អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

ក្រុមតាលីបង់​សម្លាប់​ទាហាន​អាហ្វហ្កានីស្ថាន​២០នាក់​ និង​ចាប់​៧នាក់​ទៀត​ធ្វើ​ចំណាប់ខ្មាំង​

នៅ​​អាហ្វហ្កានីស្ថាន ថ្ងៃ​អាទិត្យ​នេះ ក្រុមឧទ្ទាម​តាលីប​ង់​បាន​វាយប្រហារ​ទីតាំង​កងទ័ព​​មួយ​កន្លែង​ ជិត​ព្រំប្រទល់​ជាមួយ​ប៉ាគីស្ថាន សម្លាប់​ទាហាន​អាហ្វហ្កានីស្ថាន​២០នាក់។ ក្រុមតាលីបង់​ក៏បាន​ចាប់ទាហាន​អាហ្វហ្កានីស្ថាន​​៧នាក់ទៀត ធ្វើជា​ចំណាប់​ខ្មាំង​ផងដែរ។ ​គិត​ច្រើន​ខែ​មកនេះ នេះ​ជា​ការវាយ​ប្រហារ​សម្លាប់​មនុស្ស​ច្រើនបំផុត​​ នៅ​អាហ្វហ្កានីស្ថាន។

កងកម្លាំង​​​អាហ្វហ្កានីស្ថាន​
កងកម្លាំង​​​អាហ្វហ្កានីស្ថាន​ REUTERS/ Stringer
ផ្សាយពាណិជ្ជកម្ម

ការ​វាយប្រហារ​របស់​ក្រុមឧទ្ទាម​តាលីបង់ សម្លាប់​ទាហាន​អាហ្វហ្កានីស្ថាន ​ថ្ងៃ​អាទិត្យ​នេះ បានកើតឡើង នៅទីតាំង​ទាហាន​ សង្កាត់ ហ្កាហ្ស៊ីយ៉ាបាត Ghaziabad ក្នុង​ខេត្ត​គូណា​ភាគខាងកើត ជាប់​ព្រំប្រទល់ជាមួយ​​ប៉ាគីស្ថាន​។ យោងតាម​អភិបាល​ខេត្ត​គូណា ក្រុម​តាលីបង់​អាចចូល​វាយលុក​​ទីតាំងទាហាន​នេះ​បាន គឺដោយសារ​មានការ​ឃុបខិត​​ជាមួយ​ទាហាន​មួយចំនួន។​ កងកម្លាំង​បន្ថែម​អាហ្វហ្កានីស្ថាន​​ ត្រូវ​បាន​បញ្ជូន​​ទៅ​កន្លែង​កើតហេតុ​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​​រំដោះ​យក​​ទាហាន​ដែល​ក្រុមតាលីបង់​ ចាប់​ធ្វើជា​ចំណាប់ខ្មាំង​មកវិញ។​

ការ​វាយប្រហារ​នេះ ​ធ្វើ​អោយ​ប្រធានាធិបតី​ហាមីដ កាហ្សៃ​ លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ទៅ​​ប្រទេស​ស្រីលង្កា។ ​ក្នុង​ពេល​ទាហាន​អូតង់​ជិត​ដក​ចេញ​អស់​ពី​អាហ្វហ្កានីស្ថាន នៅ​ចុង​ឆ្នាំ​២០១៤ខាងមុខ​ ការវាយប្រហារ​របស់​ក្រុមតាលីបង់​ ថ្ងៃ​អាទិត្យ​នេះ រឹត​តែ​ធ្វើអោយ​គេ​​​ព្រួយបារម្ភ​​ថា អាហ្វហ្កានីស្ថាន​អាច​​ធ្លាក់​ចូល​ក្នុង​អំពើហិង្សា​សា​ជា​ថ្មី​​​ ពិសេស​ពេល​​​អាហ្វហ្កានីស្ថាន​​ត្រូវ​រៀបចំ​ការបោះឆ្នោត នៅថ្ងៃ​៥មេសា​ ខាង​មុខ​នេះ​ទៀត។ ​សហរដ្ឋអាមេរិក​ចង់បន្ត​វត្តមាន​កងទ័ពខ្លួន​នៅ​អាហ្វហ្កានីស្ថាន​ ក្រោយឆ្នាំ​២០១៤ ប៉ុន្តែ ​ប្រធានាធិបតី​កាហ្សៃ​បាន​បដិសេធ​មិនចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងសន្តិសុខ​​ទ្វេភាគី​​ជាមួយ​​អាមេរិក ​ទាក់ទង​នឹង​វត្តមាន​អាមេរិក​ក្រោយ​ឆ្នាំ​២០១៤​ទេ។

បន្ទាប់​ពី​ការវាយប្រហារ​ពី​តាលីបង់ នៅថ្ងៃ​អាទិត្យ​នេះ ប្រធានាធិបតី​កាហ្សៃ​​​បាន​បរិហារ​​​ប៉ាគីស្ថាន​​​ថា មិនអើពើ​​​នឹង​កំចាត់​ជម្រក​​ក្រុមភេរវជន។ លោកកាហ្សៃ​បាន​​ជំរុញ​​​ប៉ាគីស្ថាន​ ជាថ្មី​ម្តងទៀត អោយ​គាំទ្រ​​អាហ្វហ្កានីស្ថាន​ ក្នុង​ការ​កំចាត់​ក្រុមឧទ្ទាម​តាលីបង់។ អាហ្វហ្កានីស្ថាន​តែង​ចោទ​ប៉ាគីស្ថាន​ ថា​បាន​​ផ្តល់ជម្រក​អោយ​ក្រុមតាលីបង់ នៅតាម​ព្រំដែន​ជាប់​ជាមួយ​អាហ្វហ្កានីស្ថាន។ ​

ទោះ​ជា​ប៉ាគីស្ថាន​សន្យា​រក​ដំណោះស្រាយ​សន្តិភាព​ដែល​បញ្ចូល​គ្រប់ភាគី​បះបោរ ភ្នាក់ងារ​ចារកិច្ច​ប៉ាគីស្ថាន​មួយចំនួន​ នៅ​តែ​​​រងការចោទ​ប្រកាន់​ថា បាន​ធ្វើគ្រប់​សកម្មភាព​ដើម្បី​ត្រួតចលនា​តាលីបង់​​អាហ្វហ្កានីស្ថាន ដើម្បី​ជា​ប្រយោជន៍ខ្លួន​នៅ​អាហ្វហ្កានីស្ថាន។ ​ដោយឡែក ​ការចរចារកសន្តិភាព​ ជា​ការចរចា​​​​ផ្ទាល់​ជាមួយ​ក្រុម​តាលីបង់​ ដែល​មាន​​​វត្តមាន​អាមេរិក​ដែរនោះ នៅ​មិនទាន់​ផ្តល់​​លទ្ធផលអ្វីជាក់ស្តែង​​​​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ