អានតួអត្ថបទ
ប៉ាគីស្ថាន

សភា​ប៉ាគីស្ថាន​អនុម័ត​​​ច្បាប់​ប្រឆាំង​អំពើ​ឃាតកម្ម”​ដើម្បី​កិត្តិយស​”គ្រួសារ

ថ្ងៃព្រហស្បតិ៍​ម្សិលមិញ សភា​ប៉ាគីស្ថាន​បាន​អនុម័តច្បាប់​ដាក់ទោស​ជនឧក្រិដ្ឋ​ដែល​សម្លាប់​មនុស្ស​ដើម្បី​​កិត្តិយសគ្រួសារ ជា​ច្បាប់​ដែល​សង្គម​ប៉ាគីស្ថាន​និង​អង្គការ​សិទ្ធិមនុស្ស​រង់ចាំ​យូរ​មកហើយ។ រៀងរាល់ឆ្នាំ ឧក្រិដ្ឋកម្ម​ដើម្បី​កិត្តិយ​សនេះ បាន​សម្លាប់​​ស្ត្រី​ប៉ាគីស្ថាន​រាប់រយ​​នាក់។ ម្សិលមិញ​ សភា​ប៉ាគីស្ថាន​ក៏បាន​អនុម័តច្បាប់​ពង្រឹង​ការដាក់ទោស​​ករណី​រំលោភ​ភេទ​មួយចំនួន​ផងដែរ ដោយ​​បាន​​​បន្ថែម​ទោស​ធ្ងន់ធ្ងរ​ដល់​ជនល្មើស។ 

ក្រុងអ៊ីស្លាម៉ាបាត ខែកក្កដា, ក្រុម​បាតុករ​​នាំគ្នា​​​ប្រឆាំង​ការស្លាប់​របស់​នារី​បណ្តាញសង្គម​Qandeel Baloch ដែលត្រូវ​បងប្រុស​​​សម្លាប់​ក្រោមលេស​ថា ដើម្បី​កិត្តិយស​គ្រួសារ។
ក្រុងអ៊ីស្លាម៉ាបាត ខែកក្កដា, ក្រុម​បាតុករ​​នាំគ្នា​​​ប្រឆាំង​ការស្លាប់​របស់​នារី​បណ្តាញសង្គម​Qandeel Baloch ដែលត្រូវ​បងប្រុស​​​សម្លាប់​ក្រោមលេស​ថា ដើម្បី​កិត្តិយស​គ្រួសារ។ AAMIR QURESHI / AFP
ផ្សាយពាណិជ្ជកម្ម

ច្បាប់​ដាក់ទោស​ជនល្មើស​ដែល​សម្លាប់​ស្ត្រី ក្រោម​លេសថា ដើម្បី​កិត្តិយស​គ្រួសារ​​ ត្រូវបាន​សភា​ប៉ាគិស្ថាន​សម្រេច​អនុម័ត​ជា​ឯកច្ឆ័ន្ទ ថ្ងៃព្រហស្បតិ៍​ម្សិលមិញ។ ចាប់ពីពេលនេះទៅ ជនល្មើស​ដែល​សម្លាប់​ស្ត្រី​ប៉ាគីស្ថាន ក្រោមលេស​ថា ដើម្បី​កិត្តិយសគ្រួសារ នឹង​ត្រូវជាប់គុក​​មួយជីវិត។ ​នាយករដ្ឋមន្ត្រី​ណាវ៉ា ស្ហារីហ្វ បាន​អបអរ​ការអនុម័ត​ច្បាប់នេះ ​និង​អះអាង​ថា ច្បាប់​នេះ​នឹងត្រូវអនុវត្ត​នៅ​ទូទាំង​ប្រទេស។

ការអនុម័តច្បាប់​​​ធ្វើឡើង​ ​៣ខែ​ក្រោយ​មាន​ឃាតកម្ម​លើ​​​តារា​ស្រី​ប៉ាគីស្ថាន​ក្នុង​បណ្តាញសង្គម​ម្នាក់ ឈ្មោះថា Qandeel Baloch កាន់ឌែល បាឡុច។ នារី​រូបនេះ ស្លៀកពាក់​​ស៊ីវិល័យ និង​មា​នរូបរាង​ស្រដៀង​នឹង​តារា​អាមេរិក គីម កាដាស្ហៀន។ បងប្រុស​​នារី​រូបនេះ បាន​ច្របាច់ក​សម្លាប់​នាង កាលពី ខែកក្កដា ក្រោម​មូលហេតុ​ថា ដើម្បី​កិត្តិយស​ក្រុមគ្រួសារគាត់ ព្រោះ​ប្អូនស្រី​គាត់​បាន​រងការ​រិះគន់​ពី​ភាព​ហ៊ឺហា ស៊ីវិល័យ​នេះ។

ក្នុង​មួយឆ្នាំៗ ​ឃាតកម្ម​ដើម្បី​កិត្តិយស​គ្រួសារ​​ បាន​សម្លាប់​ស្ត្រី​ប៉ាគីស្ថាន​​រាប់រយនាក់។ កន្លងមក ច្បាប់បាន​​លើកលែង​ទោស​ដល់​ឧក្រិដ្ឋជន​ ប្រសិន​បើ​គ្រួសារ​ឧក្រិដ្ឋជន​​ព្រម​​​​លើកលែង​ទោសរូបគេ​ ហើយ​ព្រមបង់ប្រាក់កាស​មួយចំនួន។ ច្បាប់​អនុម័ត​​​ម្សិលមិញ​នេះ​ តំរូវ​អោយ​​តុលាការ​​ដាក់ទោស​ជនល្មើស​អោ​យ​ជាប់​​​ពន្ធនាគារ​២៥ឆ្នាំ ​បើទោះ​ជាជនល្មើស​បាន​ទទួលការ​លើកលែងទោស​ពី​​គ្រួសារ​​​ក៏ដោយ។

ឆ្នាំ២០១៦នេះ ​ភាពយន្ត​​ឯកសារ​ខ្នាតខ្លីមួយ របស់​​ប៉ាគីស្ថាន​​ មានចំណងជើង​ថា « A Girl in the River » ​លើកឡើង​ពី​ឧក្រិដ្ឋកម្ម​ដើម្បី​កិត្តិយស​គ្រួសារ​ បាន​ទទួល​ពាន​អូស្កា។ គួររំលឹក​ដែរថា កាលពី​ខែកុម្ភៈ​ នាយករដ្ឋមន្ត្រី​ណាវ៉ា ស្ហារីហ្វ បានជួប​ស្ត្រីផលិតករ​ភាពយន្តមួយ​នេះ ហើយ​បាន​សន្យា​នឹង​គាត់​ថា លោក​នឹង​ដោះស្រាយ​​​​បិទបញ្ចប់​បញ្ហា​បែបនេះ ​ក្នុង​សង្គម៕ ​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ