អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

កូរ៉េខាងជើង​យល់ព្រម​ឲ្យ​មាន​ជំនួប​រវាង​ក្រុមគ្រួសារ​ដែល​ព្រាត់ប្រាសគ្នា​នៅ​ក្រោយ​សង្រ្គាម

នៅ​ថ្ងៃ​ចន្ទ ទី៣ កុម្ភៈ​នេះ កូរ៉េខាងជើង​បាន​យល់ព្រម​ឲ្យ​មាន​ការ​រៀបចំ​ជំនួប​រវាង​ក្រុមគ្រួសារ​កូរ៉េ​ដែល​បាន​ព្រាត់ប្រាស​គ្នា​នៅ​ក្នុង​ក្រោយ​សង្រ្គាមកូរ៉េ​កាល​ពី ៦០ឆ្នំា​មុន នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​បង្រួបបង្រួម​កូរ៉េ​នៅ​កូរ៉េខាងជើង។ សូម​ជម្រាប​ជូន​ថា ផែនការ​រៀបចំ​ជំនួប​រវាង​ក្រុមគ្រួសារ​កូរ៉េ​ដែល​បែកបាក់​គ្នា​ក្រោយ​សង្រ្គាម​ត្រូវ​បាន​គ្រោង​ទុក​តំាង​ពី​ខែ​កញ្ញា ឆ្នំា ២០១៣ មក​ម្ល៉េះ តែ​ត្រូវ​បាន​របប​ក្រុងព្យុងយ៉ាង​លប់​ចោល​វិញ​នៅ​នាទី​ចុងក្រោយ។

រូប​ភាព​នៃ​ជំនួប​ក្រុមគ្រួសារ​កូរ៉េ​​បែកបាក់គ្នា ​ក្នុង​ឆ្នំា ២០១០
រូប​ភាព​នៃ​ជំនួប​ក្រុមគ្រួសារ​កូរ៉េ​​បែកបាក់គ្នា ​ក្នុង​ឆ្នំា ២០១០ AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត កូរ៉េខាងជើង​បាន​ព្រមព្រៀង​ឲ្យ​មាន​ការ​រៀបចំ​ជំនួប​រវាង​ក្រុមគ្រួសារ​កូរ៉េ​ដែល​បាន​ព្រាត់ប្រាស​គ្នា​តំាង​ពី​ជាង ៦០ឆ្នំា​មក​ហើយ។ តាម​គម្រោង ជំនួប​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី៥កុម្ភៈ​នៅ​ក្នុង​ស្រុក​កូរ៉េខាងជើង​ជាប់​ព្រំដែន Panmunjom ដែល​ខ័ណ្ឌចែក​កូរ៉េ​ជា​ពីរ។ គឺ​នៅ​ក្នុង​ស្រុក Panmunjom នោះ​ឯង​ដែល​បងប្អូនបង្កើត​គូសត្រូវ​ទំាង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​យុទ្ធសន្តិភាព​បញ្ចប់​សង្រ្គាម​រវាង​គ្នា​កាល​ពី​ឆ្នំា ១៩៥៣។ អ្នកនំាពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​នៅ​កូរ៉េខាងត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទកាសែត​ថា ភាគី​ទំាង​ពីរ​បាន​ផ្តើម​ជជែក​អំពី​របៀប​វារៈ​នៃ​ការ​រៀបចំ​ជំនួប​ដែល​គ្រោង​ធ្វើ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ ទី៥កុម្ភៈ។

គួរ​ជម្រាប​ជូន​ថា គម្រោង​រៀបចំ​ឲ្យ​មាន​ជំនួប​រវាង​ក្រុមគ្រួសារ​កូរ៉េ​បែកបាក់​គ្នា​នៅ​ក្រោយ​សង្រ្គាមកូរ៉េ​ពី​ឆ្នំា ១៩៥០ ដល់​ឆ្នំា ១៩៥៣ ត្រូវ​បាន​គេ​គ្រោង​ធ្វើ​ម្តង​ហើយ​កាល​ពី​ខែ​កញ្ញា​ឆ្នំា ២០១៣ តែ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​លុបចោល​នៅ​នាទី​ចុងក្រោយ។ កាល​ពី​ឆ្នំា ២០១០ ក៏​ធ្លាប់​បាន​រៀបចំ​ឲ្យ​មាន​ការ​ជួបជុំ​រវាង​ក្រុមគ្រួសារ​កូរ៉េ​បែកបាក់​គ្នា​របៀប​នេះ​ម្តង​ហើយ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​កាកបាទក្រហម។ ជំនួប​កាល​ណោះ​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​កូរ៉េ​ចំនួន ១ ៧០០០នាក់​អាច​ឱបរឹត​ឱពុកម្តាយ ប្តីប្រពន្ធ កូនចៅ ចៅទួត​ដែល​មិន​ដែល​បាន​ឃើញ​មុខ​គ្នា​តំាង​ពី​ជាង ៦០ឆ្នំា​មក​ហើយ។

តំាង​ពី​ក្រោយ​សង្រ្គាម​មក មាន​ប្រជាជន​កូរ៉េ​រាប់សិប​លាននាក់​បាន​ព្រាត់ប្រាស​សាច់ញាតិ និង​ដែល​ភាគ​ច្រើន​បាន​ស្លាប់ ដោយ​មិន​ដែល​បាន​ជួប​មុខ​គ្នា​ម្តង​ឡើយ។ បច្ចុប្បន្ន​នេះ មាន​ប្រជាជន​កូរ៉េខាងត្បូង​ជាង ៧០ ០០០នាក់ ក្នុង​នោះ​មាន​ជាង​ពាក់កណ្តាល​មាន​អាយុ​លើស​ពី ៨០ឆ្នំា​កំពុង​រង់ចំា​ជួប​ក្រុមគ្រួសារ​របស់​ពួក​គេ​រស់នៅ​ប៉ែក​ខាងជើង​យ៉ាង​អន្ទះសារ។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកតាមដាន​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ ក៏​ដូច​ជា​ប្រជាជន​កូរ៉េ​ទូទៅ​បាន​សម្តែង​ការ​បារម្ភ​របស់​ខ្លួន ខ្លាច​តែ​ថ្នាក់ដឹកនំា​កូរ៉េខាងជើង​លុបចោល​ជំនួប​នេះ​វិញ​នៅ​នាទី​ចុង​ក្រោយ​ដូច​ដែល​ខ្លួន​បាន​ធ្វើ​កាល​ពី​ខែ​កញ្ញា ឆ្នំា ២០១៣។ ការ​លុបចោល​កាល​ណោះ​មក​ពី​ក្រុង​ព្យុងយ៉ាង​មិន​សប្បាយចិត្ត​នឹង​ទង្វើ​របស់​ក្រុង​សេអ៊ូល​ដែល​កំពុង​ត្រៀម​ធ្វើ​សមយុទ្ធ​ជា​មួយ​អាមេរិក។ សមយុទ្ធ​ដែល​ព្យុងយ៉ាង​ចាត់ទុក​ជា​ការ​ត្រៀម​ជើងព្រួល​វាយលុក​ចូល​ក្នុង​ទឹកដី​កូរ៉េខាងជើង។ តែ​ក្រុង​សេអ៊ូល​បាន​រម្លឹក​ជា​ថ្មី​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សមយុទ្ធ​នឹង​ត្រូវ​រៀបចំ​ធ្វើ​ដូច​ដែល​បាន​គ្រោង​ទុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ