អានតួអត្ថបទ
ទុយនីស៊ី

ទុយនីស៊ី៖ ​កុបកម្ម​ហិង្សា​របស់​យុវជន ​ផ្ទុះឡើង​សា​ជាថ្មី​ សឹង​គ្រប់​ទី​កន្លែង

៣ថ្ងៃមកហើយ នៅប្រទេសទុយនីស៊ី ដែលមានយុវជនធ្វើកុបកម្ម ហិង្សា នៅតាមទីក្រុង ទីប្រជុំជននានា ទូទាំងប្រទេស។​ ប្រភពនៃកំហឹងរបស់យុវជនទុយណេស៊ីនេះ គឺមក​ពី​ច្បាប់ថ្មី ដែលទើបតែ ត្រូវបានអនុម័ត ដោយកំណត់ពីការដំឡើងពន្ធលើទំនិញជាដើម។ យុវជនទុយនីស៊ី ដែលកំពុងប្រឈមមុខខ្លាំង និងអត្រា​អត់​ការងារធ្វើ ទំនិញឡើង​ថ្លៃ​កប់ពពក មិនអាច​អត់ទ្រាំ​បាន ជាមួយ​នឹង​វិធានការ​ថ្មី​ របស់​រដ្ឋាភិបាល​ខ្លួន ​ហើយ​ជាងនេះ​ទៅទៀត រដ្ឋាភិបាល​ទុយនីស៊ី ត្រូវបាន​ប្រជាជន​ចោទថា ​កំពុងតែ​ដើរ​តាម​គន្លងចាស់​របស់​រដ្ឋាភិបាល​មុន​ គឺ​គន្លង​ផ្តាច់ការ និងពុករលួយ។

យុវជនកុបករ យក​ដុំថ្ម​គប់នគរបាល​នៅក្រុង​ Tebourba ប្រទេស​ទុយនីស៊ី ​ថ្ងៃទី ​៩មករា​ ២០១៨​
យុវជនកុបករ យក​ដុំថ្ម​គប់នគរបាល​នៅក្រុង​ Tebourba ប្រទេស​ទុយនីស៊ី ​ថ្ងៃទី ​៩មករា​ ២០១៨​ REUTERS/Zoubeir Souissi
ផ្សាយពាណិជ្ជកម្ម

បាតុកម្មអហិង្សា ត្រង់នេះបន្តិចត្រង់នោះបន្តិច ប្រឆាំងនឹងទំនិញឡើងថ្លៃ និងភាពអសកម្ម​របស់រដ្ឋាភិបាលនោះ បានកើតឡើងតាំងតែពីសប្តាហ៍មុនម្លេះ។ ក៏ប៉ុន្តែ ៣ថ្ងៃចុងក្រោយ​នេះ វាបានប្រែក្លាយទៅជាកុបកម្មហិង្សា នៅតាមទីក្រុងជាច្រើន។ ក្រុមបាតុកររាប់​រយនាក់ ដែលភាគច្រើន សុទ្ធតែជាយុវជនក្មេងៗ បានយកដុំថ្ម និងដបប្រេង គប់ទៅ​លើសមត្ថកិច្ចនគរបាល។ សមត្ថកិច្ច បានវាយបកវិញ ដោយការបាញ់គ្រាប់បែកផ្សែង យ៉ាងសន្ធឹកសន្ធាប់។ នៅជាយរដ្ឋធានីទុយនីស ក្រុមកុបករ បានសម្រុកចូលទៅក្នុងផ្សារទំនើបមួយ ហើយបានវាយកំទេច រើកកាយយកប្រាក់ និងយកទំនិញក្នុងហាង។

ក្នុងយប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃពុធ មាននគរបាល៤៩នាក់ បានរងរបួស។ ចំណែកយុវជនជាកុបករ ចំនួន២៣៧នាក់ ត្រូវបានចាប់ឃាត់ខ្លួន។ នាយករដ្ឋមន្រ្តីទុយនីស៊ី លោក Youssef Chahed បានប្រកាសថ្កោលទោសអំពើកុបកម្ម និងការវាយបំផ្លាញទ្រព្យសម្បត្តិឯកជន ហើយលោកបានចាត់ទុកថា សកម្មភាពទាំងអស់នេះ គឺមានពួកអ្នកនយោបាយឆក់ឱកាស ជាអ្នកញុះញង់។

ប៉ុន្តែបើតាមការវិភាគរបស់លោក Selim Kharrat សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយម្នាក់ បានលើកឡើងថា ប្រជាជនទុយនីស៊ី ជាពិសេសយុវជនក្មេងៗ ដែលពេញកំលាំងធ្វើការ មិនអាចអត់ទ្រាំបានទៀតទេ។ ពួកគេគ្មានអ្វីដែលត្រូវខាតបង់ឡើយ ព្រោះពួកគេគ្មានអ្វីសោះ ការងារក៏គ្មាន ​អនាគត់ក៏គ្មាន។ ដូច្នេះ ការងើបឡើងរើបំរះ ធ្វើកុបកម្មហិង្សា ប្រឆាំងរដ្ឋអំណាច គឺជាជំរើសតែមួយគត់។

ដូចគ្នាដែរ លោកស្រី Olfa Lamloum អ្នកវិភាគនយោបាយម្នាក់ បាននិយាយថា ច្បាប់ដំឡើងពន្ធដារ ដែលរដ្ឋាភិបាលទើបតែបានអនុម័តនេះ គឺប្រៀបបាននឹងទឹកមួយដំណក់តូច ដែលធ្លាក់ចូលមកធ្វើឲ្យហៀរទឹកក្នុងកែវ។ លោកស្រីលើកឡើងថា យុវជនទុយនីស៊ី អស់សង្ឃឹម លែងទុកចិត្តលើរដ្ឋាភិបាល។ ពួកគេគ្មានការងារធ្វើ ទំនិញឡើងថ្លៃ អ្នកមានកាន់តែមាន អ្នកក្រកាន់តែក្រ រឺក្រុមអ្នកកាន់អំណាច កាន់តែប្រកាន់បក្សពួក ប្រព្រឹត្តិអំពើពុករលួយ។

ជាការពិត ចំហាយក្លឹនបដិវត្តន៍រដូវផ្ការីកនៅអារ៉ាប់ កាលពី៧ឆ្នាំមុន ហាក់នៅមិនទាន់រសាត់បាត់នៅឡើយទេ។ ទុយនីស៊ី ជាប្រទេសតែមួយគត់ ដែលបានឆ្លងកាត់ បដិវត្តន៍នេះ តែមិនធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាម ហើយអាចរៀបចំផ្លាស់ប្តូររដ្ឋាភិបាលថ្មី បិទបញ្ចប់របបដឹកនាំផ្តាច់ការ របស់ប្រធានាធិបតីបេនអាលី។ ក៏ប៉ុន្តែ ៧ឆ្នាំមកនេះ ទុយនីស៊ី ស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ រីឯរដ្ឋាភិបាលថ្មីត្រូវគេមើលឃើញថា កាន់តែមានទំនោរផ្តាច់ការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ