អានតួអត្ថបទ
កម្ពុជា

ក្រុមហ៊ុន​រោងចក្រ​ស្បែកជើង​ Wing​ Star​ Shoes​ប្រកាស​ទទួល​ខុសត្រូវ​លើ​កម្មករ​ស្លាប់​​និង​​របួស​​

តំណាង​ក្រុមហ៊ុន​រោងចក្រ​ផលិត​ស្បែកជើង Wing Star Shoes បាន​ចេញមុខ​ប្រកាស នា​ព្រឹក​ថ្ងៃទី​១៧​ឧសភា​នេះ ថា​ខ្លួន​នឹង​ទទួលខុសត្រូវ​ដោយ​ចេញ​ចំណាយ​ដល់​ក្រុមគ្រួសារ​កម្មករស្លាប់ និង​របួស ដែល​បាន​រងគ្រោះ​ក្នុង​ហេតុការណ៍​បាក់​រលំ​ធ្នើរ​ឡៅតឿ​ផ្ទុក​អីវ៉ាន់ កាលពី​ថ្ងៃ​ម្សិលមិញ។ តុល្យាការ​ចុងក្រោយ ត្រូវបាន​តំណាង​រោងចក្រ​ប្រកាសថា មាន​តែ​កម្មករ ២ នាក់​ប៉ុណ្ណោះ បាន​ស្លាប់ និង​របួស ១១ នាក់​។ ចំណែក​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា នឹង​កោះ​ប្រជុំ​សមាជិក​ខ្លួន នៅ​ថ្ងៃ​ទី​២៨​ឧសភា ដើម្បី​រឹតបន្តឹង​ដល់​សុវត្ថិភាព​កម្មករ​រោងចក្រ​កាត់ដេរ។​

ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​សុក្រ​​នេះ ​តំណាង​ក្រុមហ៊ុន​ផលិត​ស្បែកជើង Wing Star Shoes ប្រកាសទទួល​ខុសត្រូវ​ក្នុង​ការ​បាក់រលំ​​ពិដាន​នោះ។
ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​សុក្រ​​នេះ ​តំណាង​ក្រុមហ៊ុន​ផលិត​ស្បែកជើង Wing Star Shoes ប្រកាសទទួល​ខុសត្រូវ​ក្នុង​ការ​បាក់រលំ​​ពិដាន​នោះ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បាក់​រលំ​ផ្នែក​ខ្លះ​នៃ​អគារ​រោងចក្រ​ផលិត​ស្បែកជើង Wing Star Shoes កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦​ឧសភា​ម្សិលមិញ ត្រូវបាន​តំណាង​ក្រុមហ៊ុន​ប្រកាសថា គឺជា​ការ​ធ្វេសប្រហេស​នាំឲ្យ​កើត​ឧបទ្ទវហេតុ​ដោយអ​ចេតនា ហើយ​ក្រុមហ៊ុន​នឹង​ទទួលខុសត្រូវ​ទាំងស្រុង ជាមួយ​ក្រុមគ្រួសារ​នៃ​សព ​និង​ក្រុមគ្រួសារ​អ្នក​ដែល​មាន​របួស​ទាំងអស់។

 
​ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​មិន​បាន​ប្រាប់​ពី​ចំនួន​ថវិកា​ប៉ុន្មាន​ដែល​ត្រូវ​ផ្តល់ឲ្យ​គ្រួសារក​ម្មករ​ស្លាប់ និង​កម្មករ​របួស​ឡើយ ដោយ​ថា​សំណង​ទាំងនោះ​គឺ​ជា​បន្ទុក​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដែល​ស្ថិតនៅ​ក្រោម​ក្រសួង​ការងារ ហើយ​ប្រៀបដូចជា​ការ​ធានារ៉ាប់រង​គ្រោះថ្នាក់​ការងារ​សម្រាប់​កម្មករ​កាត់ដេរ។​

​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧​ឧសភា​នេះ តំណាង​ក្រុមហ៊ុន​ផលិត​ស្បែកជើង Wing Star Shoes លោក ចាន់ កុសល នាយក​ផ្នែក​វេច​ខ្ចប់ Shipping បានប្រកាសថា ហេតុការណ៍​បាក់​រលំ​ប្លង់​សេ​ឡៅតឿ ដែល​ជា​ធ្នើរ​ផ្ទុក​អីវ៉ាន់​នោះ បាន​បណ្តាលឲ្យ​កម្មក​រតែ​ពីរនាក់​ប៉ុណ្ណោះ​ស្លាប់ និង​កម្មករ​របួស ១១​នាក់។

​តំណាង​ក្រុមហ៊ុន​រោងចក្រ​ផលិត​ស្បែកជើង Wing Star Shoes ក៏​បាន​អះអាង​ថា ហេតុការណ៍​បាក់​ធ្នើរ​ឡៅតឿ​ន​ផ្ទុក​អីវ៉ាន់ កាលពី​ព្រឹក​ថ្ងៃទី​១៦​ឧសភា គឺជា​មេរៀន​មួយ ហើយ​ក្រុមហ៊ុន​បាន​ប្តេជ្ញា​ថា នឹង​មិនឲ្យ​មាន​ការធ្វេសប្រហែ​ស​​កើត​ឧបទ្ទវហេតុ​ដូច្នេះ​ម្តងទៀត។​

​យ៉ាងណា​ក៏ដោយ នាយក​គ្រប់គ្រង​ផ្នែក​វេច​ខ្ចប់ Shipping លោក ចាន់ កុសល បានបញ្ជាក់​ថា មកដល់ពេលនេះ មិនទាន់​មាន​ការ​ឃាត់​ខ្លួន​ថ្នាក់ដឹកនាំ​រោងចក្រ​ណា​ម្នាក់​ទេ ហើយ​ថា ​ថៅកែ​រោងចក្រ​បាន​ខិតខំ​ដោះស្រាយ​ជាមួយ​គ្រួសារ​ជនរងគ្រោះ និង​សហការ​ជាមួយ​រដ្ឋាភិបាល ហើយ​មិន​រត់​ចោល​រោងចក្រ​របស់​ខ្លួន​ឡើយ។​

​ក្រោយ​ហេតុការណ៍​បាក់​រលំ​ធ្នើរ​ឡៅតឿ​នោះ ប៉ូលិស​បាន​ឃាត់ខ្លួន​អ្នកម៉ៅការ​សំណង់ និង​អ្នកគ្រប់គ្រង​រោងចក្រ​ផលិត​ស្បែកជើង Wing Star Shoes ពីរ​នាក់ ជា​ជនជាតិ​ខ្មែរ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ម្សិលមិញ ក្រោយពី​មាន​ការធានា ប៉ូលិស​ក៏​បាន​ដោះលែង​ទៅវិញ។​

​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦​ឧសភា ឆ្នាំ​២០១៣ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅ​រោងចក្រ​កើតហេតុ​​ថា ធ្នើរ​ផ្ទុក​អីវ៉ាន់​នៅ​ឡៅតឿ​រោងចក្រ​ផលិត​ស្បែកជើង Wing Star Shoes បាន​សាងសង់​ខុស​លក្ខណៈ​បច្ចេកទេស។ លោក​រដ្ឋមន្ត្រី អ៊ិត សំហេង ក៏​បាន​ប្រកាស​បើក​ធ្វើ​អធិការកិច្ច​លើ​អគា​រោងចក្រ​កាត់ដេរ នៅ​ទូទាំង​ប្រទេស​ដើម្បី​ការពារ​សុវត្ថិភាព​កម្មករ​ផងដែរ។

​ដោយឡែក​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក វ៉ាន់ ស៊ូ​អៀង ក៏​បាន​ប្រាប់​ក្រុម​អ្នកកាសែត បន្ទាប់ពី​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៣ ថា លោក​នឹង​សរសេរ​លិខិត​ជំរាប​សមាជិក​នៃ​សមាគម​រោងចក្រ​កាត់ដេរ​ទាំងអស់ ដោយ​បញ្ជាក់​ថា រាល់​សំណង់​នានា​ក្នុង​រោងចក្រ​កាត់ដេរ ត្រូវមាន​វិស្វករ​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​ឲ្យបាន​ម៉ត់ចត់។

សមាគម​រោងចក្រ​កាត់ដេរ​នឹង​ជួប​ប្រជុំ នៅ​ថ្ងៃ​២៨​ឧសភា ដើម្បី​ផ្សព្វផ្សាយ​ពី​វិធានការ​ការពារ​កុំឲ្យ​កើត​ឧបទ្ទវហេតុ​បាក់​រលំ​អគារ ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​កម្មករ​កាត់​ដេរ​តទៅទៀត​។​
​តាម​ការកត់សម្គាល់រ​បស់ លោក វ៉ាន់ ស៊ូ​អៀង នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ២០ ឆ្នាំ កន្លងមកនេះ គឺ​នៅ​រោងចក្រ​កាត់ដេរ​ទើបតែ​មាន​​គ្រោះថ្នាក់​ពីរ​ករណី​ប៉ុណ្ណោះ​។ មួយ​ករណី​នៅ​ភ្នំពេញ និង​មួយ​ករណី​ទៀត នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដែល​អគារ​សាងសង់​រួច ហើយ​ដួល បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​និង​បាត់បង់​ជីវិត​កម្មករ។​

​សូមបញ្ជាក់​ថា ធ្នើរ​ឡៅតឿ​ផ្ទុក​ឥ​វ៉ាន់ នៅក្នុង​រោងចក្រ Wing Star Shoes ដែល​ស្ថិតនៅ​តាម​ផ្លូវជាតិ​លេខ​៣ ជិត​ផ្សារ​ត្រាំ​ខ្នារ ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​បាក់​រលំ​កាលពី​វេលា​ម៉ោង ៧ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៣។ តួលេខ​ភ្លាមៗ ត្រូវបាន​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង ប្រកាសថា មាន​កម្មករ​ស្លាប់ ៣​នាក់ និង​របួស ៦ នាក់។ ក៏ប៉ុន្តែ​ចុងក្រោយ ចំនួន​កម្មករ​ស្លាប់ ត្រូវបាន​គេ​ប្រកាសថា មានតែ​២​នាក់​ប៉ុណ្ណោះ តែ​កម្មករ​របួស​បាន​កើនដ​ល់ ១១ នាក់៕​  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ