អានតួអត្ថបទ
ទុយនីស៊ី

បាតុករ​ទុយនីស៊ី​បន្តដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​អន្តរកាល​

អ្នកនាំពាក្យ​នៃ​រដ្ឋាភិបាល​អន្តរកាល​ទុយនីស៊ី​បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃចន្ទ​ទី២៤​មករា​ថា​ ​ នឹង​មាន​ការ​រុះរើ​ប្តូរ​សមាសភាព​នៃ​រដ្ឋាភិបាល​អន្តរកាល​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ។​ ចំណែកឯ​ប្រជាជន​ទុយនីស៊ី​រាប់​ពាន់នាក់​នៅតែ​បន្ត​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ ​ ដោយ​ជា​ថ្មី​ម្តង​ទៀត​ពួកគេ​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ដោយ​ពុំ​គោរព​បំរ៉ាម​គោចរ​អ្វី​ឡើយ។​ ​ ពួកគេ​នៅតែ​បន្ត​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ណា​ដែល​ធ្លាប់​ធ្វើការ​បម្រើ​របប​បិន​ អាលី​ឲ្យ​លាចាកចេញ​ពី​មុខ​តំណែង។

បាតុករ​​ទុយនីស៊ី​​នៅតែ​ពុំព្រម​​ដើរ​ចាក​ចេញ​ពី​​ទីស្នាក់ការ​​នៃ​​រដ្ឋាភិបាល​​អន្តរកាល​​
បាតុករ​​ទុយនីស៊ី​​នៅតែ​ពុំព្រម​​ដើរ​ចាក​ចេញ​ពី​​ទីស្នាក់ការ​​នៃ​​រដ្ឋាភិបាល​​អន្តរកាល​​ © Zohra Bensemra / Reuters
ផ្សាយពាណិជ្ជកម្ម

01:40

សេចក្តីរាយការណ៍របស់​ សៀក សារិន

នៅក្នុង​ជួរ​រដ្ឋាភិបាល​អន្តរកាល​ទុយនីស៊ី​ ​ គេនៅតែ​មាន​ការ​រួញរា​នៅឡើយ​ ​ ដោយ​ពុំ​ដឹងថា​តើគេ​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ប្រជាជន​ទុយនីស៊ី​បាត់ខឹង​ក្រេវក្រោធ។​ ក៏ប៉ុន្តែ​អ្វីដែល​ជាក់ ច្បាស់​គឺ​គេ​សង្កេត​ឃើញ​មាន​ការ​ប្តូរ​ប្រែប្រួល។​ ប្រឈម​មុខ​ទល់​នឹង​កំហឹង​របស់​បាតុករ​ ​ រដ្ឋាភិបាល​អន្តរកាល​ទុយនីស៊ី​ពុំ​អាច​នៅ​ស្ងៀម​ធ្វើគរ​ធ្វើថ្លង់​បានឡើយ។

អ្នកនាំពាក្យ​នៃ​រដ្ឋាភិបាល​អន្តរកាល​បាន​ប្រកាស​ឲ្យដឹង​ថា​ ​ នឹងមាន​ការប្តូរ​ប្រែ​សមាសភាព​នៃ​រដ្ឋាភិបាល​អន្តរកាល​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ។​ គេ​កត់​សម្គាល់​ឃើញ​ថា​ ​ ក្រោយពី មាន​ការ​លាចាក​ចេញ​ពី​មុខ​តំណែង​ដោយ​រដ្ឋមន្ត្រី​៥រូប​កាលពី​សប្តាហ៍​មុន​ ​ គេ​ត្រូវ​រក​សមាជិក​រដ្ឋាភិបាល​៥រូប​ទៀត​យកមក​ដាក់​ជំនួស។​ ក៏​ប៉ុន្តែ​បាតុករ​ដែល​ខឹង​ក្រេវក្រោធ​ នៅតែ​ប្រកាស​ទាមទារ​ឲ្យ​រាល់​រដ្ឋមន្ត្រី​ណា​ដែល​ធ្លាប់​ធ្វើការ​បម្រើ​របប​បិន​ អាលី​ត្រូវ​តែ​ចាកចេញ​ពី​រដ្ឋាភិបាល​អន្តរកាល​ទុយនីស៊ី។

រីឯ​យោធា​ទុយនីស៊ី​ដែលមាន​ប្រជាប្រិយភាព​ដ៏​ខ្លាំងក្លា​ ហើយ​ដែល​មាន​ការ​គាំទ្រ​ពី​ប្រជាជន​​ ​ ដោយសារតែ​កងកម្លាំង​យោធា​ទុយនីស៊ី​ពុំ​បានបាញ់​ទៅលើ​ហ្វូង​បាតុករ។

អគ្គសេនាធិការ​នៃ​កងកម្លាំង​យោធា​ទុយនីស៊ី​លោក​Rachid Amar​បាន​ថ្លែង​ទៅកាន់​ក្រុម បាតុករ​ឲ្យ​ដើរចេញ​ពី​ទីស្នាក់ការ​នៃ​រដ្ឋាភិបាល​អន្តរកាល​ ​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​បំពេញ​កាតព្វកិច្ច​របស់គេ។​ ក៏ប៉ុន្តែ​បាតុករ​ទុយនីស៊ី​នៅតែ​ពុំព្រម​ដើរ​ចាកចេញ​ពី​ទីស្នាក់ការ​នៃ​រដ្ឋាភិបាល​អន្តរកាល​ឡើយ។

ចំណែកឯ​បាតុករ​ទុយនីស៊ី​ខ្លះ​បាន​ថ្លែង​ថា​ ​ ប្រជាជន​ទុយនីស៊ី​បាន​ស្តាប់​តាម​ការ​បង្គាប់​បញ្ជា​របស់​អ្នកដឹកនាំ​ទុយនីស៊ី​គ្រប់គ្រាន់​ហើយ។​ ឥឡូវនេះ​ ​ ដល់វេន​អ្នកដឹកនាំ​ទុយនីស៊ី​ត្រូវ​ស្ដាប់​និង​ត្រូវឮ​សម្រែក​ទាមទារ​របស់​ប្រជាជន​ទុយនីស៊ី​វិញម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ