អានតួអត្ថបទ
ថៃ

បាតុកម្ម​របស់​ក្រុម​អាវក្រហម​នៅ​បាងកក​ម្សិលមិញ

នៅ​ឱកាស​​ខួប​​ឆ្នាំ​​លើក​​ទី​​៨០​​នៃ​​ការ​ធ្វើ​​រដ្ឋប្រហារ​​ដែល​​បាន​​បញ្ចប់​​របប​​រាជា​និយម​​ផ្តាច់​ការ​​ថៃ​​​ថ្ងៃ​​ទី​​២៤​​មិថុនា​​ឆ្នាំ​​១៩៣២​​ ក្រុម​​អាវ​ក្រហម​​ បាន​​កេណ្ឌ​​គ្នីគ្នា​​នៅ​​ទីក្រុង​​បាង​កក​​ម្សិលមិញ​​ជា​​ច្រើន​​ពាន់​​នាក់​​បាន​​អំពាវនាវ​​​តុលាកា​រ​ថៃ​​កុំ​​ឲ្យ​​ជ្រៀតជ្រែក​​ក្នុង​​បញ្ហា​​នយោបាយ។​ ​បាតុកម្ម​​របស់​​ក្រុម​​អាវក្រហម​​ថៃ​​ដែល​​មួយ​​ភាគ​ធំ​​ជា​​ជា​​បក្ស​ព័ន្ធ​​គាំទ្រ​​អតីត​​នាយក​​រដ្ឋមន្ត្រី​​ថៃ​​គឺ​​លោក​​ថាក់ស៊ីន​​​បាន​​ប្រព្រឹត្ត​​​ទៅ​​នៅ​​ចំ​ពេល​​ដែល​​វិបត្តិ​​នយោបាយ​​នៅ​​ក្នុង​​ប្រទេស​​ថៃ​​ចាប់​​រើ​​​ខ្លាំង​​ឡើង​​វិញ​​នៅ​​ក្នុង​​រយៈ​​ពេល​​ប៉ុន្មាន​​សប្តាហ៍​​ចុង​​ក្រោយ​​នេះ។​

សមាជិកម្នាក់​នៃចលនាអាវក្រហម​ថៃ​ដៃកាន់កាំភ្លើង​ជួប​ជុំគ្នា​នៅ​បូជនីយស្ថាន​ប្រជាធិបតេយ្យក្នុង​ទីក្រុង​បាងកក​ថ្ងៃទី​២៤​មិថុនា២០១២​​
សមាជិកម្នាក់​នៃចលនាអាវក្រហម​ថៃ​ដៃកាន់កាំភ្លើង​ជួប​ជុំគ្នា​នៅ​បូជនីយស្ថាន​ប្រជាធិបតេយ្យក្នុង​ទីក្រុង​បាងកក​ថ្ងៃទី​២៤​មិថុនា២០១២​​ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

 

យោង​តាម​នគរបាល​ថៃ ក្រុម​អាវ​ក្រហម​ប្រមាណ​ជា​៣​ម៉ឺន​នាក់ ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ថ្ងៃ​អាទិត្យ​​២៤​មិថុនា​ម្សិលមិញ​ ក្នុង​ទីក្រុង​បាងកក ​ដើម្បី​រំលឹក​​ខួប​៨០​ឆ្នាំ​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​មួយ​​​ដែល​បាន​បញ្ចប់​របប​រាជា​និយម​ផ្តាច់ការ​​នៅថ្ងៃ​ទី​២៤​មិថុនា​ឆ្នាំ​១៩៣២ ។

នៅម្សិលមិញ២៤មិថុនា២០១២ ក្នុងឱកាសខួបនេះ  ក្រុមអាវ​ក្រហម ដែល​មួយ​ភាគ​ធំ​ជា​បក្សព័ន្ធគាំទ្រ​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន បាន​សំដែង​ការ​ព្រួយបារម្ភ​​​ខ្លាំង​អំពី​​​ការ​គំរាម​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេសថៃ។

« យើង​ទាំង​អស់​គ្នា​ត្រូវ​ប្រុងប្រៀប​ខ្លួន​ជា​ស្រេច ដើម្បី​ធ្វើការ​ប្រយុទ្ធ​តស៊ូ​មួយ​​ដែល​​មិន​ទាន់​ចប់​នៅឡើយទេ »-នេះ​ជា​សេចក្តី​ប្រកាស​របស់​មេដឹក​នាំ​ម្នាក់​នៃ​ក្រុម​អាវ​ក្រហម​ឈ្មោះ​ Kokaew Pikulthong  ដែល​​​បាន​រំលឹក​ផងដែរ​ ថា​ប្រទេស​ថៃធ្លាប់​បាន​ស្គាល់​​រដ្ឋ​ប្រហារ​​​ ឬ​ក៏​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ ប្រមាណ​២០​លើកមកហើយ​​​ចា​ប់តាំង​ពី​ឆ្នាំ​១៩៣២។

មេដឹកនាំក្រុមអាវក្រហមថៃ ដដែលនេះ បាន​ថ្លែង​បន្ត​ទៀត​ថា « នា​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ថៃ ​បាន​ឆ្លង​កាត់​ពីវិបត្តិ ​​រដ្ឋប្រហារ​យោធា​មក​វិបត្តិ ​​រដ្ឋ​ប្រហារ​ប្រព័ន្ធ​តុលាការ​​»។ ដោយ​ហេតុថា នៅឆ្នាំ២០០៨ សេចក្តីសម្រេចចិត្តនានារបស់តុលាការថៃ បាន​ជំរុញ ​ឲ្យ​​នាយក​រដ្ឋមន្ត្រី​ថៃ​​ពីរ​រូបដែល ​​ជិតដិតនឹង​លោកថាក់ស៊ីន លាលែង​ចេញ​ពី​មុខ​តំណែង ។ ចំណែក លោក​ថាក់ស៊ីនវិញ ​​​បានធ្លាក់​ចេញ​ពី​មុខ​តំណែង​នាយករដ្ឋមន្ត្រី​ ​ដោយ​​ការធ្វើរដ្ឋប្រហារ​របស់​ពួក​យោធា​នៅឆ្នាំ២០០៦។

ចាប់​តាំងពីលោកថាក់ស៊ីន ធ្លាក់ចេញពីមុខតំណែងនាយករដ្ឋមន្ត្រីមក ប្រទេសថៃ បាន​ឆ្លង​កាត់​​​វិបត្តិ​ដ៏ធ្ងន់ធ្ងរជាច្រើន ដោយហេតុ មាន​ការបែកបាក់គ្នាខ្លាំង​​នៅ​ក្នុង​សង្គម។ ​ជាការ​បែក​បាក់​គ្នា រវាង ​​​ស្រទាប់​​​​​វណ្ណៈ​​មធ្យម​​ និង​​វណ្ណៈ​អ្នកក្រី​ក្រ​តាម​ជនប​ទ​ដែល​គាំទ្រ​​លោ​ក​ថាក់ស៊ីន​ជាប់ជានិច្ច​ ជាមួយនិង​ក្រុមអ្នកបញ្ញវ័ន្ត ដែលនៅ​ជុំវិញ​ព្រះបរម​​រាជវាំង​ក្នុងរាជធានីបាងកក ។ ពួកបញ្ញវន្តថៃ បានចាត់​​ទុករូបលោក​ថាក់ស៊ីន ថាជា​ការគំរាម​មួយយ៉ាងខ្លាំងសំរាប់​របប​រាជា​និយម។​

សូមបញ្ជាក់ថា ការបែកបាក់គ្នាទាំងអស់នេះហើយ ដែលបាន​ជំរុញ​ឲ្យប្រទេសថៃ​​​ ធ្លាក់​ជ្រៅ​ទៅ​ក្នុង​​វិបត្តិនយោបាយ​​ដ៏​ធ្ងន់​ធ្ងរមួយទៀត​​នៅ​​និទាឃរដូវឆ្នាំ ២០១០ ។ នៅ​ជំនាន់​នោះ ​ ពួក​អាវ​ក្រហមថៃ ប្រមាណជា​​ ១០ម៉ឺននាក់ បានប្រមូលផ្តុំគ្នានិងបាន​កាន់​កាប់​​ទីក្រុង​បាងកក​អស់​២ខែ ដើម្បីស្រែកទាមទារបង្ខំ​ ឲ្យរដ្ឋាភិបាល​ជំនាន់នោះគឺជំនាន់​លោក​អាភិស៊ីត​​ ចុះចេញ​ពី​មុខ​តំណែង។ ក៏ប៉ុន្តែ ក្រុមបាតុករអាវក្រហម ត្រូវបានពួក​យោធា​របស់​​​រដ្ឋាភិបាល លោកអាភិស៊ីត​ វាយបង្ក្រាបបំបែក ​បាតុករ​​​យ៉ាង​កាច​​សាហាវ​​បំផុត​និង​បានបណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៩០​នាក់​និង​របួស​​ជន​ ១៩០០​នាក់​ក្នុងនោះ​មួយភាគធំ គឺជាជនស៊ីវិល៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ