អានតួអត្ថបទ
លីប៊ី

អូតង់​បំផ្លាញ​នាវា​ចម្បាំង ៨​គ្រឿង​របស់​លីប៊ី

នៅអធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍ ចូល​ដល់​ថ្ងៃ​សុក្រ​ទី ២០ ឧសភា ២០១១ យន្តហោះ អូតង់​ បាន​បើកការវាយប្រហារ​ខ្លាំង ​ទៅ​លើ​ទីតាំង​កម្លាំងទ័ព​ជើងទឹក​លីប៊ី នៅទីក្រុង​ទ្រីប៉ូលី ដោយ​បាន​បាញ់​បំផ្លាញ នាវា​ចម្បាំង​៨​គ្រឿង​របស់​រដ្ឋាភិបាល​លីប៊ី។ ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​បាន​ស្វាគម​ដល់​ការងារ​របស់​អូតង់​ដែល​បាន​អន្តរាគម​ទាន់ពេលវេលា ជួយ​ស្រោចស្រង់​ជីវិត​ប្រជាជន​ស៊ីវិល​រាប់ពាន់នាក់។

អូតង់​បាញ់​បំផ្លាញ​នាវា​ចម្បាំង​៨គ្រឿង​របស់​លោកកាដាហ្វី នៅយប់​ព្រហស្បតិ៍ ទី ១៩ ខែ ឧសភា ២០១១
អូតង់​បាញ់​បំផ្លាញ​នាវា​ចម្បាំង​៨គ្រឿង​របស់​លោកកាដាហ្វី នៅយប់​ព្រហស្បតិ៍ ទី ១៩ ខែ ឧសភា ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

សម្រាប់​អង្គការ​អូតង់ ដែល​បើក​ប្រតិបត្តិការ​ជិត ពីរខែ នៅលីប៊ី ការវាយប្រហារ បំផ្លាញ​នាវាចម្បាំង​របស់​លោក​កាដាហ្វី គឺ​ជាកិច្ចការ​មួយ​ខាន​មិនបាន ដើម្បី​ការពារ​ជន​ស៊ីវិល​ផង និង​ដើម្បី​ការពារ​នាវា​អូតង់​ដែល​ប្រចំាការ នៅក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។ អូតង់​បាន​បង្ហាញ​ពី​ភាពស្របច្បាប់ និង​ចាំបាច់ របស់ខ្លួន ក្នុងការវាយប្រហារ​លើកនេះ ដោយថា ​កាដាហ្វី មេដឹកនាំ​ផ្តាច់ការ​លីប៊ី កំពុង​ប្តូរ​យុទ្ធសាស្រ្ត ប្រើ​នាវា​ចម្បាំង​បាញ់​សម្លាប់​ជន​ស៊ីវិល នៅ​ទីក្រុង​មីស្រាតា និង​រារាំង​មិន​ឲ្យ​នាវា​ដឹកជំនួយ​មនុស្ស​ធម៌​ចូល​លីប៊ី។

 
នៅប៉ុន្មាន​សប្តាហ៍​នេះ យន្តហោះ​អូតង់​បាន​បាញ់​ជាច្រើនដង សំដៅ​ផ្ទះ​របស់​កាដាហ្វី ដោយ​ប្រើហេតុផល​ថា ក្នុង​បរិវេណ​ផ្ទះ​របស់​កាដាហ្វី មាន​បង្កប់​ទៅ​ដោយ​ទីតាំង​បញ្ជាការ​ទាហាន និង​ឃ្លាំង​ស្តុកទុក​គ្រាប់។ ការវាយប្រហារ​ជាប់ៗគ្នា រហូត​ធ្វើ​ឲ្យ​គេ​សង្ស័យថា មេដឹកនាំ​កាដាហ្វី​ត្រូវ​របួសផង។ ប៉ុន្តែ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ទូរទស្សន៍​រដ្ឋ​លីប៊ី​បាន​បង្ហាញ​មុខ​លោក​កាដាហ្វី សុខភាព​ល្អ ពាក់វ៉ែនតា​ខ្មៅ និង​ឈរ​និយាយ​យ៉ាង​ស្រស់ស្រាយ​ជាមួយ សហការីទូត​ដែល​ទើប​ត្រលប់​មក​ពី​រុស្ស៊ី។

លោក​Anders Fogh Rasmussen អគ្គលេខាធិការ​របស់​អូតង់​បាន​វាយតម្លៃ​ថា ប្រតិបត្តិការ​ជាប់ៗ​គ្នា​របស់​អូតង់ បាន​បំផ្លាញ​ម៉ាស៊ីន​សម្លាប់​មនុស្ស​របស់​លោក​កាដាហ្វី។ លោក​ជឿជាក់ថា ការដាក់​គំនាប​ផ្នែក​អាវុធ និង​នយោបាយ​នឹង​ធ្វើ​ឲ្យ​លោក​កាដាហ្វី​ចុះ​ពី​អំណាច នៅពេល​ដ៏ខ្លី​ខាងមុខ។

ប្រធាន​គណៈកម្មការ​សហភាព​អាហ្រ្វិក​ដែល​ធ្លាប់​បើកភ្លើង​ខៀវ​ឲ្យ​មាន​អន្តរាគមន៍​ទ័ពអន្តរជាតិ នៅ​លើ​ដែន​អាកាស​លីប៊ី បាន​ចេញ​ប្រតិកម្ម នៅថ្ងៃ​នេះ ថា ប្រទេស​ចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា​នៅលីប៊ី កំពុង​រំលោភ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ ដោយថា សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ បាន​និយាយ​តែ​ពី​ការការពារ​សន្តិសុខ​ប្រជាជន​ស៊ីវិល តែ​មិន​មែន​ការបណ្តេញ​លោក​កាដាហ្វី​ចេញ​ពី​អំណាច​នោះទេ។

អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​លីប៊ី​វិញ ចាត់ទុក​ប្រតិបត្តិការ​របស់​អូតង់ ថា ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ។ អ្នកនាំពាក្យ​រូបនេះ​ក៏​បាន​បដិសេធ​សំដី​របស់​ប្រមុខការទូត​បរទេស​អាមេរិកាំង​ដែល​ថា ការវាយប្រហារ​ខ្លាំង​របស់​អូតង់​បាន​ធ្វើ​ឲ្យ​កូនស្រី និង​ប្រពន្ធ​របស់​កាដាហ្វី រត់ទៅ​ជ្រក​លាក់ខ្លួន នៅទុយនីស៊ី ដែល​ជា​ប្រទេស​ជិតខាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ