អានតួអត្ថបទ
កម្ពុជា​-ថៃ

កម្ពុជា-ថៃ ផ្ទុះអាវុធ នៅ​ប្រាសាទ​តាក្របី និង​ប្រាសាទ​តាមាន់ ក្នុង​ខេត្ត​ឧត្តរមានជ័យ

កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ បាន​ផ្តើម​ផ្ទុះ​អាវុធ​ដាក់​គ្នា​ជា​ថ្មី​ម្តង​ទៀត តាម​បណ្តោយ​ព្រំដែន​ប្រហែល ២៥ គីឡូម៉ែត្រ ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំណុច​ប្រាសាទ​តាក្របី និង​ប្រាសាទ​តាមាន់។ ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​គ្រប់​ធុន ចាប់ពី​ម៉ោង ៦ ព្រឹក រហូត​ដល់​រសៀល​ថ្ងៃ​សុក្រ​នេះ បណ្តាល​ឲ្យ​កងទ័ព​កម្ពុជា ពលី​លើ​សមរភូមិ ៣ នាក់ និង​របួស ៦ នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ប្រទេស​ លោក ឈុំ សុជាតិ​ (ស្តាំ) និង​លោក ផៃ ស៊ីផាន ធ្វើ​សន្និសីទ​កាសែត​ ថ្ងៃ​ទី ២២​មេសា ២០១១
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ប្រទេស​ លោក ឈុំ សុជាតិ​ (ស្តាំ) និង​លោក ផៃ ស៊ីផាន ធ្វើ​សន្និសីទ​កាសែត​ ថ្ងៃ​ទី ២២​មេសា ២០១១ © Reuters
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​សន្និសីទ​កាសែត កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ លោក​ឧត្តមសេនីយ៍​ឯក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ របស់​កម្ពុជា បាន​ប្រកាស​ថា នៅ​ម៉ោង ៦ ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​នេះ ទាហាន​ថៃ បាន​ឆ្លង​ដែន​ចូល​មក​ធ្វើការ​ឆ្មក់​វាយប្រហារ​មក​លើ​ទីតាំង​កងទ័ព​កម្ពុជា នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​តំបន់​ប្រាសាទ​តា​ក្របី រហូត​ដល់​ជប់​គគីរ និង​ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​កម្ពុជា។

លោក​ឧត្តម​សេនីយ៍​ឯក ឈុំ សុជាតិ បាន​បន្ថែម​ថា នៅពេល​ដែល​កងទ័ព​ថ្មើរ​ជើង​ថៃ ចូល​មក​ធ្វើការ​ឆ្មក់​វាយប្រហារ មក​លើ​មូលដ្ឋាន​កងទ័ព​កម្ពុជា​នោះ ទាហាន​ថៃ​បាន​ប្រើប្រាស់​អាវុធ​គាំទ្រ​ធុន ដូចជា​ប្រភេទ ដេកា ៧៥ មីលីម៉ែត្រ ដេកា ៨២ មីលីម៉ែត្រ ១០៥ មីលីម៉ែត្រ និង ១៥៥ មីលីម៉ែត្រ បាញ់​ផ្លោង​ចូល​មក​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា ចំងាយ ២១ គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា​-​ថៃ និង​ធ្លាក់​លើ​តំបន់ ដែល​មាន​ប្រជាជន​ស៊ីវិល​រស់នៅ។

អំពី​តុល្យការ​ចុងក្រោយ ត្រូវបាន​លោក​ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ ប្រកាស​ជា​ផ្លូវការ​ថា កងទ័ព​កម្ពុជា បាន​ពលី​ជីវិត​លើ​សមរភូមិ​ចំនួន ៣ នាក់ និង​របួស ៦ នាក់។ ចំណែក​កងទ័ព​ថៃ មិន​ត្រូវបាន​ប្រកាស​ឲ្យដឹង​ជា​ផ្លូវការ​ទេ។​

នៅក្នុង​សន្និសីទ​កាសែត លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក៏​បាន​មាន​ប្រសាសន៍​ថា ការ​ឆ្មក់​វាយ​ពីក្រោយ​ខ្នង​កងទ័ព​កម្ពុជា​នៅ​ថ្ងៃ​នេះ ជា​អំពើ​មួយ ដែល​មិន​អាច​ទទួល​យក​បាន ហើយ​ផ្ទុយ​ស្រលះ​ពី​ឆន្ទៈ​របស់​កម្ពុជា និង​ផ្ទុយ​ស្រលះ​ពី​ស្មារតី​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ចង់ឲ្យ​មាន​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍។

លោក ផៃ ស៊ីផាន បាន​កត់សម្គាល់​ថា ថៃ​បាន​វាយ​ប្រហារ​មក​លើ​កម្ពុជា នៅក្នុង​ទឹកដី​កម្ពុជា ដែល​ជា​ការឈ្លានពាន​លើ​បូរណភាព​ទឹកដី​កម្ពុជា។ ថៃ​ក៏​បាន​វាយប្រហារ​ចំ​លើ​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី ព្រមទាំ​ង​ចំ​លើ​ចំណុច​ប្រជាជន​ស៊ីវិល​ខ្មែរ ដែល​រស់នៅ ចម្ងាយ ២១ គីឡូម៉ែត្រ ពី​ខ្សែ​ព្រំដែន។

​នៅថ្ងៃនេះ ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់ បាន​រត់​ភៀស​សឹក ចេញពី​បណ្តោយ​ព្រំដែន ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ ជា​ទី​ដែល​ថៃ​វាយប្រហារ​លើ​កម្ពុជា។​

ថៃ​វាយប្រហារ​លើ​កងទ័ព​កម្ពុជា នៅ​ប្រាសាទ​តាមាន់ និង​តាក្របី ក្នុង​ខេត្ត​ឧត្តរមានជ័យ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២០០ គីឡូម៉ែត្រ ខាង​លិច​ប្រាសាទ​ព្រះវិហារ នា​ពេលនេះ គឺ​ជា​លើក​ទី​១​ហើយ ចាប់​តាំង​ពី​មាន​ការ​តានតឹង​ផ្នែក​យោធា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ រយៈពេល​ជិត ៣ ឆ្នាំ​មក​នេះ។ កម្ពុជា​-​ថៃ វាយ​ប្រយុទ្ធ​គ្នា ៤ លើក​មក​ហើយ នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ចាប់​តាំង​ពី​ថៃ លើក​ទ័ព​ចូល​ឈ្លាន​ទឹកដី​កម្ពុជា កាលពី​ថ្ងៃ​១៥​កក្កដា ឆ្នាំ​២០០៨៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ