អានតួអត្ថបទ
លីប៊ី-តុលាការព្រហ្មទណ្ឌអន្តរជាតិ

តើ​កូនប្រុស​កាដាហ្វី Seif al-Islam Kadhafi កំពុង​ស្ថិត​នៅ​ទីណា ?

នៅ​ប្រទេស​លីប៊ី ព័ត៌មាន​ស្រពេចស្រពិល​កំពុង​កើត​មាន​ឡើង​ជុំវិញ​ជោគវាសនា​របស់​កូនប្រុស​កាដាហ្វី​ម្នាក់​ឈ្មោះ Seif al-Islam Kadhafi និង​អតីត​ប្រធាន​ក្រសួង​ស៊ើបការ​សម្ងាត់​ក្នុង​ជំនាន់​កាដាហ្វី​ឈ្មោះ Abdallah Senoussi។ បើ​យោង​តាម​ប្រភព​ពី​ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី អ្នក​ទំាង​ពីរ​បាន​សុខចិត្ត​ប្រគល់​ខ្លួន​ទៅ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ចំណែក​លោក​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក៏​បាន​បញ្ជាក់​ក្រៅ​ផ្លូវការ​ថា ធ្លាប់​បាន​ជជែក​ជា​មួយ​កូនប្រុស​កាដាហ្វី។ ចំណែក​​កាសែត​នៅ​អាហ្រ្វិកខាងត្បូង​ឯណោះ​បាន​បញ្ជាក់​ថា កូនប្រុស​កាដាហ្វី​កំពុង​ស្ថិត​ក្រោម​ការ ការពារ​ពី​ក្រុម​ទាហាន​ស៊ីឈ្នួល​អាហ្រ្វិកខាងត្បូង។ សូម​ជម្រាប​ជូន​ថា កាល​ពី ៤ខែ​មុន តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ Seif al-Islam Kadhafi និង​ Abdallah Senoussi។

កូនប្រុស​កាដាហ្វី Seif al-Islam Kadhafi
កូនប្រុស​កាដាហ្វី Seif al-Islam Kadhafi AFP/ Mahmud Turkia
ផ្សាយពាណិជ្ជកម្ម

ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​នៃ​ទូរទស្សន៍ CNN ដែល​ថា តើ​កូន​ប្រុស​កាដាហ្វី Seif al-Islam Kadhafi ចង់​ប្រគល់​ខ្លួន​ទៅ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឬ​ទេ​​នោះ ? លោក​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ Luis Moreno Ocampo មិន​បាន​ឆ្លើយ​ឲ្យ​បាន​ច្បាស់លាស់​ទេ មាន​ក៏​ថា អត់មាន​ក៏​មិន​ថា​ដែរ។ ក៏​ប៉ុន្តែ លោក Ocampo គ្រាន់​តែ​បាន​លើក​ឡើង​ក្រៅ​ផ្លូវការ​ថា ធ្លាប់​បាន​ជជែក​ជាមួយ Seif al-Islam Kadhafi តាម​រយៈ​អន្តរការី​ម្នាក់។ គឺ​តាម​រយៈ​កិច្ចចរចា​ដោយ​ប្រយោល​ដែល​លោក​រដ្ឋអាជ្ញា​មាន​អារម្មណ៍​ថា Seif al-Islam Kadhafi មាន​បំណង​ចង់​ប្រគល់​ខ្លួន​ទៅ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

ទន្ទឹម​គ្នា​នេះ លោក​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក៏​បាន​អះអាង​ពី​ការ​ទទួល​ព័ត៌មាន​ក្រៅ​ផ្លូវការ​ថា មាន​ក្រុមទាហានស៊ីឈ្នួល​មួយ​បាន​យល់​ព្រម​បញ្ជូន​ខ្លួន Seif al-Islam Kadhafi ទៅ​កាន់​រដ្ឋ​មួយ​ដែល​មិន​ស្ថិត​ក្នុង​លក្ខន្តិកៈ​នៃ​ទីក្រុង​រ៉ូម។

លោក​រដ្ឋអាជ្ញា​បាន​សន្យា​ថា បើ​ Seif al-Islam Kadhafi សុខចិត្ត​ប្រគល់​ខ្លួន​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មែន រូប​គេ​នឹង​ត្រូវ​ទទួល​ការ​កាត់ទោស​ទៅ​តាម​ច្បាប់​របស់​តុលាការ​អន្តរជាតិ ហើយ​នឹង​អាច​រួច​ខ្លួន ប្រសិន​បើ​គ្មាន​ភស្តុតាង​បញ្ជាក់​ពី​បទឧក្រិដ្ឋ​របស់​គេ​ទេ​នោះ។ ដើម្បី​អាច​ទៅ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន លោក​រដ្ឋអាជ្ញា​បាន​ឲ្យ​ Seif al-Islam Kadhafi ប្រគល់​ខ្លួន​ទៅ​រដ្ឋអំណាច​នៃ​ប្រទេស​ណា​មួយ​តាម​ជម្រើស​របស់​ខ្លួន បន្ទាប់​មក តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជា​អ្នក​រ៉ាប់រង​រៀបចំ​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ទីក្រុង​ឡាអេ។

សូម​រម្លឹក​ជូន​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​តាម​រក​ចាប់​ខ្លួន Seif al-Islam Kadhafi ពី​បទឧក្រិដ្ឋកម្ម​ប្រឆំាង​មនុស្សជាតិ។ Seif al-Islam Kadhafi ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ការ​កាប់​សម្លាប់ និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនស៊ីវិល​ដែល​ប្រព្រឹត្ត​ដោយ​កម្លំាង​សន្តិសុខ​លីប៊ី តំាង​ពី​មាន​ការ​ងើប​បះបោរ​ប្រឆំាង​នឹង​កាដាហ្វី​នា​ពាក់​កណ្តាល​ខែ​កុម្ភៈ។

តើ Seif al-Islam Kadhafi កំពុង​ស្ថិត​នៅ​ទីណា ? អត់​មាន​អ្នក​ណា​ដឹង​ច្បាស់​ទេ នៅ​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ