អានតួអត្ថបទ
កម្ពុជា​-ថៃ

ព្រំដែន ៖ កម្ពុជា​សង្ឃឹម​ថា​តុលាការ​ក្រុង​ឡាអេ​នឹង​ចាត់​វិធានការ​បន្ទាន់

បន្ទាប់ពី​បាន​យក​លិខិត​ស្នើ​សុំ​ឱ្យ​បក​ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​របស់​ រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ដាក់​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ កាលពី​ថ្ងៃ​ទី​២៨​មេសា​រួចមក លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​វិលត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ​ នៅព្រឹក​ថ្ងៃទី​៣០​មេសា​នេះ។​ លោក​បាន​ថ្លែង​ពី​ក្តី​សង្ឃឹម​ថា​តុលាការ​ក្រុង​ឡាអេ​នឹង​ចាត់​វិធានការ​ជា​ បន្ទាន់​ ដើម្បី​បញ្ឈប់​ការឈ្លានពាន​ និង​បកស្រាយ​ឱ្យ​ច្បាស់​ថា​ ផ្ទៃដី​៤,៦​គីឡូម៉ែត្រ​ក្រឡា​ដែល​ថៃ​ទាមទារ​ជា​របស់​អ្នកណា? ​នៅ​ឯ​ព្រំដែន​ឯណោះ​វិញ​ ទាហាន​ថៃ​នៅ​តែ​បន្ត​បំពាន​កិច្ចព្រម​ព្រៀង​ឈប់​បាញ់​ហើយ​បន្ត​ផ្ទុះអាវុធ​ ទៀត​កាល​ពី​យប់​និងព្រឹក​មិញ។

លោក ហោ ណាំហុង ធ្វើ​សន្និសីទកាសែតនៅ​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ថ្ងៃទី​៣០ មេសា ២០១១
លោក ហោ ណាំហុង ធ្វើ​សន្និសីទកាសែតនៅ​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ថ្ងៃទី​៣០ មេសា ២០១១ © ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​សន្និសីទ​កាសែត​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​ព្រឹក​មិញ​ លោក​ហោ ណាំហុង ​បាន​អះអាង​ថា​ លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ឱ្យ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ទៅ​តុលាការ​ក្រុង​ឡាអេ​រួចរាល់​ហើយ។ ​ប្រមុខ​ការទូត​កម្ពុជា​បាន​ពន្យល់​ថា​ កម្ពុជា​បាន​ស្នើសុំ​ឱ្យ​តុលាការ​ក្រុង​ឡាអេ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ ឡើងវិញ​ដោយហេតុ​ថា ​តុលាការ​អន្តរជាតិ​មួយ​នេះ​បាន​កាត់​ឱ្យ​កម្ពុជា​ឈ្នះ​ក្តី​ប្រទេស​ថៃ​ក្នុង​រឿង​ព្រះវិហារ​ដោយ​យោង​តាម​ផែនទី​ឧបសម្ព័ន្ធ​ទី១។ ​ដូច្នេះ​កម្ពុជា​សុំ​ឱ្យ​តុលាការ​នេះ​បកស្រាយ​ឡើងវិញ​នូវ​សាលក្រម​នេះ​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ តើ​ដី​ទំហំ​ ៤,៦ ​គ.ម ក្រឡា​ជាប់​ប្រាសាទ​ព្រះវិហារ​ជា​របស់​អ្នកណា​ ?

​លោក​ ហោ ណាំហុង​ពន្យល់​ថា​ កម្ពុជា​បាន​ចរចា​ជាមួយ​ថៃ​តាំងពី​ឆ្នាំ​២០០៨​មក​អំពី​បញ្ហា​ព្រំដែន​នេះ​ ប៉ុន្តែ​ការចរចា​នោះ​គ្មាន​ទទួល​បាន​លទ្ធផល​អ្វី​ទេ​ ពីព្រោះ​តែ​មេដឹកនាំ​ថៃ​ក្រឡេច​ក្រឡុច​យ៉ាងខ្លាំង។ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ថា ​កម្ពុជា​ពិតជា​អភ័ព្វ​ខ្លាំង​ណាស់​ដែល​មាន​ប្រទេស​ជិតខា​ងមួយ​មាន​មេដឹកនាំ​ក្រឡេចក្រឡុច​មិន​អាច​យក​ជាការ​បាន។

ទន្ទឹម​នឹង​ការបកស្រាយ​ សាលក្រម​ឆ្នាំ​១៩៦២​ឡើងវិញ កម្ពុជា​ក៏​បាន​ស្នើសុំ​ឱ្យ​តុលាការ​ឡាអេ​ចាត់​វិធានការ​បន្ទាន់​ ដើម្បី​ការពារ​ប្រាសាទ និង​បញ្ឈប់​ការផ្ទុះអាវុធ​ផង​ដែរ ​ពីព្រោះ​ថៃ​បាន​បំពាន​បទឈប់​បាញ់​ជា​បន្តបន្ទាប់​ សូម្បីតែ​កិច្ចព្រម​ព្រៀង​ដែល​បាន​ធ្វើ​រវាង​មេទ័ព​ប្រទេស​ទាំងពីរ​យៈ​ពេល​២​ថ្ងៃ​ចុងក្រោយ​នេះ។ លោក​ហោ ណាំហុង ​សង្ឃឹម​ថា​ តុលាការ​ឡាអេ​នឹង​ចាត់​វិធានការ​បន្ទាន់​ក្នុង​ពេល​ឆាប់ៗ​នេះ។ រីឯ​ការ​បកស្រាយ​សាលក្រម​ឡើងវិញ​អាច​នឹង​ប្រើ​ពេល​យូរ​បន្តិច​ ពី​ព្រោះ​ តុលាការ​ត្រូវការ​ពេលវេលា​ដើម្បី​ស្រាវជ្រាវ​ឯកសារ​ឡើងវិញ។
នៅ​ឯ​តំបន់​ជាយដែន​ខេត្ត​ឧត្តរមានជ័យ​ឯណោះ ​ទាហាន​ថៃ​នៅតែ​បន្ត​បាញ់​ផ្លោង​ចូល​ក្នុង​ទឹកដី​កម្ពុជា​ដដែល​កាល​ពី​យប់​និង​ព្រឹក​មិញ​បើ​ទោះបី​ជា​មេទ័ព​ទាំង​សង​ខាង​បាន​ចរចា​គ្នា​ពីរ​លើក​ និង​ព្រមព្រៀង​ឈប់​បាញ់​គ្នា​ក៏​ដោយ។ កិច្ចព្រមព្រៀង​ឈប់​បាញ់​ទាំងពីរ​លើក​ត្រូវ​បាន​បំពាន​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការចរចា។ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់​បាន​ហៅ​សមភាគី​ថៃ​ថា​ជា​មនុស្ស​ដែល​ចុះ​ហត្ថលេខា​នឹង​ដៃ​រួច​ហើយ​លុប​វិញ​នឹង​ជើង។

លោក ​ហោ ណាំហុង​ក៏បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ចុង​ក្រោយ​នេះ​ថៃ​បាន​ស្នើ​ចំណុច​ឈរ​ជើង​របស់​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី​ចំនួន​៤​ចំណុច​ដែល​ក្នុង​នោះ​មាន​មួយ​ចំណុច​ស្ថិត​ក្នុង​ដី​កម្ពុជា។​ ក្រសួង​ការបរទេស​កម្ពុជា​កំពុង​តវ៉ា​រឿង​នេះ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី។​ ទាំង​នេះជា​ភស្តុតាង​ដែល​កម្ពុជា​សម្រេច​ចិត្ត​ដាក់​ពាក្យ​ស្នើ​ទៅ​តុលាការ​ក្រុង​ឡាអេ​ឱ្យ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ឡើង​វិញ​ និង​ចាត់​វិធានការ​បន្ទាន់​ប្រឆាំង​ការឈ្លានពាន​របស់​ថៃ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ