អានតួអត្ថបទ
ទុយនីស៊ី

ទុយនីស៊ី​កំពុង​ត្រៀម​ខ្លួន​បង្កើត​រដ្ឋាភិបាល​ថ្មី​ បន្ទាប់ពី​​មាន​​ការ​​បាញ់​សម្លាប់​​មេដឹកនាំ​ប្រឆាំង​មួយ​រូប​

ប្រទេស​ទុយនីស៊ី កំពុងត្រៀម​ខ្លួន​បង្កើត​រដ្ឋាភិបាល​ថ្មី បន្ទាប់​ពី​មាន​ការ​បាញ់​សម្លាប់​​មេដឹក​នាំ​ប្រឆាំង​ដ៏​​សំខាន់​​មួយរូប​​។ នៅ​​​​ថ្ងៃ​ពុធ​​ ម្សិលមិញ ​​ទុយនីស៊ី​​បាន​ជួប​នូវ​ស្ថានការ​ច្របូកច្របល់​ខ្លាំង។​ បន្ទាប់​ពី​​​​លោក Chokri Belaïd ដែល​ជា​​​មេដឹក​នាំ​គណបក្ស​ប្រឆាំង​​មួយ​​​ ត្រូវ​បាន​គេ​សំលាប់ ប្រជាជនទុយនីស៊ី​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​​​ធ្វើ​បាតុកម្ម​ នៅ​តាម​បណ្តា​ផ្លូវ​នានា​ នៅ​ក្នុង​ទីក្រុង ប្រឆាំង​នឹង​​រដ្ឋាភិបាល​អ៊ីស្លាម​និយម ​ដែល​កំពុង​តែ​កាន់​អំណាច។ បាតុករ​ទុយនីស៊ី បាន​ចោទ​រដ្ឋាភិបាល​ថា​​ចូលចិត្ត​បង្ក​ការ​ឈឺ​ចាប់​ និង​ហិង្សា​នយោបាយ​​ ដែល​មាន​ក្នុង​ប្រទេស ​ជាច្រើន​ថ្ងៃ​មក​នេះ។ មាន​ប៉ូលិស​​មួយ​រូប​ បាន​បាត់​បង់​ជីវិត ក្នុង​ការ​ប្រឈម​មុខ​គ្នា​រវាង​ប៉ូលិស​ និង​ក្រុម​បាតុករ​​។ នៅ​ចំពោះ​មុខ​បាតុកម្ម​​ដែល​ពុះពោរ​ទៅ​ដោយ​កំហឹង​ នាយករដ្ឋមន្ត្រី​ទុយនីស៊ី បាន​ប្រកាស​ទៅ​កាន់​ប្រជាជាតិ​ទាំង​មូល​ថា នឹង​មាន​ការ​ផ្លាស់​ប្តូរ​​រដ្ឋាភិបាល​សា​ជាថ្មី។

បាតុករ​នាំ​គ្នា​​ដុត​ឯកសារ​គណបក្ស​​អ៊ីស្លាម​កាន់​អំណាច​ នៅ​Gafsa កាល​ពី​ថ្ងៃ​ពុធ​
បាតុករ​នាំ​គ្នា​​ដុត​ឯកសារ​គណបក្ស​​អ៊ីស្លាម​កាន់​អំណាច​ នៅ​Gafsa កាល​ពី​ថ្ងៃ​ពុធ​ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​នៃ​បាតុកម្ម​​​ និង​ភាព​ច្របូកច្របល់​ក្នុង​ប្រទេស​ទុយនីស៊ី​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ គឺ​បណ្តាល​មកពី​ ការ​បាញ់​សំលាប់​​លោក Chokri Belaïd ដែល​ជា​​​មេដឹក​នាំ​សំខាន់​មកពី​​គណបក្ស រួមជាតិ​ប្រជាធិបតេយ្យ ដែល​ជា​បក្ស​​ប្រឆាំង​​ឆ្វេង​និយម។​

នៅ​រសៀល​ថ្ងៃ​ពុធ ​ប្រជាជន​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​​​ចុះ​ធ្វើ​បាតុកម្ម​ នៅ​តាម​​​ផ្លូវ​នានា​ ​ក្នុង​ទីក្រុង ប្រឆាំង​នឹង​​រដ្ឋាភិបាល​អ៊ីស្លាម​និយម ​ដែល​កំពុង​តែ​កាន់​អំណាច។ បាតុករ​ទុយនីស៊ី ចោទ​រដ្ឋាភិបាល​ថា​​ចូលចិត្ត​បង្ក​ការ​ឈឺ​ចាប់​ និង​ហិង្សា​នយោបាយ​​។​ បាតុកម្ម​កាល​ពី​ម្សិលមិញ​ បាន​បន្ត​រហូត​ដល់​យប់​ថ្ងៃ​ពុធ ហើយ​​ការ​ប្រឈម​មុខ​គ្នា​រវាង​ប៉ូលិស​ និង​ក្រុម​បាតុករ​ បាន​បណ្តាល​អោយ​​​ប៉ូលិស​​មួយ​រូប​ ​បាត់​បង់​ជីវិត។ បាតុកម្ម​ទាំង​នេះ​ ធ្វើ​អោយ​គេ​នឹក​ឃើញ​ដល់​ការ​បះបោរ​របស់​ប្រជាជន​ កាល​ពីពីរ​ឆ្នាំ​មុន។

នៅ​ចំពោះ​មុខ​​មហា​បាតុកម្ម​ នាយករដ្ឋមន្ត្រី​ទុយនីស៊ី លោក Hamadi Jebali បាន​ប្រកាសថា ​វិធានការ​​ផ្លាស់​ប្តូរ​​រដ្ឋាភិបាល​​​​ ក្នុង​​ប្រទេស​សា​ជាថ្មី​ម្តង​ទៀត​។ ចំពោះ​​ក្រុម​​ប្រឆាំង​ ការ​ប្រកាស​របស់​​លោក Jebali គ្រាន់​តែ​ជា​​​​​វគ្គ​​ចាប់​ផ្តើម​​មួយ​តែ​ប៉ុណ្ណោះ។ រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ​នេះ​ ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ និង​បក្ស​ប្រឆាំង​​​មាន​ភាព​តានតឹង​ជា​ខ្លាំង។ ជារឿយៗ ​កិច្ច​ប្រជុំ​របស់​គណបក្ស​ប្រឆាំង​តែង​តែ​​​ទទួល​រង​នូវ​ការ​វាយ​ប្រហារ​ផ្សេងៗ​ ជាប់​ជានិច្ច។ កាល​ពី​ថ្ងៃ​អង្គារ​ នៅពេល​ដែល​ខ្លួន​​នៅ​មាន​ជីវិត​រស់​នៅ​ នៅ​ឡើយ​​ លោក Chokri Belaïd បាន​ផ្តល់​សន្និសីទ​សារព័តម៌ាន​មួយ​ ដោយ​បាន​បរិហារ​រដ្ឋាភិបាល​ថា​បាន​​​​​​បង្ក​​អំពើ​ហិង្សា។ សំរាប់​ក្រុម​សិទ្ធិ​មនុស្ស​ទុយនីស៊ី លោក Chokri Belaïd គឺ​ជា​អ្នក​ដែល​​ទើស​មុខ​ទើស​មាត់ ​​​ដល់​​គណបក្ស​អ៊ីស្លាម​​​កាន់​អំណាច​។

បន្ទាប់​ពី​ លោក Chokri Belaïd បាន​​បាត់​បង់​ជីវិត​​មក​ គណបក្ស​ប្រឆាំង​ចំនួន​បួន​បាន​​ដក​ខ្លួន ​ចេញ​ពី​​សភា​ទុយនីស៊ី។ សភា​ទុយនីស៊ី​​ដែល​​​ធើ្វ​ការ​យឺតយ៉ាវ​ ក្នុង​ការ​រៀប​ចំ​បង្កើត​​ច្បាប់។
គណបក្ស​ប្រឆាំង​​ទាំង​នេះ​ បាន​សុំ​អោយ​ប្រជាជន​​ធ្វើ​បាតុកម្ម​​​សា​ជាថ្មី​ នៅ​ថ្ងៃ​សុក្រ​នេះ​ ក្នុង​ឧកាស​បុណ្យ​សព​របស់​​ លោក Chokri Belaïd។

គណបក្ស​ប្រឆាំង​​ទាំង​​បួន​នេះ​ នៅ​ចាំ​មើល​ថា តើ​វិធានការ​បន្ទាន់​​ក្នុង​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល របស់​នាយករដ្ឋមន្ត្រី​ទុយនីស៊ី អាច​នឹង​​ផ្លាស់​ប្តូរ​​​អ្វី​ខ្លះ​ដល់​ពួក​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ