អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ជា​ការ​ដាស់​ស្មារតី​អ្នក​នយោបាយ​ខ្មែរ​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ពុធ​ទី២៣តុលា​នេះ​គឺជា​ខួប​គម្រប់២២ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស។ គណបក្ស​សង្គ្រោះ​ជាតិ​បានជ្រើសរើស​យក​ថ្ងៃនេះ​ធ្វើ​មហា​បាតុកម្ម​លើក​ទី៣របស់ខ្លួន ​ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​បញ្ហា​បោះឆ្នោត។ ២២ឆ្នាំ​ក្រោយពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ជម្លោះ​រវាង​ភាគី​នយោបាយ​ខ្មែរ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក។ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ​ត្រូវបាន​អ្នកនយោបាយ​លើក​មក​និយាយ​ជា​ញឹកញាប់ ប៉ុន្តែ មិនត្រូវ​បាន​គេ​សិក្សា​អំពី​ស្មារតី​របស់​វា​ឲ្យ​ស៊ីជម្រៅ​ទេ។ ដូច្នេះ ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ​គួរតែ​ជាការ​ដាស់​ស្មារតី​អ្នកនយោបាយ​ឲ្យ​នឹកឃើញ​ពីអ្វី​ដែល​បាន​កើតឡើង ​កាលពី២២ឆ្នាំ​កន្លងទៅ។

កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ដែលភាគីជម្លោះ​ខ្មែរ បានចុះហត្ថលេខា កាលពីថ្ងៃ២៣តុលា១៩៩១។
កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ដែលភាគីជម្លោះ​ខ្មែរ បានចុះហត្ថលេខា កាលពីថ្ងៃ២៣តុលា១៩៩១។ @រូបភាពឯកសារ
ផ្សាយពាណិជ្ជកម្ម

កាលពី២២ឆ្នាំមុន គឺ​នៅ​ថ្ងៃទី២៣ តុលា ឆ្នាំ ១៩៩១ ភាគី​ជម្លោះ​ទាំង៤របស់​កម្ពុជា​គឺ ភាគី​រដ្ឋ​កម្ពុជា ហ្វ៊ុនស៊ិនប៉ិច រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោកតា សឺ​ន សាន និង​ភាគី​ខ្មែរក្រហម រួមជាមួយ​ប្រទេស​ចំនួន ១៨ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​និង​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា។ នោះ​គឺ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស។

ឮតាមរយៈ​កិច្ចព្រមព្រៀង​នេះ ប្រទេស​កម្ពុជា​ក៏បាន​រៀបចំ​ការបោះឆ្នោត​លើកដំបូង​កាលពី​ឆ្នាំ ១៩៩៣ ក្រោម​ការរៀបចំ​របស់​អង្គការសហប្រជាជាតិ។ ក្រៅពី​ការបោះឆ្នោត កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ក៏មាន​ចែង​ដែរ​អំពី​ការធានា​ឲ្យ​កម្ពុ​ជាមាន​ប្រជាធិបតេយ្យ សេរី​ពហុបក្ស មានការ​គោរព​សិទ្ធិមនុស្ស និង​មាន​អធិបតេយ្យភាព បូរណភាព​ទឹកដី​ដែល​គ្មាន​អ្នកណា​អាច​បំពាន​បានជា​ដើម។

តាមពិត ​កិច្ចព្រមព្រៀង​នេះ​មានតម្លៃ​ធំធេង​ណាស់​សម្រាប់​កម្ពុជា។ វា​គឺជា​របត់​នយោបាយ​ថ្មី​មួយទៀត​ដ៏​សំខាន់​ក្នុងការ​បើកផ្លូវ​ឲ្យ​កម្ពុជា​ធ្វើដំណើរ​ឆ្ពោះទៅកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស​បន្ទាប់ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម។ ប៉ុន្តែ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​មិនត្រូវ​បាន​យកមកប្រើ​ប្រាស់​ដើម្បី​ទាញយក​ប្រយោជន៍​ឲ្យ​សម​តាម​ខ្លឹមសារ​ពិតប្រាកដ​របស់​វា​នៅឡើយ​ទេ។ មិនតែប៉ុណ្ណោះ សន្ធិសញ្ញា​មួយ​នេះ​ហាក់ដូចជា​បានក្លាយ​ទៅជា​ចំណាប់​ខ្លាំង​របស់​អ្នកនយោបាយ​ដោយសារតែ​ការដណ្តើម​មុខមាត់​ទៅវិញ។

គណបក្សកាន់អំណាច​ដែល​ចង់​រំលេច​ថ្ងៃ៧មករា ១៩៧៩ ថា​ជា​ស្នាដៃ​គ្មាន​ពី​របស់ខ្លួន​នោះ ចាត់ទុក​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ថា ជា«ប្អូន» របស់​ថ្ងៃ៧មករា​ តែប៉ុណ្ណោះ។ ផ្ទុយទៅវិញ គណបក្សប្រឆាំង​ដែល​មិនដែល​ទទួលស្គាល់​ថ្ងៃ៧មករា​សោះ​នោះ បានចាត់ទុក​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​នេះ ថា​ជា​របត់​ថ្មី​តែមួយគត់​ដែល​នាំ​ឲ្យ​កម្ពុ​ជាមាន​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​ដូច​បច្ចុប្បន្ន។

គឺ​ក្នុង​បរិបទ​នេះហើយ​បានជា​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ត្រូវបាន​គេ​លើ​កមក​និយាយ​ជា​ញឹកញាប់ ប៉ុន្តែ វា​មិន​ត្រូវបាន​គេ​យក​វា​មកប្រើប្រាស់​ឲ្យ​ពិតប្រាកដ​ឡើយ។​ យ៉ាងណាក៏ដោយ​ ខ្លឹមសារសំខាន់ៗនៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ត្រូវបាន​បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ រួចហើយ។ រដ្ឋធម្មនុញ្ញ​ដែល​កំពុង​នៅ​ជា​ធរមាន​សព្វថ្ងៃ ​ក៏​ត្រូវគេ​ចាត់ទុកថា​ជា​អត្ថបទ​ច្បាប់​ដ៏​ល្អ​មួយ​ដែរ ប៉ុន្តែ បញ្ហា​នៅត្រង់​ការអនុវត្ត​ន៍​មិនបាន​តែប៉ុណ្ណោះ។

ជាក់ស្តែង ២២ឆ្នាំ​ក្រោយមក ថ្ងៃទី២៣ តុលា​ កំពុង​ក្លាយជា​ជម្លោះ​នយោបាយ​ដ៏​ក្តៅគគុក។ គណបក្ស​សង្គ្រោះ​ជាតិ​បានជ្រើសរើស​យក​ថ្ងៃនេះ​ដើម្បី​ធ្វើ​មហា​បាតុកម្ម​រយៈពេល​យូរ​ និង​ជាប់​គ្នា​ឥត​ឈប់​ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ការបោះឆ្នោត។ ចំណែក​អាជ្ញាធរ​រដ្ឋាភិបាល​វិញ​ព្យាយាម​កម្រិត​មិន​ឲ្យ​មាន​មនុស្ស​ច្រើន​លើសពី​មួយ​ម៉ឺន​នាក់ និង​មិន​ឲ្យ​បាតុកម្ម​នេះ​ធ្វើ​ពេលយប់​ទេ។

នេះ​បង្ហាញ​ឲ្យ​ឃើញថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុងស្ថិត​លើ​របត់ផ្លូវ​ដ៏​រលាក់​នៅឡើយ។ រលាក់​ដោយហេតុថា ម្យ៉ាង​រាល់ពេល​បោះឆ្នោតម្តងៗ ជម្លោះ​នយោបាយ​តែង​កើតមាន​មិនដែល​ខាន។ ម្យ៉ាងទៀត សេរីភាព​សម្តែង​មតិ​តាមរយៈ​បាតុកម្ម​ នៅតែ​ត្រូវគេ​រឹតត្បិត​យ៉ាងខ្លាំង​នៅឡើយ។ នេះ​នៅ​មិនទាន់​រាប់​បញ្ហា​ជាច្រើន​ទៀត​ ដែល​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នោះ​នៅឡើយ​ទេ។

សរុប​មកវិញ សហគមន៍​អន្តរជាតិ​បាន​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ​រួចហើយ ​កាលពី​ឆ្នាំ ១៩៩១ តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស។ កិច្ចព្រមព្រៀង​នេះ​នៅតែមាន​តម្លៃ​ជា​អមតៈ ពីព្រោះ​វា​ជា​និមិត្តរូប​នៃ​ការដោះស្រាយ​បញ្ហា​របស់​ខ្មែរ ក្រោម​ការជួយជ្រោមជ្រែង​ពី​បរទេស។ ដូច្នេះ នៅសល់តែ​ខ្មែរ​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​ត្រូវអនុវត្ត​ឲ្យ​បានសម្រេច​នូវ​ខ្លឹមសារ​សំខាន់ៗ​ដែលមាន​​ក្នុង​កិច្ចព្រមព្រៀង​នេះ។

តើ​អ្នកនយោបាយ​ខ្មែរ​គួរពិនិត្យមើល​ឡើងវិញ​អំពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ហើយ​នាំគ្នា​ស្វែងយល់​និង​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ឬមួយ​ក៏ត្រូវ​ដើរ​គោះ​ទ្វារផ្ទះ​បរទេស​ជាថ្មី​ ដើម្បី​ឲ្យ​ពួកគេ​ចេញមុខ​មកជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ខ្មែរ​ម្តងទៀត?
សំណួរ​នេះ​មាន​អត្ថន័យ​គ្រប់គ្រាន់​ដើម្បី​ដាស់​ស្មារតី​អ្នកនយោបាយ​ខ្មែរ​ នាឱកាស​រម្លឹក​ខួប​ទី២២ឆ្នាំ ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ