ក្រុមជីហាដអ៊ីស្លាមនៅលីប៊ី ចូលមកបាញ់ប្រហារទាហាននិងនគរបាលទុយនីស៊ី នៅព្រំដែន
កាលពីថ្ងៃចន្ទទី៧ មីនា មានក្រុមជីហាដអ៊ីស្លាមមួយក្រុម ដែលប្រកាសខ្លួនថា ជាកូនចៅរបស់ក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាមនៅលីប៊ី បានចូលមកធ្វើភេរវកម្ម បាញ់រះនៅមូលដ្ឋានទាហាន និងកងនគរបាលទុយនីស៊ី នៅក្បែរព្រំដែនភាគអាគ្នេយ៍។ យោងតាមតួលេខបឋម មានអ្នកស្លាប់៥០នាក់ ក្នុងហេតុការណ៍នេះ។ ការចូលមកបាញ់ប្រហារបែបនេះ បានបង្ករការភ្ញាក់ផ្អើល ហើយវាក៏បង្ហាញពីស្ថានភាពអាសន្ននៅលីប៊ី ដែលត្រូវការដំណោះស្រាយនយោបាយបន្ទាន់ មុនពេលដែលក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម វាទទីយកអំណាចបាន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២២
ប្រជាជនម្នាក់រស់នៅក្នុងក្រុង Ben Guerdane ចំងាយប្រមាណ៣០គីឡូម៉ែត្រ ពីព្រំដែនរវាងទុយនីស៊ី និងលីប៊ី បានថ្លែងប្រាប់អ្នកកាសែតតាមទូរស័ព្ទថា នៅវេលាព្រឹកព្រហាមស្រាងៗ ថ្ងៃទី៧ មីនា គាត់បានឃើញពួកជីហាដនាំគ្នារត់ប្រសេចប្រសាច ដៃកាន់កាំភ្លើង AK គ្រប់ដៃ។គ្នាវាម្នាក់ក្នុងចំណោមនោះ បានស្រែកថា ពួកវាគឺជាក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម នៅលីប៊ី ហើយពួកវាចូលមកទុយនីស៊ី ដើម្បីសម្លាប់ក្រុមទាហាននិងនគរបាលទុយនីស៊ី។
ការបាញ់ ផ្លោងទៅផ្លោងមកនៅក្នុងទីក្រុងបានបន្តទៅសឹងតែពេញមួយថ្ងៃ។ យោងតាមព័ត៌មានផ្តល់ឲ្យដោយក្រសួងមហាផ្ទៃទុយនីស៊ី បានបញ្ជាក់ថា មានអ្នកស្លាប់៥០នាក់ ក្នុងនោះភេវជនអ៊ីស្លាមជីហាដចំនួន៣៣នាក់ ឯខាងកងកម្លាំងសន្តិសុខទុយនីស៊ីវិញ មានស្លាប់១០នាក់ ព្រមទាំងប្រជាជនសាមញ្ញ៧នាក់ទៀត។ក្រសួងមហាផ្ទៃទុយនីស៊ី បានដាក់បំរាមកុំឲ្យប្រជាជនទាំង៦ម៉ឺននាក់ នៅទីក្រុងនោះចេញពីផ្ទះ ហើយបានដាក់តំបន់នេះក្នុងភាពអាសន្ន មិនឲ្យមានការជួបជុំរឺចេញដើរពេលយប់ចាប់ពីម៉ោង ៧ល្ងាច ដល់ម៉ោង៥ភ្លឺ។ ចំណែកតំបន់ទេសចរណ៍មាត់សមុទ្រឈ្មោះ Djerba ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ ត្រូវបានកងសន្តិសុខទុយនីស៊ីយាមកាមយ៉ាងតឹងរឹង ហើយច្រកព្រំដែនជាមួយនឹងលីប៊ីពីរកន្លែង ក៏ត្រូវបានបិទផងដែរ។
សូមបញ្ជាក់ថានេះ ជាលើកទីមួយហើយ ដែលក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាមនៅលីប៊ី នាំគ្នាចូលសម្តៅមកវាយប្រហារទៅលើទាហាន និងនគរបាលទុយនីស៊ីបែបនេះ។ ក្រុមជីហាដនេះ ធ្លាប់បានចូលមកទុយនីស៊ីធ្វើភេរវកម្ម ដ៏សាហាវចំនួនពីរលើក កាលពីឆ្នាំ២០១៥ គឺភេរវកម្មនៅសារមន្ទីរ Bardo និងភេរវកម្មនៅតំបន់ឆ្នេរសមុទ្រSousse។ កម្មវត្ថុនៃភេរវកម្មទាំងពីរនេះ គឺពួកវាសំដៅសម្លាប់អ្នកទេសចរណ៍បរទេស។
យោងតាមអ្នកនាំពាក្យក្រសួងសន្តិសុខជាតិទុយនីស៊ី បានឲ្យដឹងថាបច្ចុប្បន្ននេះ មានយុវជនទុយនីស៊ីយ៉ាងហោចណាស់៣០០០នាក់ ដែលកំពុងតែបំរើនៅក្នុងជួរក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី និងអ៊ីរ៉ាក់។ ក៏ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ សមរភូមិលីប៊ីកាន់តែត្រូវការកម្លាំង ដែលធ្វើឲ្យមានជនជាតិទុយនីស៊ីជាច្រើន ត្រឡប់មកនៅក្នុងក្រុមជីហាដអ៊ីស្លាមលីប៊ីវិញ។
លីប៊ីដែលកំពុងតែជាប់គាំងនយោបាយ គ្មានរដ្ឋាភិបាលពិតប្រាដក គ្មានកម្លាំងកណ្តាលគ្រប់គ្រាន់ដើម្បីកម្ចាត់ក្រុមជីហាដព្រៃផ្សៃនេះទេ។ ក្រុមនេះកំពុងតែធ្វើសកម្មភាពពង្រីកដែនដីគ្រប់គ្រង បានកាន់តែធំ។ លោករដ្ឋមន្រី្តការបរទេសបារាំង បានឆក់ឱកាសនេះ សម្តែងការព្រួយបារម្ភ ហើយអំពាវនាវឲ្យមានដំណោះស្រាយបន្ទាន់ ទាំងនយោបាយ ទាំងយោធា មុននឹងលីប៊ីក្លាយជាស៊ីរីថ្មី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ