អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េ​ខាងជើង​និង​កូរ៉េ​ខាងត្បូង​សម្រេចចេញ​កិច្ច​ព្រមព្រៀង​អោយមាន​ជំនួប​គ្រួសារ​ដែល​​ព្រាត់ប្រាសគ្នា​ ក្រោយ​សង្គ្រាម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ពុធ​នេះ កូរ៉េខាងជើង​និង​កូរ៉េ​ខាងត្បូង​ បាន​សម្រេច​ចេញ​កិច្ចព្រមព្រៀង​មួយ អនុញ្ញាត​អោយ​គ្រួសារកូរ៉េ​មួយចំនួន ​ដែល​បានព្រាត់ប្រាស​គ្នា​ក្រោយ​​សង្គ្រាម​កូរ៉េ ឆ្នាំ១៩៥០-១៩៥៣ បានជួបជុំ​គ្នា​ឡើងវិញ នៅ​ខែ​កុម្ភៈ​នេះ។ យោងតាម​កិច្ចព្រមព្រៀង​ដ៏​​កម្រ​មាន​​នេះ ការជួបជុំ​គ្រួសារ​កូរ៉េ​ដែល​បាន​បែកគ្នា​នេះ ធ្វើឡើង​៦ថ្ងៃ ​ពីថ្ងៃ​​​២០​ដល់ថ្ងៃ​២៥​កុម្ភៈ នៅ​ភ្នំ​គុំហ្កាំង Kumgang ក្នុងទឹកដី​កូរ៉េខាងជើង ប៉ែកខាងជើង​ព្រំដែន​រវាង​កូរ៉េទាំង២។ កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៣ ក្រុងព្យុងយ៉ាង​​បានលុបចោល​គម្រោង​ជំនួប​នេះ​ម្តង​ហើយ ដោយសារ​តែ​កូរ៉េខាងត្បូង​​ត្រៀម​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក។ ក្នុងក្រសែ​ភ្នែក​ក្រុងព្យុងយ៉ាង សមយុទ្ធ​នេះ​​ជា​ការត្រៀម​វាយ​​លុក​ទឹកដី​កូរ៉េខាងជើង។

ក្រុមគ្រួសារ​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង ដែល​ព្រាត់គ្នា​ក្រោយ​សង្គ្រាម បានជួបជុំ​គ្នា កាលពី​ខែ​កញ្ញា​ ឆ្នាំ២០០៩។
ក្រុមគ្រួសារ​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង ដែល​ព្រាត់គ្នា​ក្រោយ​សង្គ្រាម បានជួបជុំ​គ្នា កាលពី​ខែ​កញ្ញា​ ឆ្នាំ២០០៩។ GETTYImages
ផ្សាយពាណិជ្ជកម្ម

 

កូរ៉េ​ខាងត្បូង​​​បាន​ប្រកាស​ច្រើនលើក​ច្រើនសា​ហើយ​ថា នឹង​មិនលុបចោល​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក ដែល​គ្រោងធ្វើ​នៅ​ចុងខែ​កុម្ភៈ​នេះទេ។ ​​ ​កិច្ចព្រមព្រៀង​អោយ​មានជំនួប​គ្រួសារ​កូរ៉េ​ នៅ​​ថ្ងៃពុធ៥កុម្ភៈ​នេះ គ្មាន​ហេតុផល​ទាក់ទង​សមយុទ្ធយោធា​កូរ៉េខាងត្បូង​-អាមេរិក​

ជាផ្លូវការ​ ​​ ​​ចំពោះ​​​កិច្ចព្រមព្រៀង​​អោយ​មាន​ជំនួបគ្រួសារ​កូរ៉េ​ដែលព្រាត់គ្នា​ក្រោយ​សង្គ្រាម ​សម្រេចបាន​​​រវាង​ប្រទេស​បងប្អូន​កូរ៉េ​ទាំង២ នៅថ្ងៃ​ពុធនេះ កូរ៉េខាងជើង​​​​មិនបាន​​​ភ្ជាប់​ហេតុផល​ជាមួយ​សមយុទ្ធ​យោធា​រវាង​កូរ៉េខាងត្បូង​និង​អាមេរិក​នោះទេ។ កាលពី​ខែ​កញ្ញា​ឆ្នាំ២០១៣ កូរ៉េខាងជើងបានលុបចោល​ជំនួបគ្រួសារ​កូរ៉េ ព្រោះ​​ ចាត់ទុក​សមយុទ្ធ​យោធា​រវាង​ក្រុងសេអ៊ូល​និង​ក្រុងវ៉ាស៊ីនតោន ថា​ជា​ការត្រៀម​លក្ខណៈ​ ចូល​វាយលុក​ទឹកដីកូរ៉េខាងជើង។

ប៉ុន្តែ​ នៅពេល​នេះ ក្រុង​ព្យុងយ៉ាង​បាន​ប្តូរ​ជំហរ​ខ្លួន​មកវិញ ដើម្បី​បង្ហាញ​ថា ខ្លួន​ជា​អ្នក​មាន​បំណង​ល្អ​ ព្រម​អោយ​មានជំនួប​គ្រួសារ​កូរ៉េ​នេះ បង្ហាញថា​ ការផ្សះផ្សា​និង​ឯកភាព​រវាង​បងប្អូន​កូរ៉េទាំង២​ គឺ​ជា​បំណង​ផ្ទាល់​​ចេញ​ពី​សមានចិត្តរបស់​កូរ៉េខាងជើង​តែ​ម្តង។ កាលពី​ខែ​មករា​មុននេះ​ ​​ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​គឹម​ ជុងអ៊ុន បាន​បង្ហាញ​ជំហរ​ថ្មី​ដោយ​អំពាវនាវ​​​អោយ​​មាន​ការផ្សះផ្សា និង​ឯកភាពរវាងប្រទេស​កូរ៉េទាំងពីរ។

កិច្ច​ព្រមព្រៀង​​ថ្ងៃ​ពុធនេះ ជា​ដំណឹង​ល្អ​​សម្រាប់​កូរ៉េខាងត្បូង​ដែលតែង​អំពាវនាវ​អោយ​មានជំនួប​គ្រួសារ​កូរ៉េ​ក៏ពិតមែន តែ​វា​ជា​មោទនភាព​របស់​កូរ៉េខាងជើងទៅវិញទេ ដែល​ចង់អួតថា ខ្លួន​ជា​អ្នកមានអំណាច​សម្រេច​ថា​ តើ​​ជំនួបគ្រួសារ​នេះ ត្រូវ​ធ្វើ​រឺមិនធ្វើ។

ទន្ទឹមនេះ​ដែរ​ កូរ៉េខាងជើងបន្ទន់​ឥរិយាបថ​ ​យល់ព្រម​អោយ​មានជំនួប​គ្រួសារ​កូរ៉េ រយៈពេល​៦ថ្ងៃ​ក្នុង​ខែ​កុម្ភៈ​នេះ ​ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​ជាមួយ​ក្រុងសេអ៊ូល​ក្នុង​ពេល​កន្លងមក។ ​​កន្លងមក អោយ​តែដល់ពេល​ក្រុងសេអ៊ូល​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក ក្រុងព្យុងយ៉ាង​តែ​ង​បង្កភាពតានតឹង​ក្នុង​ឧបទ្វីប​កូរ៉េ​ជានិច្ច។ ប៉ុន្តែ ការ​ដែល​​ក្រុងសេអ៊ូល​នៅតែ​មានៈ​ បន្ត​សមយុទ្ធយោធា​ជាមួយ​អាមេរិក អាច​​ធ្វើអោយ​ក្រុង​ព្យុងយ៉ាង​​គិតថា ខ្លួន​មិនអាច​លេង​ធម៌ក្តៅ​គ្រប់ពេល​វេលា​បាន​ទេ។ ប្រហែល​ជា​មូលហេតុ​នេះ​ហើយ ទើបថ្ងៃពុធនេះ កូរ៉េខាងជើង​សម្រេច​​ប្តូរជំហរ​មកវិញ ដោយ​យល់ព្រម​អោយ​មានជំនួបគ្រួសារ​កូរ៉េ​ដែល​ព្រាត់គ្នា​ ក្រោយសម័យ​សង្គ្រាម​នេះ។

ដោយឡែក​ នៅពីក្រោយ​ជំនួប​គ្រួសារកូរ៉េនេះ កូរ៉េខាងជើង​ក៏​ជាអ្នក​ចំណេញ​ប្រយោជន៍ ដើម្បី​​ជួយប្រជាជន​ខ្លួន​ផងដែរ។​ ព្រោះថា កន្លងមក ក្នុង​ការ​អំពាវនាវ​​​អោយ​កូរ៉េខាងជើង​យល់ព្រម​អោយ​គ្រួសារ​កូរ៉េ​បានជួបជុំគ្នា​ឡើងវិញ​នេះ លោកស្រី ប៉ាក់ គុនហឺ ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ ក៏បាន​​សន្យា​ផ្តល់ជំនួយ​មនុស្សធម៌​​បន្ថែម​ទៀត​​អោយ​កូរ៉េខាងជើង។ កូរ៉េខាងត្បូង​​​​ជួយ​ផ្នែក​មនុស្សធម៌​ដល់​កូរ៉េខាងជើង តាមរយៈ​អង្គការ​អន្តរជាតិ​បែបយ៉ាង​អង្គការ​យូនីសេហ្វ គិតជា​ទឹកប្រាក់​ក្នុង​ឆ្នាំ​២០១៣កន្លងមក ​គឺ​មាន​ជាង​៩លាន​អឺរ៉ូ។

ដូច្នេះ ជំនួបគ្រួសារ​កូរ៉េនេះ វា​ផ្តល់​ផលចំណេញ​ដល់ក្រុងព្យុងយ៉ាង ចៀស​មិនផុត។ គួរបន្ថែម​ថា ដោយសារ​តែ​​​​មហច្ឆតា​នុយក្លេអ៊ែរ​ហួសដែន​កំណត់របស់កូរ៉េខាងជើង​​​ សហគមន៍​អន្តរជាតិ​បានដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដល់​កូរ៉េខាងជើង​ ធ្វើអោយ​ក្រុងព្យុងយ៉ាង​ពិបាក​​រក​ចំណូល​ជួយប្រជាជន​​ដែលកំពុង​​​​អត់ឃ្លានក្នុង​ស្រុក​។ វិស័យសេដ្ឋកិច្ច​កូរ៉េខាងជើង​ទន់ខ្សោយ ដោយសារ​តែ​កូរ៉េខាងជើង​ពង្រឹង​និង​អភិវឌ្ឍន៍​ផ្នែកយោធា​ហួសហេតុ។ ​ដូច្នេះ ​​ ​ជំនួបគ្រួសារ​កូរ៉េនេះ ​ជា​​យុទ្ធសាស្ត្រ​មួយ​​របស់​​ក្រុងព្យុងយ៉ាង ដើម្បី​ជំរិត​ទាមទារប្រយោជន៍​ពី​កូរ៉េខាងត្បូង​។

​ក្នុង​ការ​អំពាវនាវ​អោយ​មានជំនួប​គ្រួសារ​កូរ៉េ ពីសំណាក់​កូរ៉េខាងត្បូង​ ​កន្លងមក ប្រធានាធិបតី​​កូរ៉េខាងត្បូង ប៉ាក់ គុនហឺ មិនបាន​​អត្ថាធិប្បាយ​អ្វី​ទាក់ទង​នឹង​ការដែល​ប្រមុខដឹកនាំ​កូរ៉េខាងជើង បាន​​ប្រហារជីវិត​​ឳពុក​មា​ខ្លួន ចាង សុងថេក ដែល​ជា​ជន​លំដាប់ខ្លាំង​ទី២​ នៅកូរ៉េខាងជើង​នោះទេ


កាលពីពាក់​កណ្តាល​ខែធ្នូ​ ឆ្នាំ២០១៣ ​​លោក​គឹម ជុងអ៊ុន ​​បាន​សម្រេច​ប្រហារជីវិត​​លោក​ចាង សុងថេក ជា​ឳពុកមា​ខ្លួន​ យោងលើ​​មូលហេតុ​​ថា លោក​ចាង ​ជាជន​ក្បត់ជាតិ។ ប៉ុន្តែ ផ្នែក​ចារកិច្ច​កូរ៉េ​ខាងត្បូង ​បាន​ផ្តល់ព័ត៌មានថា​​ កូរ៉េខាងជើង​​បានសម្រេច​​ប្រហារជីវិត​លោក ចាង សុងថេក​​​​ ប្រហែល​​ដោយសារ​តែ​លោក​ ចាង សុងថេក ​​ព្យាយាម​គ្រប់គ្រង​ផ្នែកនាំចេញ​ធ្យូងថ្ម​របស់​កូរ៉េខាងជើង និង​ចង់​បាន​ប្រយោជន៍​ហួសពី​អ្វី​​ដែល​គាត់ត្រូវ​បាន។

ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហឺ មិនចង់​បន្ថែម​ល្បោយ​​ក្នុង​សម្ល​ដែល​ផ្អូម​រួច​ហើយ​​នោះទេ។ លោកស្រីប៉ាក់ គុនហឺ ​ធ្លាប់​លើកឡើងក្នុង​រឿងនេះថា គេ​ពិបាក​នឹងកំណត់​ជាមុន​នូវ​ទំនាក់ទំនង​រវាង​បងប្អូន​បង្កើត​​ណាស់។​ កូរ៉េខាងត្បូង​មាន​ភាព​ឆ្លាតវៃ ​មិនលូកដៃ​ចូល​កិច្ចការផ្ទៃក្នុង​ក្រុងព្យុងយ៉ាង ​ចៀសវាង​បង្ក​ភាពតានតឹង​បន្ថែមទៀត ពិសេស​នៅពេល​ដែល​កងទ័ព​កូរ៉េខាងត្បូង​ជិតធ្វើ​សមយុទ្ធយោធា​ជាមួយ​កងទ័ព​អាមេរិក​​ទៀតនោះ។

ប្រហែល​ជា​ការដែល​ក្រុងសេអ៊ូល​មិនបន្ថែម​ភាពតានតឹង​ មិន​លូកដៃ​រឿងផ្ទៃក្នុង​​​នយោបាយ​កូរ៉េខាងជើង​នេះហើយ ដែល​សម្រួល​អោយ​ក្រុងព្យុងយ៉ាង​យល់ព្រមសម្រេច​កិច្ចព្រមព្រៀង​ ជាមួយ​ក្រុងសេអ៊ូល អនុញ្ញាត​អោយ​គ្រួសារកូរ៉េទាំងសងខាង​ បានជួបគ្នា​ ក្នុងខែ​កុម្ភៈ​នេះ។ ​​​ហើយ​កិច្ចព្រមព្រៀង​នេះ​ហើយ ​ជាអ្វី​ដែល​ក្រុងសេអ៊ូល​ចង់បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ