អានតួអត្ថបទ
បារាំង

វិហារ​ប្រវត្តិសាស្ត្រ​អាយុ៨៥០​ឆ្នាំ​នៅ​ប៉ារីស​ត្រូវ​ភ្លើង​ឆេះ​យ៉ាង​ដំណំ

អគ្គិភ័យ​ឆាប​ឆេះ វិហារ​ប្រវត្តិ​សាស្ត្រ ឡា កាតេដ្រាល់ ដឺ ណូត្រ ដាម (La cathédrale de Notre-Dame) ដែល​ជា​កន្លែង​ដ៏​ល្បីល្បាញ​មួយ​នៅ​កណ្តាល​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ វិហារ​ដែល​មាន​អាយុ​​ប្រមាណ​៨៥០ឆ្នាំ​នេះ ត្រូវ​ភ្លើង​ឆេះ​ផ្នែក​ដំបូល ​ប៉ុន្តែ​រចនាសម្ព័ន្ធ​របស់​វិហារ រួម​ទាំង​ប៉ម២ ដែល​មាន​ព្យួរ​ជួង ត្រូវ​បាន​ជួយ​ស្រោច​ស្រង់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​បារាំង​។

វិហារ Notre-Dame de Paris ចំណាស់​ ៨៥០ឆ្នាំ ដែល​ត្រូវ​ភ្លើងឆេះ កាល​ពីល្ងាចថ្ងៃចន្ទ ១៥មេសា ២០១៩
វិហារ Notre-Dame de Paris ចំណាស់​ ៨៥០ឆ្នាំ ដែល​ត្រូវ​ភ្លើងឆេះ កាល​ពីល្ងាចថ្ងៃចន្ទ ១៥មេសា ២០១៩ REUTERS
ផ្សាយពាណិជ្ជកម្ម

 

អគ្គិភ័យ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង៦ និង៣០នាទី​នាថ្ងៃទី​១៥ ខែ​មេសា​(ម៉ោង​នៅ​ប្រទេស​បារាំង) ហើយ​មិន​ប៉ុន្មាន​នាទី​ផង​ភ្លើង​បាន​ឆាប​ឆេះ​ផ្នែក​ដំបូល​របស់​វិហារ​នេះ ដែល​ធ្វើ​ឲ្យ​បង្អូចកញ្ចក់ និង​ផ្នែក​រចនា​សម្ព័ន្ធមួយ​ចំនួន​ដែល​ធ្វើ​ពី​ឈើ​ត្រូវ​រង​ការ​បំផ្លាញ​និង​ធ្វើ​ឲ្យ​ដួល​រលំ​ផ្នែក​ដំបូល។

រូបភាព​វីដេអូ ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​បង្ហាញ​ឲ្យ​ឃើញ​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​ឆេះ​ផ្នែក​ខាង​លើ​នៃ​វិហារ​នេះ ប៉ុន្តែ​ប៉ម​ពីរ​ទៀត ដែល​ស្ថិត​នៅ​លើ​តួវិហារ​តែ​មួយ​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ​។ កម្លាំង​ពន្លត់​អគ្គិភ័យ​ប្រមាណ​៥០០នាក់​បាន​ជួយ​គ្នា​ការពារ​មិន​ឲ្យ​ប៉ម​ទាំង​ពីរ​នេះ​ដួល​រលំ​។ បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ពន្លត់​អគ្គិភ័យ រចនា​សម្ព័ន្ធ​ទាំង​មូល​របស់​អគារ​ត្រូវ​បាន​ជួយ​សង្រ្គោះ​ទាន់​ពេល​វេលា​។

មនុស្ស​រាប់ពាន់​នាក់​បាន​ឈរ​នៅ​លើ​ផ្លូវ​ជុំវិញ​វិហារ យ៉ាង​ស្ងៀមស្ងាត់​សម្លឹង​មើល​វិហារ ដែល​បាន​ឆាប​ឆេះ​ដោយ​ភ្លើង ហើយ​មនុស្ស​មួយ​ចំនួន​បាន​បន់​ស្រន់​កុំ​ឲ្យ​ភ្លើង​នេះ​រាលដាល​ដល់​ប៉ម​ពីរ​ទៀត​។ ចំណែក​ឯ ព្រះ​វិហារ​ផ្សេង​ទៀត​ ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៉ារីស​បាន​បន្លឺ​សំឡេង​ជួង​របស់​ខ្លួន បន្ទាប់​ពី​ផ្សែង​ខ្មួលខ្មាញ់​បាន​ហោះ​ទៅ​លើ​អាកាស។

លោក​ប្រធានា​ធិបតី​បារាំង​ភ្លាមៗ​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​ហេតុការណ៍​នេះ បាន​លុប​ចោល​ការ​ថ្លែង​របស់​លោក ដែល​គ្រោង​ធ្វើ​ឡើង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​។ ជា​ការ​ថ្លែង​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​បារាំង ដែល​បាន​កើត​ឡើង​រាប់​ខែ​មក​ហើយ​។

នៅ​ឯ​កន្លែង​កើត​ហេតុ​លោក​ម៉ាក្រុង បាន​និយាយ​ថា​វិហារ​នេះ ត្រូវ​បាន​កសាង​ឡើង​សម្រាប់​ពលរដ្ឋ​បារាំង​គ្រប់​គ្នា រួម​ទាំង​មនុស្ស ដែល​មិន​ធ្លាប់​មក​ដល់​កន្លែង​នេះ​ផង​ដែរ​។ លោក​បន្ត​ថា រដ្ឋាភិបាល​របស់​លោក​នឹង​កសាង​វិហារ ណូត្រ ដាម ឡើង​វិញ​ជា​មួយ​ពលរដ្ឋ​បារាំង​ទាំង​អស់​គ្នា​។

ចំណែក​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​វិញ បាន​បង្ហោះ​សារ​នៅ​តាម​បណ្តាញ​Twitter ថា​ វាជា​រឿង​ដ៏​គួរ​ឱ្យ​រន្ធត់ ដែល​ឃើញ​វិហារ​នេះ​ត្រូវ​ភ្លើង​ឆេះ ហើយ​លោក​បន្ថែម​ថា​អាជ្ញាធរ​បារាំង​គួរ​ពន្លត់​ភ្លើង​នេះ​ឲ្យឆាប់​។

វិហារ​ណូត្រ ដាម មាន​ទីតាំង​នៅ​កណ្តាល​ក្រុង​ប៉ារីស ត្រូវ​បាន​សាងសង់​បញ្ចប់​ទាំង​ស្រុង​នៅ​ពាក់​កណ្តាល​សតវត្សរ៍ទី​១២ ដោយ​ប្រើប្រាស់​ពេល​វេលា​ប្រមាណ​២០០ឆ្នាំ​។ អំឡុង​បដិវត្ត​ក្នុង​ប្រទេស​បារាំង​នា​សតវត្សរ៍​ទី១៨ វិហារ​នេះ​ត្រូវ​បាន​វាយ​កំទេច​ក្នុង​អំពើហឹង្សា​ប្រឆាំង​នឹង​ពួក​កាតូលិក​។

បើក្រឡេក​ទៅ​មើល​ត្រឹម​សតវត្សរ៍​ទី២០ ដែល​ពោរ​ពេញ​ដោយ​សង្រ្គាម​ធំៗ ក៏​វិហារ​មួយ​នេះ​នៅ​តែ​បន្ត​ឈរ​យ៉ាង​ត្រដែត​កណ្តាល​ក្រុង​ប៉ារីស​។ នៅ​ថ្ងៃទី២៤ ខែ​សីហា ឆ្នាំ​១៩៤៤ សំឡេង​ជួង​នៃ​វិហារ​នេះ​បាន​បន្លឺ​ឡើង​ជា​ប្រវត្តិ​សាស្ត្រ ដើម្បី​ប្រកាស​ពី​ការ​ដក​ខ្លួន​ចេញ​របស់​អាឡឺម៉ង់​ពី​ប្រទេស​បារាំង​ក្នុង​សង្រ្គាម​លោក​លើក​ទី២​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ