អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

នាយករដ្ឋមន្ត្រី​ឥណ្ឌា​និង​ប៉ាគីស្ថាន​នឹង​ជួប​ពិភាក្សាគ្នា​ នៅ​ចុង​សប្តាហ៍​នេះ​

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ ម៉ាន់ម៉ូហាន ស៊ីង បាន​ប្រកាស​ នៅ​​ព្រឹក​ថ្ងៃ​ពុធ​​​នេះ​ថា លោក​នឹង​ជួប​ពិភាក្សា​គ្នា​ជាមួយ​​នាយករដ្ឋមន្ត្រី​​​ប៉ាគីស្ថាន​ គឺ​លោក ណាវ៉ា ស្ហារីហ្វ នៅចុង​សប្តាហ៍​​នេះ នៅក្រុង​ញូវយក សហរដ្ឋ​អាមេរិក​ ផ្សេងគ្នា​ពី​​​​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​។ គិត​ចាប់​ពី​ឆ្នាំ​២០១០មក នេះ​ជា​លើកទី១​ហើយ ដែល​មេដឹកនាំ​កំពូល​នៃ​រដ្ឋាភិបាល​ឥណ្ឌា និង​ប៉ាគីស្ថាន​ ត្រូវ​ជួបគ្នា​ជាថ្មី​ម្តងទៀត។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ Manmohan Singh
នាយករដ្ឋមន្ត្រី​ឥណ្ឌា​ Manmohan Singh Reuters
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី​ឥណ្ឌា​​ ម៉ាន់ម៉ូហាន ស៊ីង បាន​ប្រកាស​​នូវ​ជំនួប​​ជាមួយ​​នាយករដ្ឋមន្ត្រី​​​ប៉ាគីស្ថាន​នេះ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​ មុននឹង​លោក​ឡើងយន្តហោះ​ធ្វើដំណើរ​ទៅ​ចូលរួម​​​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ នៅ​ក្រុងញូវយក។

ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ឥណ្ឌា និង​ប៉ាគីស្ថាន នៅចុងសប្តាហ៍​នេះ ផ្តោតសំខាន់​ទៅលើ​​បញ្ហា តំបន់​ជម្លោះ​​កាស្មៀរ​។ ចាប់​ពី​​​បាន​ទទួល​​​ឯករាជ្យ​​​ពី​អាណានិគម​អង់គ្លេស​ ក្នុង​ឆ្នាំ​​១៩៤៧មក ឥណ្ឌា​និង​ប៉ាគីស្ថាន​ធ្លាប់​ធ្វើសង្គ្រាម​​រឿង​តំបន់​កាស្មៀរ​នេះ ​ពីរដង​រួច​មកហើយ ហើយ​បាន​ឈានទៅ​ដល់​បទឈប់បាញ់​មួយ នៅ​ឆ្នាំ​២០០៣។ ប៉ុន្តែ​ ប្រទេស​ទាំងសងខាង​មិន​បានគោរព​​​បទឈប់បាញ់​នេះទេ។

ជំនួប​រវាង​មេដឹកនាំ​កំពូលទាំងពីរ​ នៅ​ចុង​សប្តាហ៍​នេះ​ មិនបាន​ធ្វើអោយ​គណបក្ស​ប្រឆាំង​ឥណ្ឌា​ពេញចិត្ត​​នោះទេ។ ព្រោះថា ចាប់តាំង​ពី​ដើមខែសីហា​មក ទាហាន​ឥណ្ឌា​៥នាក់ បាន​បាត់បង់ជីវិត នៅក្នុង​ការ​ពួនស្ទាក់​របស់​កងទ័ព​ នៅតាម​ព្រំដែន​រវា​ង​ប្រទេស​ទាំងពីរ។ ឥណ្ឌា​​តែងចោទ​ប៉ាគីស្ថាន​ថា ជាអ្នក​បង្ក​​ហេតុការណ៍​ទាំងអស់នេះ។ ​​គណបក្ស​​ប្រឆាំង​ឥណ្ឌា បាន​លើកឡើងថា ការពិភាក្សានិងអំពើ​ភេរវកម្ម​ មិនអាច​ដំណើរការ​​ទៅ​បាន​ទន្ទឹមគ្នា​នោះទេ។

គួររំលឹកថា​ ដោយ​សារហេតុការ​បាញ់​ប្រហារគ្នា​រវាង​​ឥណ្ឌា​និង​ប៉ាគីស្ថាន នៅតាម​ព្រំដែន​ក្នុង​តំបន់​កាស្មៀរ​នេះហើយ ទើប​បាន​ជា​ការពិភាក្សា​ស្វែងរកសន្តិភាព​រវាង​ប្រទេស​ទាំងពីរ​ ដែលបាន​គ្រោង​ធ្វើ​នៅចុង​ខែ​សីហា​កន្លងទៅ​នេះ ត្រូវ​បាន​ព្យួរចោលទៅវិញ។

ទោះ​ជា​មាន​សម្ពាធ​ពី​បក្ស​ប្រឆាំង​ និង​ពី​ការបោះឆ្នោត​សភា​​ឆ្នាំ​២០១៤ ខាងមុខ​​​​ក្តី នាយករដ្ឋមន្ត្រី​ឥណ្ឌា​បា​ន​សំរេច​ចាប់ដៃ​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ណាវ៉ា ស្ហារីហ្វ ឡើងវិញ។ នេះ​ក៏​ប្រហែល​មកពី​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ដែល​ទើប​ជាប់ឆ្នោត​ កាលពី​ខែ​ឧសភា​នោះ បាន​បង្ហាញ​គោលជំហរ​មុតមាំ ក្នុង​ការ​បន្ធូរបន្ថយ​ភាពតានតឹង​ជាមួយ​ឥណ្ឌា​នោះផងដែរ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ