ប៉ារីសនិងវ៉ាស៊ីនតោនទាមទារប្តូរនយោបាយដើម្បីជំរុញឲ្យមានកំណើនសេដ្ឋកិច្ចនៅអឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៨
ប្រមុខដឹកនាំនៃក្រុមប្រទេស G8 ដែលបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រម្សិលមិញនៅ Camp David បានថ្លែងជំរុញឲ្យមានការប្តូរប្រែនយោបាយ ដើម្បីជួយរិះរកដំណោះស្រាយឲ្យវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៅអឺរ៉ុប ដោយបានថ្លែងទាមទារឲ្យមានយុទ្ធសាស្ត្រសម្រាប់ជួយជំរុញឲ្យមានសន្ទុះកំណើនសេដ្ឋកិច្ច។
មូលហេតុដែលនាំឲ្យប្រមុខដឹកនាំនៃក្រុមប្រទេស G8 ទាមទារនយោបាយជួយជំរុញឲ្យមានសន្ទុះកំណើនសេដ្ឋកិច្ចនៅពេលនេះ មកពីពួកគេមើលឃើញថា នយោបាយថវិកាត្បិតត្បៀតដែលធ្លាប់តែគាំទ្រដោយលោកស្រីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់អង់ហ្គឺឡាមែរគែលនិងលោកអតីតប្រធានាធិបតីបារាំងនីកូឡាសាកូហ្ស៊ីគ្មានប្រសិទ្ធភាពក្នុងការជំរុញឲ្យមានសន្ទុះកំណើនសេដ្ឋកិច្ចនៅអឺរ៉ុបឡើយ។
បើគ្មានសន្ទុះកំណើនសេដ្ឋកិច្ចទេ ធ្វើម្តេចនឹងមានមធ្យោបាយមកជួយប្រយុទ្ធទប់ទល់នឹងបញ្ហាឥតការងារធ្វើកើត?
បើគ្មានសន្ទុះកំណើនសេដ្ឋកិច្ចទេ ធ្វើម្តេចនឹងមានប្រាក់ចំណូលយកមកជួយកាត់បន្ថយចំនួនប្រាក់បំណុលសាធារណៈដ៏ច្រើនមហិមាបាន?
ឃើញយ៉ាងដូច្នេះហើយ ទើបលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា និងលោកប្រធានាធិបតីបារាំងហ្វ្រង់ស័រហូឡង់ នាឱកាសជំនួបកំពូលនៃក្រុមប្រទេស G8 នៅថ្ងៃសុក្រទី១៨ឧសភាម្សិលមិញនៅ Camp David បានថ្លែងជំរុញឲ្យមានការប្តូរប្រែនយោបាយ ដើម្បីជួយរិះរកដំណោះស្រាយឲ្យវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៅអឺរ៉ុប ដោយបានថ្លែងជំរុញនិងស្របមតិគ្នាថា គេត្រូវតែរិះរកយុទ្ធសាស្ត្រឬចាត់វិធានការដើម្បីជួយជំរុញឲ្យមានសន្ទុះកំណើនសេដ្ឋកិច្ចនៅអឺរ៉ុប។ ទោះបីជាគេពុំបានគោរពនយោបាយថវិកាត្បិតត្បៀតឲ្យបានតឹងរ៉ឹងក៏ដោយ។
ជំហររបស់លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ានេះ សឲ្យឃើញថា សេតវិមានបារម្ភខ្លាចវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៅអឺរ៉ុបធ្វើឲ្យប៉ះពាល់ដល់សន្ទុះកំណើនសេដ្ឋកិច្ចដ៏ថ្មីថ្មោងរបស់អាមេរិកនិងអាចជាឧបសគ្គដល់ជោគជ័យនៃការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិទីពីរនៅខែវិច្ឆិកាខាងមុខនេះ។
ទាំងនេះបាននាំឲ្យលោកបារ៉ាក់អូបាម៉ាថ្លែងគាំទ្រយ៉ាងមុតមាំលោកប្រធានាធិបតីបារាំងហ្វ្រង់ស័រហូឡង់ថា “ការប្រយុទ្ធទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៅអឺរ៉ុប ដោយចាត់វិធានការជំរុញឲ្យមានសន្ទុះកំណើនសេដ្ឋកិច្ចគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់អឺរ៉ុបនិងសម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូល”។
លោកស្រីនាយករដ្ឋមន្ត្រីអាល្លឺម៉ង់អង់ហ្គឺឡាមែរគែលដែលតែងគាំទ្រនយោបាយត្បិតត្បៀត និងនយោបាយវិន័យពន្ធដារដើម្បីធ្វើការកាត់បន្ថយចំនួនប្រាក់បំណុល ពិតជាកំពុងតែឋិតនៅឯកាមែនហើយ នៅជំនួបកំពូលនៃក្រុមប្រទេស G8 នៅCamp David នេះ។
ក្រៅពីបញ្ហាសេដ្ឋកិច្ចនិងបញ្ហាហិរញ្ញវត្ថុ ប្រមុខដឹកនាំនៃក្រុមប្រទេស G8 ក៏បានពិភាក្សាផងទៀតពីបញ្ហាអន្តរជាតិសំខាន់ៗដូចជា បញ្ហាអាហ្វហ្កានីស្ថាន បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ វិបត្តិនយោបាយនៅប្រទេសស៊ីរី ហើយនិងបញ្ហានុយក្លេអ៊ែរនៃប្រទេសកូរ៉េខាងជើង។
ពិតមែនតែទីក្រុងប៉ារីសនិងទីក្រុងវ៉ាស៊ីនតោនមានការយល់ឃើញដូចគ្នាក្នុងការរិះរកនយោបាយដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៅអឺរ៉ុប ក៏ប៉ុន្តែលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ានិងលោកប្រធានាធិបតីបារាំងហ្វ្រង់ស័រហូឡង់ មានទស្សនៈខ្វែងគ្នាពាក់ព័ន្ធនឹងបេសកកម្មយោធារបស់បក្សសម្ព័ន្ធអូតង់នៅប្រទេសអាហ្វហ្កានីស្ថាន ហើយទាំងនេះនឹងត្រូវគេលើកយកមកពិភាក្សាគ្នានាឱកាសជំនួបកំពូលនៃបក្សសម្ព័ន្ធអូតង់នៅថ្ងៃអាទិត្យស្អែកនៅទីក្រុងស្ហ៊ីកាហ្គោ។
ពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ក្រុមប្រទេស G8 យល់ឃើញថា ប្រទេសអ៊ីរ៉ង់ត្រូវចាត់ឲ្យមានវិធានការជាបន្ទាន់ដើម្បីធ្វើឲ្យសហគមន៍អន្តរជាតិមានទំនុកចិត្តទៅលើលក្ខណៈសន្តិភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ទាក់ទិននឹងប្រទេសកូរ៉េខាងជើងឯណោះវិញ ប្រមុខដឹកនាំនៃក្រុមប្រទេសឧស្សាហកម្ម G8 បានថ្លែងជំរុញឲ្យទីក្រុងព្យុងយ៉ាងធ្វើការសម្របខ្លួនឲ្យអនុលោមតាមច្បាប់អន្តរជាតិ។ បើពុំដូច្នោះទេ ប្រទេសកូរ៉េខាងជើងនឹងត្រូវឋិតនៅឯកានៅលើឆាកអន្តរជាតិ។
ជាទីបញ្ចប់ ពាក់ព័ន្ធនឹងវិបត្តិនយោបាយនៅប្រទេសស៊ីរី សមាជិក នៃក្រុមប្រទេសឧស្សាហកម្ម G8 ភាគច្រើនបានស្របមតិគ្នាថា “គេត្រូវតែវិវឌ្ឍឲ្យបានឆាប់រហ័សទៅរកផែនការមួយដែលគ្រោងឈានទៅរកការដោះស្រាយនយោបាយ”។ ទោះបីជាលោកនាយករដ្ឋមន្ត្រីរុស្ស៊ីឌីមីទ្រីមេដវេដេវពុំបានគាំទ្រជំហរខាងលើនេះក្តី ក៏ប្រទេសរុស្ស៊ីពុំបានសម្តែងការ្រឆាំងអ្វីដែរ។ គួរបញ្ជាក់ថា លោកឌីមីទ្រីមេដវេដេវតំណាងលោកប្រធានាធិបតីរុស្ស៊ី ពូទីន ដែលគ្មានវត្តមាននាឱកាសជំនួបកំពូលនៃក្រុមប្រទេសឧស្សាហកម្ម G8 នៅ Camp Davidា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ