមួយ​មហាអំណាចហើយ មិន​បណ្តែត​បណ្តោយ​ឱ្យ​ខូច​ការ​ជាមួយ​នឹង​ប្រទេស​ជិតខាង​ទេ ជាពិសេស​ជាមួយ​នឹង​អារ៉ាប៊ីសាអូឌីត។ រីយ៉ាត និង​បណ្តា​ប្រទេស​ដទៃ​ក្នុង​តំបន់​ ជា​សម្ព័ន្ធមិត្ត​​អាមេរិក បាន​គាំទ្រ​ឱ្យ​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ទីក្រុង​ហ្សឺណែវមែន​ ប៉ុន្តែ​អ្នក​ទទួល​ខុស​ត្រូវ​មួយ​ចំនួន​នៅ​មិន​ទុក​ចិត្ត​ និង​ទាមទារ​ឱ្យ​មាន​ការ​ធានា​សុវត្ថិភាព​ជាតិ​ ក្រែង​អ៊ីរ៉ង់​លួច​​អភិវឌ្ឍន៍​​អាវុធ​នុយក្លេអ៊ែរ​ពីក្រោយ​​​កម្មវិធី​ថាមពល​បរមាណូ។

អារ៉ាប៊ីសាអូឌីត​ និង​អ៊ីរ៉ង់ ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ដូច​គ្នា ប៉ុន្តែ​និកាយ​ផ្សេងគ្នា (និកាយ​ស៊ុយនីត​នៅ​អារ៉ាប៊ីសាអូឌីត ​និង​និកាយ​ស៊ីអ៊ីត​នៅ​អ៊ីរ៉ង់ )ដែល​ពេល​ខ្លះ​សឹង​ចាត់​ទុក​គ្នា​ជា​សត្រូវ​ ជា​គូ​ប្រជែង​គ្នា​ខ្លាំង​ក្នុង​ពិភព​អ៊ីស្លាម និង​ក្នុង​តំបន់​តែ​ម្តង​។

ប៉ុន្តែ​​ពេល​នេះ សម្រាប់​តេអេរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត ជា​ប្រទេស​ដ៏​សំខាន់ និង​មាន​ឥទ្ធិពល​នៅ​ក្នុង​តំបន់ ដែល​អ៊ីរ៉ង់​ត្រូវការ​ចាំបាច់​ពង្រឹង​សហប្រតិបត្តិការ​ជាមួយ។ នេះ​​ជា​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ង់ នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​សមភាគី​កូវែត។

លើស​ពី​នេះ​ទៅ​ទៀត ប្រមុខ​ការទូត​អ៊ីរ៉ង់ កំពុង​សាកល្បង​ស្វែង​រក​ទំនាក់ទំនង​ល្អ និង​ប្រាថ្នា​ដោះស្រាយ​វិបត្តិ​ដែន​ដី​ដែល​មាន​ការ​រកាំ​រកូស​ជា​មួយ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ ដោយ​ប្រកាស​ត្រៀម​ខ្លួន​ចរចា​កោះ​មួយ​ក្នុង​ចំណោម​កោះ​បី​ជាប់​ជម្លោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ