អានតួអត្ថបទ
អ៊ីរ៉ង់-អាមេរិក

អ៊ីរ៉ង់​បរិហារ​របាយការណ៍​របស់​អាមេរិក​ស្តីពី​ភេរវកម្ម

ក្រសួង​ការបរទេស​អ៊ីរ៉ង់ កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ១​មិថុនា បាន​រិះគន់​របាយការណ៍​ប្រចាំឆ្នាំ​របស់​អាមេរិក ថា​មាន​លក្ខណៈ​លំអៀង។ នៅក្នុង​របាយការណ៍​អាមេរិក​ស្តីពី​អំពើភេរវកម្ម​ឆ្នាំ ២០១៣ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ក្រសួង​ការបរទេស​អាមេរិក​នៅតែ​ចាត់ទុក​អ៊ីរ៉ង់​ស្ថិតនៅ​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​ផលិត​ក្រុមភេរវជន។

ក្រុមប្រដាប់​អាវុធ​ដែល​រួម​ប្រយុទ្ធ​ជាមួយ​ក្រុម​អាល់កៃដា
ក្រុមប្រដាប់​អាវុធ​ដែល​រួម​ប្រយុទ្ធ​ជាមួយ​ក្រុម​អាល់កៃដា ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងការបរទេស​អាមេរិក អ៊ីរ៉ង់​ស្ថិតនៅក្នុង​ចំណោម​ប្រទេស​បួន ជាមួយ គុយបា ស៊ីរី និង​ស៊ូដង់ ខាង​ជំនាញ​គាំទ្រ​ក្រុមភេរវជន។ នៅក្នុង​របាយការណ៍​នោះ ក្រសួងការបរទេស​អាមេរិក​បាន​គូស​បញ្ជាក់​ពី​តួនាទី​របស់​ទីក្រុង​តេអេរ៉ង់ ក្នុងការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​រដ្ឋាភិបាល​ស៊ីរី ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមឧទ្ទាម​ប្រឆាំង។

 
នៅក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​បាន​ចាត់ទុក​របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​ថា មាន​លក្ខណៈ​នយោបាយ និង​ធ្វើឡើង​អត្តនោម័តិ។ ជាមួយ​គ្នានោះ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អ៊ីរ៉ង់​ចោទ​សួរ ផ្ទុញ​ទៅវិញ ពី​នយោបាយ​ប្រឆាំង​ភេរវកម្ម​របស់​អាមេរិក ដែល​រហូតមកដល់​ពេលនេះ​បាន​សម្លាប់​ជនស៊ីវិល ច្រើន​ជាង​ក្រុមភេរវជន​ពិតប្រាកដ។

ទីក្រុង​តេអេរ៉ង់​បាន​រិះគន់​អាមេរិក​ផងដែរ​ពីរឿង​ដក​ក្រុម​ប្រជាជន​Moudjahidine ចេញពី​បញ្ជី​ឈ្មោះ​ក្រុម​ភេរវជន របស់ខ្លួន កាលពី​ឆ្នាំ ២០១២។ កាលពី​ឆ្នាំ​២០០៨ អង់គ្លេស និង​សហភាព​អឺរ៉ុប បន្ត​បន្ទាប់គ្នា បាន​ដក​ក្រុមនេះ​ចេញ​ពី​បញ្ជី​ខ្មៅ​របស់ខ្លួន។ ចលនា​ប្រជាជន​ Moudjahidine ដែល​មាន​ទីតាំង​នៅ​បរទេស ជា​ក្រុម​ដែល​បាន​សន្យា​ផ្តួលរំលំ​រដ្ឋាភិបាល​អ៊ីស្លាម​របស់​អ៊ីរ៉ង់ តាមផ្លូវ​សន្តិភាព។ ក្រុមនេះ​ត្រូវ​បាន​សាធារណរដ្ឋ​អ៊ីស្លាម អ៊ីរ៉ង់​ចោទ​ប្រកាន់​ថា បាន​រៀបចំ​ការវាយប្រហារ គ្រាប់បែក និង​សម្លាប់​មនុស្ស និង​ហាមមិន​ឲ្យ​ចូល​ក្នុង​ទឹកដី​អ៊ីរ៉ង់។

អ៊ីរ៉ង់​បាន​ក្លាយជា​ផ្លូវការ រដ្ឋ​ផលិត​ក្រុមភេរវជន នៅឆ្នាំ​១៩៨៤ ពោល​គឺ​នៅ​៥​ឆ្នាំ ក្រោយ​បាតុករ​អ៊ីរ៉ង់​បាន​ចូល​ចាប់​ជា​ចំណាប់ខ្មាំង មន្រ្តីស្ថានទូត អាមេរិក នៅទីក្រុង​តេអេរ៉ង់ កាលពី​ឆ្នាំ ១៩៧៩។ សម្រាប់​អាមេរិក អ៊ីរ៉ង់ នៅតែ​ប្រទេសដែល​អាច​​គ្រោះថ្នាក់​ដល់​សន្តិសុខ​អាមេរិក ព្រោះថា អ៊ីរ៉ង់​នៅ​តែ​គាំទ្រ​យ៉ាងសកម្ម​ក្រុម​ភេរវជន ធ្វើ​សកម្មភាព​ទាំងឡាយ​ដែល​ទាក់ទង​នឹង​អំពើភេរវកម្ម។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ