អានតួអត្ថបទ
កម្ពុជា​-ថៃ

ថៃ​អញ្ជើញ​កម្ពុជា​ប្រជុំ​ក្រុម​ការងារ​ថ្ងៃទី​៣-៥ មេសា ដើម្បី​អនុវត្ត​ដីកា​តុលាការ​ឡាអេ

ក្រុម​ការងារ​ចម្រុះ​កម្ពុជា​ថៃ​នឹង​ជួប​គ្នា​រយៈពេល​៣​ថ្ងៃ​នៅ​ដើម​ខែ​មេសា​ក្រោយ​នេះ​នៅ​ក្នុង​ទីក្រុង​បាងកក​ដើម្បី​ពិភាក្សា​អំពី​នីតិវិធី​នៃ​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ដែល​គ្មាន​ព្រំដែន​បណ្តោះអាសន្ន​តាម​ដីកា​បញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។ រដ្ឋាភិបាល​ថៃ​បាន​ប្រើ​ពេល​ជាង​៣​ខែ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កាល​ពី​ចុង​ខែ​ធ្នូ​ ដើម្បី​កំណត់​ពេលវេលា​នៃ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចម្រុះ។ ក្រុម​ការងារ​ចម្រុះ​នេះ​ដែល​ជា​យន្តការ​សំខាន់​ក្នុង​ការ​អនុវត្តន៍​ដីកា​បង្គាប់​របស់​តុលាការ​ឡាអេ​ថ្ងៃ​ទី​១៨​កក្កដា​២០១១។

នាយ​ឧត្តមសេនីយ​ នាង ផាត
នាយ​ឧត្តមសេនីយ​ នាង ផាត © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

ទី​បំផុត ភាគី​ថៃ​បាន​កំណត់​ពេលវេលា​នៃ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចម្រុះ​កម្ពុជា​ថៃ​ដែល​កម្ពុជា​បាន​រង់ចាំ​ជាយូរ​មក​ហើយ​នោះ​ហើយ។ លិខិត​អញ្ជើញ​ប្រជុំ​​ត្រូវ​បានផ្ញើ​ពី​ប្រទេស​ថៃ​ទៅ​លោក​នាយ​ឧត្តមសេនីយ​ នាង ផាត ​តាម​រយៈ​ក្រសួង​ការបរទេស​កម្ពុជា។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក កុយ គួង​បាន​បញ្ជាក់​អោយ​ដឹង​ថា លិខិត​អញ្ជើញ​ដែល​មាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២៣​មីនា​នោះ បាន​កំណត់​ថ្ងៃ​ប្រជុំ​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែ​មេសា​ខាងមុខនេះ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​អត្ថាធិប្បាយ​ថា ការ​កំណត់​បាន​ពេលវេលា​នៃ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចម្រុះ​កម្ពុជាថៃ​នេះ គឺ​ជា​ដំណើរ​ឈាន​ទៅមុខ​មួយ​នៅ​ក្នុង​ការ​អនុវត្តន៍​ផែនការ​សន្តិភាព​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ។ ពោល​គឺ​ការ​ដក​បុគ្គលិក​យោធា​ចេញ​ពី​តំបន់​ដែល​ត្រូវ​គ្មាន​កងទ័ព​បណ្តោះអាសន្ន ក្រោម​ការ​ឃ្លាំ​មើល របស់​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី។ កម្ពុជា​រង់ចាំ​ពេល​វេលា​នេះ​ជា​យូរ​មក​ហើយ។

ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជាថៃ កាល​ពី​ថ្ងៃ​ទី​២១​ខែ​ធ្នូ ភាគី​ទាំងពីរ​ដែល​រួម​មាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំងពីរ​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ​ដើម្បី​អនុវត្ត​ដីកា​របស់​តុលាការ​ឡាអេ ពិសេស​គឺ​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ដែល​ត្រូវ​គ្មាន​កងទ័ព​បណ្តោះអាសន្ន​នោះ​ឯង។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក កម្ពុជា​បាន​តែងតាំង​នាយឧត្តមសេនីយ នាង ផាត ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ធ្វើ​ជា​ប្រធាន​ក្រុម​ការងារ​ចម្រុះ​ភាគី​កម្ពុជា​ដឹក​នាំ​សមាសភាព​ក្នុង​ក្រុម​ប្រមាណ​២០​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ