អានតួអត្ថបទ
ប៉ាគីស្ថាន​

ប៉ាគីស្ថាន៖​ការ​ប៉ះ​​ទង្គិច​គ្នា​​រវាង​​សកម្មជន​​បក្ស​​ប្រឆាំង​​និង​​ប៉ូលីស​​នៅ​​អ៊ីស្លាម៉ាបាត​

នៅ​ប៉ាគីស្ថាន ខណៈ​ពេល​ដែល​ការ​កេណ្ឌ​ប្រមែ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រឆាំង​ទល់​នឹង​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន Nawaz Sharif កាន់តែ​ខិត​ជិត​មក​ដល់ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ មាន​ការ​ប៉ះ​ទង្គិច​គ្នា​​រវាង​សកម្មជន​បក្ស​ប្រឆាំង ​និង​កម្លាំង​ប៉ូលីស​នៅ​ក្បែរ​ក្រុង​អ៊ីស្លាម៉ា​បាត។ នា​ឱកាស​នោះ ​​ប៉ូលីស​បាន​ចាប់​ខ្លួន​អ្នកប្រឆាំង​រាប់​សិប​នាក់។  

បាតុករ​ម្នាក់​គប់ដុំថ្ម​ទៅ​ប៉ូលិស នៅ​​Rawalpindi ប៉ាគីស្ថាន ថ្ងៃ​២៨តុលា ២០១៦
បាតុករ​ម្នាក់​គប់ដុំថ្ម​ទៅ​ប៉ូលិស នៅ​​Rawalpindi ប៉ាគីស្ថាន ថ្ងៃ​២៨តុលា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្រុង​Rawalpindi ដែល​ជា​ទី​ប្រជុំជន នៅ​ជាប់​រដ្ឋធានី ក្រុម​ប៉ូលីសប៉ាគីស្ថាន បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​​ចាប់​ខ្លួន​ពួក​បាតុករ​ដែល​បាន​នាំគ្នា​គប់​ចោល​ដុំ​ថ្មលើ​ប៉ូលីស។

ក្រុម​សកម្មជន​របស់​បក្ស​ប្រឆាំង​សំខាន់​នៅ​ក្នុង​ប្រទេស PTI របស់​លោក​​Imran Khan ដែល​ជា​អតីត​កីឡាករ​ជើង​ឯក​ខាង​កីឡា​Cricket បាន​នាំ​គ្នា​ធ្វើការ​ប្រឆាំងទល់​នឹង​ការ​ចាប់​ខ្លួន​សមាជិក​​​ផ្សេងៗទៀត​នៃ​បក្ស​ប្រឆាំង​ នៅ​ថ្ងៃ​មុន​បន្ទាប់ពី​សេចក្តី​សម្រេចចិត្ត​របស់​តុលាការ​ដែល​​​ហាម​​​មិន​អោយ​មាន​ការកែណ្ឌ​ប្រមូល​ផ្តុំ​គ្នា​​នៅ​ក្នុង​រដ្ឋធានី ​ក្នុង​រយៈពេល​ពីរខែទៅមុខ។

អាជ្ញាធរ​ប៉ាគីស្ថាន បាន​​ដាក់​conteneurs ដឹក​ជញ្ជូនធ្វើ​ជា​របាំង​នៅ​លើ​ដង​ផ្លូវ​នានា ដើម្បី​ធ្វើជា​ឧបស័គ្គ​ក្នុងការ​ធ្វើចរាចរ​នៅ​តាម​ផ្លូវថ្នល់​សំខាន់ៗ​ដែល​តភ្ជាប់​ក្រុង​ Rawalpindi ទៅ​កាន់​ទីក្រុង​ Islamabad ។ នៅ​ទីនោះដែរ លោក Imran Khan ប្រធាន​បក្ស​ប្រឆាំង ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​កែណ្ឌគ្នីគ្នា​ជា​ថ្មី​ទៀត ​នៅ​ថ្ងៃ​ទី​២​វិច្ឆិកា​ខាង​មុខ។

សូមបញ្ជាក់ថា បក្ស PTI នេះ ធ្លាប់​បាន​ធ្វើការ​បិទ​ផ្លូវ​ក្នុង​រដ្ឋធានី​រួច​ម្តង​មក​ហើយ​​ចំនួន​៤​ខែ​កាលពី​​ឆ្នាំ​២០១៤ ដើម្បី​ទាមទារ​ជាអាទិ៍​ឲ្យ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន ធ្វើការ​ពន្យល់​ប្រាប់​ពី​ទ្រព្យសម្បត្តិ​ដែល​កាន់កាប់​ដោយ​ក្រុម​គ្រួសារ​របស់​លោក​នៅ​ឯ​ក្រៅ​ប្រទេស។​

ចំនួន​សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​មុន​មាន​គ្នា​ចំនួន​៤៣​នាក់​និង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​នៅ​ឡើយ តែ​អ្នក​ផ្សេងៗ​ទៀត​ត្រូវ​បាន​ប៉ូលីស​ដោះលែង។

គួរកត់សម្គាល់ដែរថា នៅ​ពេល​នេះ ប៉ូលីស​ប៉ាគីស្ថាន​មួយ​កងធំ បាន​ធ្វើការ​​ឡោម​​ព័ទ្ធ​ផ្ទះ​របស់​​មេ​បក្ស​ប្រឆាំង​ដែល​ស្ថិត​នៅ​ជិត​ទីក្រុង​អ៊ីស្លាម៉ាបាត​​និង​ហាម​ឃាត់​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​របស់​គាត់ដែរ។​

ចំណែក​បក្សព័ន្ធ​គាំទ្រ​លោក Imran Khan វិញដែលមានគ្នា​ចំនួន​រាប់សិប​នាក់​ បាន​ប្រមូល​ផ្តុំគ្នា​​នៅ​ពី​មុខ​ផ្ទះ​របស់​លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​និង​បាន​ទាមទារ​ឲ្យ​លោក Sharif ​លាលែង​ចេញពីមុខដំណែង។​

ចំណែក​ខាង​លោក​ Imran Khan វិញ លោក​នៅ​តែ​រក្សាទុក​ជំហររបស់លោក ក្នុង​ការ​អំពាវនាវ​​​​ឲ្យ​មាន​ការ​ជួបជុំគ្នា​ដ៏​សំខាន់​មួយ​ទៀត​នៅ​ថ្ងៃ​បន្ទាប់ បើទោះបី​ជា​មាន​ការហាមប្រាម​ពីអាជ្ញាធរ​ប៉ាគីស្ថាន​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ក៏ដោយ​ក្តី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ