អានតួអត្ថបទ
អាមេរិក-ឥណ្ឌា

ទស្សនកិច្ច​ប្រមុខ​ការពារជាតិ​អាមេរិក​ ឆាក់​ ហាហ្កែល​ នៅ​ឥណ្ឌា​

នៅ​ថ្ងៃ​សុក្រ​នេះ ​​ប្រមុខការពារ​ជាតិ​អាមេរិកឆាក់ ហាហ្កែល បាន​បំពេញ​ទស្សនកិច្ច​​ ​នៅ​ឥណ្ឌា ជួប​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ណារេនដ្រា ម៉ូឌី។ ទិសដៅ​នៃ​​ទស្សនកិច្ច​របស់​លោក​ហាហ្កែល​ ផ្តោត​លើ​​អាវុធយុទ្ធភណ្ឌ និង​​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​អាមេរិក​និង​ឥណ្ឌា។ ​

លោក​ឆាក់ ហាហ្កែល ចាប់ដៃ​​ជាមួយ​​រដ្ឋមន្ត្រី​ការពារជាតិ​​ឥណ្ឌា អរុណ ចៃត្លី នៅ​ក្រុង​ញូវដេល្លី ​ថ្ងៃ​សុក្រ​​៨សីហា​នេះ។
លោក​ឆាក់ ហាហ្កែល ចាប់ដៃ​​ជាមួយ​​រដ្ឋមន្ត្រី​ការពារជាតិ​​ឥណ្ឌា អរុណ ចៃត្លី នៅ​ក្រុង​ញូវដេល្លី ​ថ្ងៃ​សុក្រ​​៨សីហា​នេះ។ REUTERS/Ahmad Masood
ផ្សាយពាណិជ្ជកម្ម

ទិសដៅ​នៃ​​​​ទស្សនកិច្ច​របស់​ប្រមុខការពារជាតិ​​​អាមេរិក​ ​ឆាក់ ហាហ្កែល ​​​នៅ​ឥណ្ឌា ​គឺ​ដើម្បី​​ធ្វើអោយ​​​​អាមេរិក​​​​ក្លាយ​ជា​ដៃគូ​​​​របស់​ឥណ្ឌា ក្នុង​ដំណើរការ​​​ទំនើបភាវូបនីយកម្ម​​​​កងទ័ព​ឥណ្ឌា។ ​ឥណ្ឌា​ត្រូវការ​​ពង្រឹង​​ឧស្សាហកម្ម​យោធា ព្រោះ​សម្ភារៈ​យោធា​​ឥណ្ឌា​សព្វថ្ងៃ ​ជា​សម្ភារៈ​​តាំងពី​ជំនាន់​សហភាព​សូវៀត។ ​​យោងតាម​សារព័ត៌មាន​ជា​ភាសាអង់គ្លេសឈ្មោះ​​ ​​​Hindustan Times អាមេរិក​ចង់​​ស្នើ​អោយ​ឥណ្ឌា​​​ព្រមធ្វើការ​​ផលិត​​និង​អភិវឌ្ឈន៍​​​មីស៊ីល​​​បាញ់រថក្រោះ ​​រួមគ្នា​ជាមួយ​អាមេរិក ហើយ​​​​ពេលនេះ ​ឥណ្ឌា​កំពុង​​ចង់​​​​​ទិញ​​មីស៊ីល​​បាញ់​រថក្រោះ ៣៦០០ដើម ​​និង​​ជើងទ្រ​មីស៊ីល​​ ៩០០គ្រឿង ក្នុង​ទឹកប្រាក់​៧០០លាន​ដុល្លារ។  ​

គួរ​រំលឹក​ថា កន្លងមក ​​​​កិច្ចព្រមព្រៀង​​​​​យោធា​មួយចំនួន ​រវាង​អាមេរិក​និង​ឥណ្ឌា​ ​ត្រូវបាន​រាំងស្ទះ ដោយសារ​តែ​​​ ​ឥណ្ឌាជាប់សង្ស័យ​​ពី​បទពុករលួយ សូកប៉ាន់។​ អាមេរិក​និង​ឥណ្ឌា​​មាន​ការ​ឃ្នើសចិត្ត​នឹងគ្នា លើ​​ប្រធានបទទាក់ទង​​​នុយក្លេអ៊ែរ​ស៊ីវិល និង​​​សេរីភាពផ្នែក​​​ពាណិជ្ជកម្ម។ ​ជាក់ស្តែង ​​កាលពី​ឆ្នាំ​២០០៨ ​​អាមេរិក​និង​ឥណ្ឌា​បាន​ចុះកិច្ចព្រមព្រៀង​​​ផ្នែក​នុយក្លេអ៊ែរ​ជាមួយ​គ្នា។ ប៉ុន្តែ ​កិច្ចព្រមព្រៀង​នេះ​មិនត្រូវ​​បាន​អនុវត្ត​ទេ ព្រោះ​​ច្បាប់​ឥណ្ឌា​បាន​ដាក់​កំហិត​​អោយ​​​ផ្នែក​សាងសង់​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ​​បង់​ប្រាក់ពិន័យ​​​ធ្ងន់ធ្ងរ​ ករណី​មាន​គ្រោះថ្នាក់​ក្នុង​ដំណើរការ​សាងសង់។ ​អាមេរិក​មិនយល់ស្រប​ច្បាប់​នេះទេ។ ​

កាលពីថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​ឥណ្ឌា​បាន​​បន្ធូរបន្ថយ​​​​ច្បាប់​និង​បទបញ្ជា​ផ្សេងៗ​ក្នុង​ផ្នែក​ឧស្សាហកម្ម​​​ការពារ​ជាតិ​ ដើម្បី​ទាក់ទាញ​និង​ជួយ​​​​​អ្នកវិនិយោគ​បរទេស។

​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​​នេះ ​​ ​​​អាមេរិក​និង​ឥណ្ឌា​ ​បាន​ប្រញាប់​​សហ​ប្រតិបត្តិការ​​យោធា​នឹង​​គ្នា​ឡើងវិញ​ ទោះ​ជា​មិនសូវត្រូវរ៉ូវគ្នា​កន្លងមក​ក្តី។ ​ ​​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​ ឥណ្ឌា​​នឹង​ទទួលបាន​​ឧទ្ធម្ភាគចក្រ​​​ចំបាំងពី​​អាមេរិក​​​​យ៉ាងហោច​​២២គ្រឿង ​ប្រភេទ​ ​Apache និង​​ឧទ្ធម្ភាគចក្រ​ដឹកជញ្ជូន​យោធា​​​​​ប្រភេទ​​Chinook ​​១៥គ្រឿង។​ ​ឧទ្ធម្ភាគចក្រ​ទាំង​អស់នេះ ​មាន​តម្លៃ​ជាទឹកប្រាក់​ ១ពាន់៤រយលាន​ដុល្លារ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ