អានតួអត្ថបទ
ស៊ូដង់-លីប៊ី

ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស​របស់​ប្រធានាធិបតី​ស៊ូដង់​នៅ​លីប៊ី

ទោះ​បី​ជាមាន​​​​ដីកា របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​តាម​ចាប់​ខ្លួន​ ក៏​ដោយ ក៏​លោក អូម៉ា អែល-បេស្ហៀ បន្ត​ធ្វើ​ដំណើរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ដោយ​គ្មានរអា។ នៅ​ថ្ងៃ​សៅរ៍​ទី ៧​មករា ម្សិលមិញ​ ប្រធានាធិបតី​ស៊ូដង់​រូប​នេះ បាន​អញ្ជើញ​មក​ដល់​ក្រុង​ទ្រីប៉ូលី ប្រទេស​លីប៊ី ដើម្បី​បំពេញ​ទស្សនកិច្ច​ពីរ​ថ្ងៃ​ ក្រោម​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​ប្រធាន​ក្រុម​ប្រឹក្សា​ អន្តរកាល​លីប៊ី លោក Moustapha Abdeljalil និង​សមាជិក​រដ្ឋាភិបាល​បណ្តោះអាសន្ន​ជាច្រើន​រូប​ទៀត ប៉ុន្តែ​ជា​ការ​ក្តៅ​ក្រហាយ​បំផុត​សម្រាប់​​កង​កម្លាំង​រំដោះ​ស៊ូដង់ នៅ ដាហ្វួរ។

ប្រធានាធិបតី​ស៊ូដង់ Omar el-Bechir (ឆ្វេង) ចាប់​ដៃ​​​ប្រធាន​ក្រុមប្រឹក្សា​អន្តរកាល​លីប៊ី លោក Mustafa Abdeljalil ថ្ងៃទី​៧​មករា​២០១២
ប្រធានាធិបតី​ស៊ូដង់ Omar el-Bechir (ឆ្វេង) ចាប់​ដៃ​​​ប្រធាន​ក្រុមប្រឹក្សា​អន្តរកាល​លីប៊ី លោក Mustafa Abdeljalil ថ្ងៃទី​៧​មករា​២០១២ AFP/MAHMUD TURKIA
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​របស់​លោក បេស្ហៀ នៅ​លីប៊ីនេះ បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Human Right Watch និង​បាន​បង្កើត​ជា​ក្តី​មន្ទិល​សង្ស័យ​យ៉ាង​ខ្លាំង​ចំពោះ​តម្លាភាព​​របស់​ក្រុម​ប្រឹក្សា​អន្តរកាល​លីប៊ី (CNT) ក្នុង​ផ្នែក​សិទ្ធិមនុស្ស។ ព្រោះ​បុរស​ខ្លាំង​ទី​មួយ​របស់​ស៊ូដង់នេះ កំពុង​ស្ថិត​ក្រោម​ការ​តាម​ចាប់​ខ្លួន​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ក្រុង​ឡាអេ ពី​បទ​បាន​ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ នៅ​ដាហ្វួរ។

ពី​ដាហ្វួរ ប្រទេស​ស៊ូដង់ ក្រុម​រណសិរ្ស​បដិវត្តន៍​ដាហ្វួរ​ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​លីប៊ី ចាប់​ខ្លួន​ លោក បេស្ហៀ​នេះ ស្រប​តាម​ដីការ​របស់​តុលាការ។

ប៉ុន្តែ​សម្រាប់​លោក​ បេស្ហៀ​ វិញ គ្មាន​រអា​ឡើយ។ ទស្សនកិច្ច​របស់​លោក​នេះ គឺ​ដើម្បី​សម្តែង​អំណរ​គុណ​ដល់​​រដ្ឋាភិបាល​​បណ្តោះ​អាសន្ន​​លីប៊ី​ ដែល​​បាន​ផ្តល់​អំណោយ​ដ៏​ថ្លៃ​ថ្លា​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ស៊ូដង់។ នោះ​គឺ​ការ​ដួល​រលំ​ទៅ​នៃ​របប​កាដាហ្វី។ កាដាហ្វី ដែល​ជា​អ្នក​ជំរុញ​ដោយ​ផ្ទាល់​​ឲ្យ​មានភាព​​អយុត្តិធម៌​ ហិង្សា​ វាយ​ប្រហារ​គ្នា និង​ការ​បែក​បាក់​នៅ​ស៊ូដង់។ នេះ​ជា​​សំដី​​របស់​លោក បេស្ហៀ ទៅ​កាន់​អ្នក​សារព័ត៌មាននៅ​ទីក្រុង​ទ្រីប៉ូលី ដោយ​បញ្ជាក់​ទៀត​ថា ស៊ូដង់​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ពី​របប​កាដាហ្វី​ជារ​ហូតមក ហើយ​គឺ​រដ្ឋាភិបាល​លោក​តែ​ម្តង​ជា​អ្នក​ផ្តល់​អាវុធ​យុទ្ធភណ្ឌ​ដល់​ក្រុម​អ្នក​បះបោរ​លីប៊ី ដើម្បី​ផ្តួល​កាដាហ្វី។

សម្រាប់​តុលាការ​ព្រហ្មទណ្ឌ​វិញ ក្រុង​ឡាអេ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ជុំវិញ​​ទស្សនកិច្ច​របស់​​ប្រមុខ​ដឹកនាំ​ស៊ូដង់​នេះ​ទេ។ ព្រោះ​សូម​បញ្ជាក់​ថា លីប៊ី មិន​បាន​ចុះ​ហត្ថលេខា និង​មិន​បាន​ផ្តល់​សច្ចាប័ន​ ទទួល​ស្គាល់​តុលាការ​អន្តរជាតិ​នេះ​ទេ ដូច្នេះ​លីប៊ី​គ្មាន​កាតព្វកិច្ច​​ចាប់​បញ្ជូន​ជនជាប់​ដីកា​ណាម្នាក់​ទៅ​ឡាអេ​ឡើយ។

ទោះ​ជា​មាន​ប្រវត្តិ​និង​ចំណង​នយោបាយ​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​គោរព​សិទ្ធិមនុស្ស​ ជា​ករណី​កិច្ច​របស់​គ្រប់​រដ្ឋ​ទាំង​អស់ ! នេះ​ជា​គូស​បញ្ជាក់​របស់​អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ HRW។ ប៉ុន្តែ​ប្រមុខ​ដឹកនាំ​ក្រុម​ប្រឹក្សា​អន្តរកាល​លីប៊ី បាន​បញ្ចេញ​ប្រតិកម្ម​ការពារ​ខ្លួន និង​ការពារ​លោក បេស្ហៀ ថា ក្រុងទ្រីប៉ូលី ធ្វើ​អ្វី​ៗ​ទាំង​អស់​ស្រប​តាម​​ក្របខ័ណ្ឌ​ជា​សមាជិក​សម្ព័ន្ធ​អារ៉ាប​ និង​សហភាព​អាហ្វ្រិក ព្រមទាំងប្រកាស​ភ្ជាប់​ទំនាក់​ទំនង​​ឲ្យ​​ប្រសើរ​ឡើងជាមួយ​ស៊ូដង់​ មិន​ដូច​សម័យ​មុន​ដែល​តាន​តឹង​ដាក់​គ្នា​ទេ។ ក្រុង​ខាទូន និង​ទ្រីប៉ូលី នឹងធ្វើ​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ មិន​ថា​សេដ្ឋកិច្ច នយោបាយ​ និង​សន្តិសុខ ឬ​កសិកម្ម​និង​សំណង់ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ