អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ទំនាក់​ទំនង​ត្រី​កោណ ​ចិន​-​ឥណ្ឌា​-​អាមេរិក ​ពី​ក្រោយ​សម័យ​សង្គ្រាម​ត្រជាក់​មក​ទល់​សព្វ​ថ្ងៃ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​​ហ្ស​ង់​-​ហ្វ្រ​​ង់​​ស័​រ ​តាន់ ​សូម​​បន្ត​​ពិនិត្យ​មើល​​ទៅ​លើ​​ស្ថាន​ភាព​​ភូមិសាស្ត្រ​​នយោបាយ​​របស់​​ប្រទេស​​ឥណ្ឌា​​ត​ទៅ​ទៀត ​ដោយ​​សូម​និយាយ​​បក​ស្រាយ​​ពី​​ទំនាក់​ទំនង​​ត្រី​កោណ​​រវាង​​ចិន​ ​ឥណ្ឌា ​និង ​អាមេរិក​។ ​

ទង់​ជាតិ​ឥណ្ឌា ​ចិន ​និង ​អាមេរិក​។​
ទង់​ជាតិ​ឥណ្ឌា ​ចិន ​និង ​អាមេរិក​។​
ផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនង​រវាង​ចិន ឥណ្ឌា និង​អាមេរិក គឺជា​យន្តការ​គន្លឹះ​មួយ​នៅក្នុង​ភូមិសាស្ត្រ​នយោបាយ​ឥណ្ឌា។ យន្តការ​គន្លឹះ នៅត្រង់ថា តាំងពី​សង្គ្រាមត្រជាក់​បាន​ចប់ ថ្នាក់ដឹកនាំ​នៅ​ទីក្រុង​New Delhi តែងតែ​ឆ្លៀត​ទាញ​ប្រយោជន៍​ពី​ទំនាក់ទំនង​ល្អ​ឬ​អាក្រក់​រវាង​ទីក្រុង​Washington និង​ទីក្រុង​Pékin។ ពី​ឆ្នាំ១៩៩១រហូតមកទល់​សព្វថ្ងៃ ទំនាក់ទំនង​ត្រីកោណ​រវាង​ចិន​ ឥណ្ឌា​និង​អាមេរិក បាន​ឆ្លងកាត់​បី​ដំណាក់កាលធំ។

ដំណាក់កាល​ទីមួយ​ពី​ឆ្នាំ១៩៩១ដល់​ឆ្នាំ១៩៩៨។ គឺជា​ពេលដែល​ប្រទេស​ទាំងបី​សម្លឹង​មើលគ្នា និង​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​បោះដៃ​រកគ្នា។ វា​គឺ​ជាស​ម័យ​កាល​មួយ​ដែល​ផ្តើមឡើង​ក្រោយ​សង្គ្រាមត្រជាក់ និង​ដែល​បញ្ចប់​ក្រោយពី​ឥណ្ឌា​បាន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​បាន​ក្លាយជា​មហាអំណាច​ប​រ​មា​ណូ​ជា​ផ្លូវការ។

នៅក្នុង​ដំណាក់កាល​ទីមួយ​នេះ ឥណ្ឌា​ជា​ប្រទេសមួយ​ក្រីក្រ ខ្សត់ខ្សោយ និង​ឯកោ ពីព្រោះ​សូ​វៀត​ដែលជា​សម្ព័ន្ធ​មិត្ត​បាន​រលំរលាយ​បាត់ទៅ និង​ពីព្រោះ​នៅក្នុង​ក្រសែភ្នែក​របស់​អាមេរិក​និង​ចិន ឥណ្ឌា​គ្មាន​ទម្ងន់​អ្វី​ទេ ទាំង​នៅលើ​ឆាក​តំបន់​ទាំង​នៅលើ​ឆាក​អន្តរជាតិ។ នៅក្នុង​កាលៈទេសៈ​ដ៏​សែន​លំបាក​បែបនេះ ឥណ្ឌា​ប្រឹងប្រែង​រើបម្រះ​ខ្លួន​ចេញពី​ភាព​ឯកា ដោយបាន​ផ្តើម​ពង្រីក​និង​ពង្រឹង​ឥទ្ធិពល​នៅ​អាស៊ីអាគ្នេយ៍​តាមរយៈ​អ្វីដែល​គេ​ប្រសិទ្ធ​នាម​ឱ្យ​ថា នយោបាយ​សំដៅទៅ​ទិសខាងកើត។

ទន្ទឹមនេះ ឥណ្ឌា​ក៏​សាកល្បង​ខិត​ទៅរក​ចិន និង​អាមេរិក​ដែលជា​អតីត​សត្រូវ​ដែរ។ ប៉ុន្តែ​រហូតដល់​ឆ្នាំ១៩៩៨ នយោបាយ​បែបនេះ​របស់​ទីក្រុង​New Delhi មិន​ទទួលបាន​ផល​ទេ។ ពីព្រោះ​ម្យ៉ាង ទាំង​ទីក្រុង​Pékinនិង​ទាំង​ទីក្រុង​Washington មិនឱ្យ​តម្លៃ​ដល់​ឥណ្ឌា​ដែលជា​យក្ស​មាន​ជើង​ធ្វើ​ពី​ដីឥដ្ឋ។ ពីព្រោះ​ម្យ៉ាងទៀត ចិន​នៅតែ​បន្ត​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ប៉ា​គី​ស្ថាន​តទៅទៀត រីឯ​អាមេរិក​វិញ នៅ​បន្ត​ដាក់​សម្ពាធ​បង្ខំ​ឱ្យ​ឥណ្ឌា​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ​យោធា។

និយាយ​រួម នៅក្នុង​ដំណាក់កាល​ទីមួយ​នេះ​ពី​ឆ្នាំ១៩៩១ដល់​ឆ្នាំ១៩៩៨ ទំនាក់ទំនង​ត្រីកោណ​រវាង​ចិន ​ឥណ្ឌា ​និង ​អាមេរិក នៅ​មិនទាន់មាន​ប្រយោជន៍​យុទ្ធសាស្ត្រ​និង​ភូមិសាស្ត្រ​នយោបាយ​នៅឡើយ ជាហេតុ​ធ្វើឱ្យ​ឥណ្ឌា​ខាតបង់​ច្រើន​និង​ទាញយក​ចំណេញ​នយោបាយ​សឹង​ថា​មិនបាន​អ្វី​បន្តិច​សោះឡើយ។ ម្លោះហើយ សម្រាប់​ទីក្រុង​New Delhi ការ​ក្លាយខ្លួនជា​មហាអំណាច​នុយក្លេអ៊ែរ គឺជា​គោលដៅ​ចាំបាច់​បំផុត។

ដំណាក់កាល​ទី​ពីរ​នៃ​ទំនាក់ទំនង​ត្រីកោណរវាង​ចិន ​ឥណ្ឌា​ និង ​អាមេរិក ប្រព្រឹត្តទៅ​ពី​ឆ្នាំ១៩៩៨ដល់​ឆ្នាំ២០០០។ វា​បាន​ផ្តើមឡើង ក្រោយ​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ឥណ្ឌា​ដែល​បាន​ក្លាយជា​មហាអំណាច​ប​រ​មា​ណូ​ជា​ផ្លូវការ​នៅ​ខែឧសភា​ឆ្នាំ១៩៩៨។
កាលណោះ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​Vapayee បាន​សរសេរ​លាតត្រដាង​នៅក្នុង​លិខិត​មួយ​ផ្ញើជូន​Bill Clinton ប្រធានាធិបតី​អាមេរិក​សម័យ​នោះ​ថា ឥណ្ឌា​ចាំបាច់​ត្រូវតែ​បង្កើត​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ប្រឈមមុខ​នឹង​ចិន​ដែល​ខ្លួន​ចាត់ទុកជា​សត្រូវ​ទីមួយ។

ទន្ទឹមនេះ ចាប់ពី​ឆ្នាំ១៩៩៩ទៅ នៅ​Washingtonអ្នកនយោបាយ​ជាពិសេស​ពួក​គណបក្ស​សាធារណរដ្ឋ នាំគ្នា​និយាយ​ពី​ការគំរាមកំហែង​មកពី​សំណាក់​ចិន​មកលើ​អាមេរិក China Threat Theory នៅក្នុង​បរិបទ​បែបនេះ អាមេរិក​សើរើ​មើល​ឡើងវិញ​យុទ្ធសាស្ត្រ​របស់ខ្លួន និង​ងាកខ្លួន​បន្តិចម្តងៗទៅរក​ឥណ្ឌា តាមរយៈ​ទស្សនកិច្ច​នៅ​ទីបំផុត​របស់​Clinton នៅ​New Delhi ក្នុង​ឆ្នាំ២០០០។

អាវុធ​នុយក្លេអ៊ែរ​រប​ស់​ឥណ្ឌា ក៏​ជំរុញ​ចិន​ឱ្យ​សើរើ​មើល​ឡើងវិញ​ដែរ​នយោបាយ​ការបរទេស​របស់ខ្លួន។ ពី​ពេលនេះ​តទៅ ចិន​មិនអាច​ចាត់ទុក​ឥណ្ឌា​ថា​ជាយ​ក្ស​ដែលមាន​ជើង​ធ្វើ​ពី​ដីឥដ្ឋ​ទៀតហើយ។ ពី​ពេលនេះ​តទៅ ចិន​ក៏​ត្រូវតែ​រំខាន​រាត្រី​ទឹកឃ្មុំ​រវាង​ឥណ្ឌា​និង​អាមេរិក​ដែរ។

ជាក់ស្តែង នៅ​ចន្លោះ​ឆ្នាំ១៩៩៩និង​ឆ្នាំ២០០០ ថ្នាក់ដឹកនាំ​កំពូល​របស់​ចិន​និង​របស់​ឥណ្ឌា​បាន​ជួប​ប្រាស្រ័យ​គ្នា​ញឹកញាប់ រហូតដល់​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​បង្កើត​ការសន្ទនា​រវាង​គ្នា​មួយ​ស្តីពី​សន្តិសុខ។

និយាយ​រួម ទំនាក់ទំនង​ត្រីកោណ​រវាង​ចិន ​ឥណ្ឌា​និង​អាមេរិក​បានកកើតឡើង​យ៉ាង​ជាក់ស្តែង​នៅ​ចន្លោះ​ឆ្នាំ១៩៩៨និង​ឆ្នាំ២០០០ ហើយ​កាលណោះ​ឥណ្ឌា​ទាញ​បាន​ប្រយោជន៍
ច្រើនជាងគេ ច្រើនជាង​ចិន​ដែល​ខ្លួន​នៅតែ​ចាត់ទុកថា​ជាស​ត្រូវ​សក្កា​នុព​ល​ទីមួយ។

ពី​ឆ្នាំ២០០០រហូតមកដល់​សព្វថ្ងៃ…នេះហើយ​គឺជា​ដំណាក់កាល​ទី​បី​នៃ​ទំនាក់ទំនង​ត្រីកោន​រវាង​ចិន​ឥណ្ឌា​និង​អាមេរិក។ វា​គឺជា​ពេល​នៃ​ការពង្រឹង​ដំណាក់កាល​ទី​ពីរ បានន័យថា​ប្រទេស​ទាំងបី​ពត់​និង​ប្តូរ​ទិសដៅ​នយោបាយ​ការបរទេស​ទៅតាម​ប្រយោជន៍​សេដ្ឋកិច្ច​នយោបាយ​និង​ភូមិសាស្ត្រ​នយោបាយ​របស់គេរៀងៗខ្លួន។

នៅក្រោម​អាណត្តិ​គ្រប់គ្រង​រដ្ឋ​របស់​Bush ពី​ឆ្នាំ២០០១ដល់​ឆ្នាំ២០០៨ អាមេរិក​ឱ្យ​តម្លៃ​ខ្លាំង​មែនទែន​ដល់​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា។ មូលហេតុ​គឺ​មកពី​រដ្ឋបាល​Bush ចាត់ទុក​ចិន​កុ​ម្មុយ​និ​ស្ត​ថា ជា​គូប្រជែង​យុទ្ធសាស្ត្រ។ និយាយ​បែប​ផ្សេង ចប់​ហើយ ហួសហើយសម័យ​​​ដែល​អាមេរិក​និង​ចិន​ត្រូវ​ចាប់ដៃគ្នា ដើម្បី​ទប់ទល់​នឹង​សូ​វៀត។ អាមេរិក​ត្រូវតែ​ផ្តើម​ខ្ទប់​មហិច្ឆតា​របស់​ចិន​នៅ​អាស៊ី​និង​នៅក្នុង​ពិភពលោក។ នៅ​ក្នុងន័យនេះ អាមេរិក​ត្រូវតែ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា ត្រូវតែ​ជួយ​ឥណ្ឌា​ឱ្យ​ឆាប់​ក្លាយជា​មហាអំណាច​តំបន់។ ជាក់ស្តែង អាមេរិក​និង​ឥណ្ឌា​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​នៅ​ឆ្នាំ២០០៥ សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ស្តីពី​សហប្រតិបត្តិការ​នុយក្លេអ៊ែរ​ស៊ីវិល​នៅ​ឆ្នាំ២០០៨។

ប៉ុន្តែ​ទន្ទឹមនេះ ដូចដែល​បានលើកឡើង​រួចហើយ​ថា ឥណ្ឌា​ដែល​នៅ​ញញើត​ចិន មិន​ហ៊ាន​តាំងខ្លួន​ជា​មិត្ត​ចាក់ទឹកមិនលិច​របស់​អាមេរិក​ទេ។ ដោយឡែក ឥណ្ឌា​ក៏​ដូច​ចិន​ដែរ​ឱ្យ​អាទិភាព​ទៅលើ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ម្លោះ​ហើយក៏​ដូច​ចិន​ដែរ ឥណ្ឌា​ត្រូវការ​ស្ថិរភាព​នៅក្នុង​តំបន់ និង​ត្រូវការ​បន្ធូរ​ភាព​តានតឹង​នៅក្នុង​ទំនាក់ទំនង​ជាមួយ​ចិន។

ម្លោះហើយ មហា​ប្រទេស​អាស៊ី​ទាំងពីរ​ចៀស​មិន​រួច​ពី​បន្ត​ខិត​រកគ្នា ទោះជា​មិន​ទុកចិត្ត​គ្នា​ក៏ដោយ។ ជាក់ស្តែង​នៅ​ឆ្នាំ២០០៥ ឥណ្ឌា​និង​ចិន​បានសម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នយោបាយ​ដ៏​សំខាន់​មួយ​ស្តីពី«ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដើម្បី​សន្តិភាព​និង​វឌ្ឍនភាព»

យ៉ាងណាក៏ដោយ ទំនាក់ទំនង​ត្រីកោណ​រវាង​ចិន ​ឥណ្ឌា ​និង​អាមេរិក​រហូតមកទល់​ឆ្នាំ២០១៤នេះ មិនបាន​ធ្វើឱ្យ​ស្ងប់​ឡើយ​ទំនាស់​និង​ភាព​តានតឹង​ម្តងម្កាល រវាង​ឥណ្ឌា​និង​អាមេរិក រវាង​ឥណ្ឌា​និង​ចិន ព្រមទាំង​រវាង​ចិន​អាមេរិក​និង​ឥណ្ឌា។ ទំនាស់​និង​ភាព​តានតឹង កើតចេញ​ជាអាទិ៍​ពី​ការបន្ត​បង្កើន​សមត្ថភាព​យោធា​របស់​ចិន នយោបាយ​ពង្រឹង​វត្តមាន​អាមេរិក​នៅ​អាស៊ី ទំនាក់ទំនង​រវាង​ចិន​និង​ប៉ា​គី​ស្ថាន បញ្ហា​ព្រំដែន​រវាង​ឥណ្ឌា​និង​ចិន ការពង្រឹង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង ការពង្រីក​ឥទ្ធិពល​ឥណ្ឌា​ចូលទៅ​អាស៊ីអាគ្នេយ៍ ។ល។និង។ល។

ជាមួយ​ការឡើង​គ្រប់គ្រង​ប្រទេស​នៅ​ឆ្នាំ២០១៤នេះ​របស់​Nerendra Modi នាយក​រដ្ឋ
មន្ត្រី​ថ្មី​របស់​ឥណ្ឌា​ដែលជា​អ្នក​ជាតិនិយម​ខ្លាំង ទំនាក់ទំនង​ត្រីកោណរវាង​ចិន​ឥណ្ឌា​និង​អាមេរិក ប្រហែលជា​នឹង​អាច​ផ្លាស់ប្តូរ​មុខមាត់ អាច​ប្រែធាតុ​និង​អាច​បង្ក​ជា​ផលវិបាក​អវិជ្ជមាន​ច្រើនជាង​វិជ្ជមាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ