អានតួអត្ថបទ
ប៉ាគីស្ថាន

ភេរវកម្ម​អត្តឃាត​សង​សឹក​ឲ្យ​មេ​អាល់-កៃដា ?

មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ១៩​នាក់ និង​ជាង​៤០​នាក់ទៀត ត្រូវ​​រង​របួស នៅ​ក្នុង​ភេរវកម្ម​អត្តឃាត​ ពីរ​ផ្ទួនៗ​គ្នា នៅ​ថ្ងៃ​ពុធ​នេះ ប្រឆាំង​នឹង​កង​កម្លាំង​យោធា​មួយ​ក្រុម​ ដែល​បាន​ចូល​រួម​ធ្វើ​ប្រតិបត្តិការ​ចាប់​មេ​ដឹក​នាំ​ជាន់​ខ្ពស់​​អាល់-កៃដា។ ពុំ​ទាន់​មាន​ក្រុម​ណា​​ចេញ​មុខ​ទទួល​ស្គាល់​ទង្វើ​ភេរវកម្ម​នៅ​ក្រុង​Quetta ភាគ​និរតី​ប្រទេស​នេះ​នៅ​ឡើយទេ​ ប៉ុន្តែ​វា​ទំនង​ណាស់​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​​ យូនី អាល់-​ម៉ូរីតានី ​(Younis Al-Mauritani)។

ភេរវកម្ម​អត្តឃាត​ប្រឆាំង​នឹង​មេ​បញ្ជាការ​​កង​ស្វ័យត្រាណ​នៅ​ភាគ​និរតី​ ប៉ាគីស្ថាន
ភេរវកម្ម​អត្តឃាត​ប្រឆាំង​នឹង​មេ​បញ្ជាការ​​កង​ស្វ័យត្រាណ​នៅ​ភាគ​និរតី​ ប៉ាគីស្ថាន © Reuters
ផ្សាយពាណិជ្ជកម្ម

រថយន្ត​​​មួយ​គ្រឿង​ផ្ទុក​ពេញ​ទៅ​ដោយគ្រាប់​រំសេវ ត្រូវ​បាន​​​គេ​បំផ្ទុះ​ឡើង​ ដើម្បី​ទម្លាយ​របង​ គេហដ្ឋាន​​របស់​ឧត្តមសេនីយត្រី ​Farrukh Shahzad មេបញ្ជាការ​រង​កង​កម្លាំងស្វ័យត្រាណ​ Frontier Corps បន្ទាប់​មក​ទើបមាន​​អត្តឃាតជន​ម្នាក់​ដើរ​ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ ដោយ​គប់​គ្រាប់​​បែក​ពីរ​គ្រាប់ មុន​នឹង​ចុច​បំផ្ទុះ​សម្លាប់​ខ្លួន​ឯង​។

 
ភេរវកម្មដែល​ដៅ​ទិស​លើ​កង​ស្វ័យត្រាណ បាន​បង្ក​ឲ្យ​លោកមេបញ្ជាការ​រង​ Farrukh Shahzad រង​របួស។ ចំណែក​ភរិយា និង​កូន​ពីរ​​របស់លោក​ ​ ព្រម​ទាំង​​​ពល​ទាហាន​​​​​របស់​កង​ស្វ័យត្រាណ​ ៧​នាក់​​បាន​ស្លាប់​។

រហូត​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​ក្រុម​ណា​ចេញ​មុខ​​ទទួលសារភាព​ចំពោះ​​អំពើ​ភេរវកម្ម​នេះ​ទេ ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​បាន​ថា​ ​ជា​ស្នាដៃ​របស់ពួក​ភេរវនិយម​អាល់-កៃដា ព្រោះ​នៅ​ថ្ងៃ​ចន្ទ​​ទី​៥​កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ អាជ្ញាធរ​ប៉ាគីស្ថាន​ទើប​បាន​​ផ្សព្វផ្សាយ​ជា​សាធារណៈ​ អំពី​ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​ជាន់​ខ្ពស់​អាល់-កៃដា យូនី អាល់-​ម៉ូរីតានី ​ (Younis Al-Mauritani)។ ជា​ប្រតិបត្តិ​ការ​ ដែល​កង​កម្លាំង​ស្វ័យត្រាណ​ Frontier Corps បាន​ចូល​រួម​យ៉ាង​សស្រាក់​សស្រាំ​ ជា​មួយ​នឹង​​ភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​អាមេរិក។

យូនី អាល់-​ម៉ូរីតានី ​ជាមេកើយ​ធំ​​​​​ម្នាក់​របស់​ចលនា​អាល់-កៃដា និង​ជា​អ្នក​ដែល​បាន​ទទួល​បន្ទុក​កិច្ច​ការ​ផ្ទាល់​ខ្លួន​ជាច្រើន​ពី​ អ៊ូសាម៉ា បិនឡាដិន ក្នុង​ការ​រៀប​ចំ​ធ្វើ​ភេរវកម្ម ប្រឆាំង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​អាមេរិក។

ជា​សរុប​ ​ ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​មនុស្ស​​ជាង​៤៦០០​នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត ក្នុង​អំពើ​ភេរវកម្ម​ នៅប្រទេស​ប៉ាគីស្ថាន​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ