អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

ឥណ្ឌា​​​​បណ្តេញមន្ត្រី​​ទូត​​​​ប៉ាគីស្ថាន​​ម្នាក់​​ រងការ​ចោទប្រកាន់​ពីបទចារកម្ម អោយ​​​ចេញ​ពី​​ទឹកដី​​ឥណ្ឌា​

ក្រសួងការបរទេស​ឥណ្ឌា​បាន​ប្រកាស​ ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ ​ថា​​​បណ្តេញ​បុគ្គលិក​បម្រើការ​​​ស្ថានទូត​ប៉ាគីស្ថាន​​មួយរូប អោយចេញ​ពីទឹកដី​ឥណ្ឌា។ មន្ត្រី​ទូត​​​រូបនោះ​​រងការ​ចោទ​ប្រកាន់ថា ​បាន​ធ្វើសកម្មភាព​ស៊ើបការណ៍សំងាត់​នៅ​ឥណ្ឌា។ គាត់បាន​ទទួល​លិខិត​បង្គាប់ ​មាន​ពេល​៤៨ម៉ោង ដើម្បី​ចាកចេញ​​ពី​ឥណ្ឌា។​ 

ទាហាន​ឥណ្ឌា​នៅ​តំបន់ជម្លោះ​​កាស្មៀរ
ទាហាន​ឥណ្ឌា​នៅ​តំបន់ជម្លោះ​​កាស្មៀរ REUTERS/Mukesh
ផ្សាយពាណិជ្ជកម្ម

យោងតាម​អាជ្ញាធរ​ឥណ្ឌា​ បុគ្គលិក​​បម្រើការ​ស្ថានទូត​ប៉ាគីស្ថាន​ដែល​ត្រូវ​ឥណ្ឌា​បណ្តេញ​ចេញ​​​ពីទឹកដី​ឥណ្ឌា​នោះ មានឈ្មោះថា ម៉ុ អាក្ខតា Mohd Akhtar បម្រើការ​ផ្នែក​​សេវា​ទិដ្ឋាការ នៅ​ស្ថានទូត។ លោក ​អាក្ខតា ​ត្រូវឥណ្ឌា​​​​ចោទប្រកាន់​ថា បាន​លួចស៊ើបការណ៍​ក្នុងទឹកដី​ឥណ្ឌា។ កងកម្លាំង​ឥណ្ឌា​​​​​ចាប់ខ្លួន​ ​​​គាត់ ​ថ្ងៃពុធម្សិលមិញ។ ផ្អែក​លើ​​ព័ត៌មាន​យកជាការបាន​ ៦ខែចុងក្រោយ​នេះ ប៉ូលិស​បាន​ចោទ​ ​អាក្ខតា ថា​ជាអ្នក​​បម្រើការ​អោយ​ផ្នែកចារកិច្ច​យោធា​ប៉ាគីស្ថាន។ ​

អាជ្ញាធរ​​ឥណ្ឌា​​​​​រកឃើញឯកសារជាច្រើន​ច្បាប់ ​នៅ​នឹងខ្លួន​គាត់​ ជា​ឯកសារទាក់ទង​ការពង្រាយ​កងទ័ព​​ឥណ្ឌា​នៅ​តាមព្រំដែន។ ក្រសួងការបរទេស​ឥណ្ឌា​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ប៉ាគិស្ថាន​ ​ប្រាប់​ពី​រឿងបណ្តេញ​បុគ្គលិក​ទូត​នេះ។ ប៉ាគីស្ថាន​បាន​តវ៉ាទៅ​​នឹង​ការចាប់ឃុំ​ខ្លួន​បុគ្គលិក​ស្ថានទូត​ខ្លួន។ ប៉ាគីស្ថាន​លើកឡើង​ថា ឥណ្ឌា​បាន​​​រំលោភ​លើ​អនុសញ្ញា​ស្តីពី​ការការពារ​បុគ្គលិកផ្នែកការ​ទូត។

​​ឥណ្ឌា​និង​ប៉ាគីស្ថានជា​មហាអំណាច​នុយក្លេអ៊ែរ​នៅ​អាស៊ី​ខាងត្បូង។ ការប៉ះទង្គិច​​​ទៅលើ​ស្ថានទូត​​ប៉ាគីស្ថាន​​​​ កើតឡើង​ចំពេល​ប្រទេស​ទាំង២​​​កំពុង​តានតឹង​នឹងគ្នា​ ជុំវិញ​តំបន់​ជម្លោះ​កាស្មៀរ។ ​ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​បាន​ធ្លាក់ដុនដាប​កាន់តែ​ខ្លាំង​​ ចាប់ពី​​ពេល​​​​បន្ទាយ​ទាហាន​​​ឥណ្ឌា​នៅ​កាស្មៀរ រងការ​វាយប្រហារ កាលពីខែកញ្ញា​មុននេះ សម្លាប់​ទាហាន​ឥណ្ឌា១៨នាក់។ ឥណ្ឌា​បាន​​ទំលាក់​កំហុស​ការវាយប្រហារ​នេះ​ទៅលើ​​​ក្រុមជីហាត មួយក្រុម ​​ដែល​មាន​មូលដ្ឋាន​នៅ​ប៉ាគីស្ថាន។ នាយករដ្ឋមន្ត្រី​ឥណ្ឌា​ចាត់ទុក​​​រហូតថា ​ប៉ាគីស្ថាន​​​ជា​ប្រទេស​នាំភេរវកម្ម​ចេញ​ទៅគ្រប់ទិសទី​ទៀតផង៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ