អានតួអត្ថបទ
ថៃ

ថៃ​ក្រោម​សម្ពាធ​តានតឹង ក្នុង​​ថ្ងៃ​តុលាការ​ធម្មនុញ្ញ​ចេញ​សាលក្រម

តុលាការធម្មនុញ្ញ​ថៃ ដែល​បាន​និង​កំពុង​ការពារ​ដោយ​កង​កម្លាំង​ប៉ូលិស​រាប់​រយ​នាក់​ ត្រូវ​ចេញ​សាល​ក្រម​នៅ​ថ្ងៃ​សុក្រ​ទី ១៣​កក្កដា​នេះ លើ​​បណ្តឹង​របស់​គណបក្ស​ ប្រជាធិបតេយ្យ​ ប្រឆាំង​នឹង​​គណបក្ស​ភឿថៃ កំពុង​កាន់​អំណាច។ សាលក្រម​ដែលទើប​ធ្លាក់​មក​ដល់​អំបាញ់​មិញ​នេះ ​ប្រកាស​ច្រាន​ចោល​បណ្តឹងរបស់​គណបក្ស​ប្រជាធិបតេយ្យ។​​ ប្រសិន​បើ​ជា​តុលាការ​​ចេញ​សេចក្តី​សម្រេច​ផ្ទុយ​ពី​នេះ​វិញ នោះ​ គណបក្ស​ភឿថៃត្រូវ​រំលាយ​ចោល​ ហើយ​អាច​​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ជួប​ភាព​​​ច្របូក​ច្របល់​នយោបាយ​ និង​​អំពើ​ហិង្សា​។

ប៉ូលិស​ថៃ​នៅ​មុខ​តុលាការ​ធម្មនុញ្ញ​ ថ្ងៃ​ទី ១៣​ កក្កដា ២០១២
ប៉ូលិស​ថៃ​នៅ​មុខ​តុលាការ​ធម្មនុញ្ញ​ ថ្ងៃ​ទី ១៣​ កក្កដា ២០១២ © reuters
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ប្រជាធិបតេយ្យ​ដែល​គេ​បាន​ស្គាល់​ច្បាស់​ថា​ដឹកនាំ​ដោយ​លោក អាភិស៊ីត វេចាជីវ៉ា ស្និទ្ធិ​នឹង​ក្រុម​បញ្ញាវន្ត​ក្រុង​បាងកក ឬ​ក្រុម​អាវ​លឿង បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​សំណើ​កែ​ប្រែ​ច្បាប់​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៧​របស់​គណបក្ស​ភឿថៃ ដឹកនាំ​ដោយ​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់។ សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ ការ​កែប្រែ​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​រដ្ឋាភិបាល​លោកស្រី​ យីងឡាក់ គឺ​ជា​ការ​គំរាម​កំហែង​របប​រាជា​និយម​ និង​ជា​ពិសេស​ជា​ល្បិចកល​ រក​ច្រក​នាំ​លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត់​ ជា​បង​ប្រុស​ចូល​មាតុ​ប្រទេស​វិញ​តែ​ប៉ុណ្ណោះ។

 
តាមរ​យៈ​បណ្តឹង​​នេះ តុលាការ​ធម្មនុញ្ញ​អាច​នឹង​ចេញ​សាល​ក្រម​ សម្រេច​ឱ្យ​រំលាយ​គណបក្ស​ភឿថៃ ដែល​ទើប​បាន​ឡើង​កាន់​អំណាច​មិន​ទាន់​បាន​មួយ​ឆ្នាំ​ស្រួល​បួល​ផង។ ប៉ុន្តែ​នេះ​ជា​សេណារីយោ​ដ៏​​​អាក្រក់​បំផុត ដែល​នឹង​​អាច​ធ្វើ​ឱ្យមាន​​ផ្ទុះ​អំពើ​ហិង្សា​នយោបាយ ជាក់ជា​ពុំ​ខាន។ ហេតុ​ដូច្នេះ​ហើយ​ទើប​បាន​ជា​គេ​ឃើញ​មាន​ ​ពង្រាយ ប៉ូលិស​ជាង​ពីរពាន់​នាក់​​​ការពារ​ជា​ស្រេច​នៅ​មុខ​តុលាការ តាំង​ពី​ព្រលឹម​មក​។ 

ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​ ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​ធម្មនុញ្ញ​ ថ្ងៃទី​១៣​កក្កដា ២០១២
ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ​ ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​ធម្មនុញ្ញ​ ថ្ងៃទី​១៣​កក្កដា ២០១២ ©Reuters

 
សម្រាប់​គ្រប់​អ្នក​វិភាគ​ និង​អ្នក​ឯកទេស​នយោបាយថៃ ប្រសិន​បើ​តុលាការ​ធម្មនុញ្ញ​សម្រេច​ដូច្នេះ​មែន នោះ​ពិត​ជា​មាន​ប្រតិកម្ម​សន្ធោសន្ធៅ​មិន​ខាន​ពី​សំណាក់​ពួក​អាវ​ក្រហម ដែល​បាន​ប្រកាសព្រមាន​តាំង​ពី​ម្សិលមិញ ​ប្រើ​កម្លាំង​តុលាការ​ប្រជាជនតប​វិញ។ សូម​បញ្ជាក់​ថា តុលាការ​ធម្មនុញ្ញ​ធ្លាប់​បាន​សម្រេច​ ពីរ​ដង រំលាយនិង​ហាម​ឃាត់​សកម្មជន​បក្ស​ជាង​២០០​នាក់ នៃ​គណបក្ស​ដើម​របស់​ភឿថៃ​ មិន​ឱ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ រហូត​ទាល់​តែ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ឡើង​កាន់​អំណាច។ ដូច្នេះ​បើ​ត្រូវ​ដើរ​ជាន់​ស្នាម​ចាស់​ទៀត​មែន វា​ពិត​ដូច​យក​សាំង​ទៅ​ដាក់​លើ​ភ្លើង​ជាមិន​ខាន ! នេះ​បើ​តាម​អ្នក​ឯកនយោបាយ​នៅ​មហាវិទ្យាល័យ​ជូឡាឡុងកន​ ក្រុង​បាងកក។

ប៉ុន្តែ​ជា​សំណាង​ល្អ តុលាការ​ធម្មនុញ្ញ​បាន​សម្រេច​ច្រាន​ចោល​បណ្តឹង​របស់​គណបក្ស​ប្រជាធិបតេយ្យ នៅ​រសៀល​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ