អានតួអត្ថបទ
ស៊ីមបាវ៉េ

ស៊ីមបាវ៉េ៖ ប្រធានាធិបតី ​សុខចិត្ត​ចរចា​ជាមួយ​កងទ័ព ​ក្រោយ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​ចុះ​ពី​អំណាច

នៅប្រទេសស៊ីមបាវ៉េ លោកប្រធានាធិបតី មូហ្កាបេ ត្រូវជួបនឹងអគ្គមេបញ្ជាការកងទ័ព ដើម្បីរកច្រកចេញនយោបាយ បន្ទាប់ពីមាន មហាបាតុកម្មដ៏ធំមិនធ្លាប់មាន របស់ប្រជាជន ទាមទារឲ្យប្រធានាធិបតីកាន់អំណាច់ជិត៤០ឆ្នាំរូបនេះ ចុះចេញពីអំណាច។ មហាបាតុកម្ម កាលពីថ្ងៃសៅរ៍ម្សិលមិញ ក៏បានអបអរផងដែរ ដល់អន្តរាគមន៍​របស់កងទ័ព ស៊ីមបាវ៉េ ដែលបានធ្វើអន្តរាគមន៍ ជំរុញកុំឲ្យក្រុមគ្រួសាររបស់លោក មូហ្កាបេ នេះបន្តក្រាញអំណាច ដឹកនាំប្រទេសតទៅទៀត។

បាតុកម្មនៅស៊ីមបាវ៉េ ទាមទារ​​ឲ្យ​ប្រធានា​ធិបតី​​Mugabe​ ចុះចេញ​ពី​តំណែង។ ថ្ងៃទី​​១៨​​វិច្ឆិកា​ ២០១៧
បាតុកម្មនៅស៊ីមបាវ៉េ ទាមទារ​​ឲ្យ​ប្រធានា​ធិបតី​​Mugabe​ ចុះចេញ​ពី​តំណែង។ ថ្ងៃទី​​១៨​​វិច្ឆិកា​ ២០១៧ REUTERS/Philimon Bulawayo
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីឆ្នាំ១៩៨០ ក្រោយពេលស៊ីមបាវ៉េ បានឯករាជ្យមក  មិនដែលមានទេមហាបាតុកម្មរបស់ប្រជាជន ដែលមានអ្នកចូលរួមច្រើន ដូចកាលពីថ្ងៃសៅរ៍​ទី ១៨ វិច្ឆិកា ម្សិលមិញ។ នៅទីក្រុង ហារ៉ារ៉េ និងទីក្រុង ធំទីពីរ ប៊ូឡាវ៉ាយូ កាលពីថ្ងៃសៅរ៍ម្សិលមិញ  ក្បួនបាតុកម្ម បានធ្វើឡើងយ៉ាងកុះករ ក្នុងបរិយាកាស សឹងតែសប្បាយរីករាយ ជាមួយនឹងសម្លេងភ្លេង ចំរៀងហ៊ោរកញ្ជ្រៀវ ទាមទារឲ្យលោក Robert Mugabe ចុះចេញពីតំណែង។

ក្រុមបាតុករលើកបដាសេ្អកស្កះ មានសរសេរថា "គ្រប់គ្រាន់ហើយមូហ្កាបេ" "មូហ្កាបេ ត្រូវតែចុះចេញ" "សូមមូហ្កាបេ ទៅកាន់សុខតិភព" ជាដើម។ល។ បាតុករម្នាក់ បាននិយាយថា ដល់ពេកហើយ ដែលអាណាចក្រគ្រួសាររបស់មូហ្កាបេ ត្រូវតែអស់អំណាច ព្រោះគ្រួសារនេះ បានជញ្ជក់ឈាមប្រជាជនស៊ីមបាវ៉េ អស់៣៧ឆ្នាំមកហើយ។

គួរកត់សម្គាល់ដែរថា មហាបាតុកម្មនៅស៊ីមបាវ៉េ កាលពីថ្ងៃម្សិលមិញ បានបង្ហាញពីលក្ខណៈពិសេស មួយទៀត ដោយគេសង្កេតឃើញថា ប្រជាជនស៊ីមបាវ៉េ ទាំងស្បែកស និងស្បែកខ្មៅ បានរួមគ្នាតែមួយ ចុះផ្លូវទាមទារឲ្យលោក Robert Mugabe ចុះចេះពីអំណាច។ ក្រុមបាតុករ ក៏បានអបអរសរសើរដល់ កងទ័ពស៊ីមបាវ៉េ ដែលបានសម្រេចចិត្តធ្វើអន្តរាគមន៍ រារាំងលោកRobert Mugabe នឹងបក្សពួក មិនឲ្យច្បាមអំណាចផ្តាច់ការតទៅទៀត។

លោក Robert Mugabe វ័យ៩៣ឆ្នាំ កាន់អំណាចតាំងពីឆ្នាំ១៩៨០ ត្រូវបានកងទ័ពបង្ឃាំងទុកនៅគេហដ្ឋាន ចាប់ពីថ្ងៃពុធមកនោះ នៅតែរឹងរូសមិនព្រមចុះពីអំណាចទេ ថ្វីបីសាខាគណបក្សរបស់លោកនៅតាមខេត្តទាំង៩ ក្នុងចំណោម១០ខេត្ត បានប្រកាស ឈប់គាំទ្រលោកក៏ដោយ។​ តែយ៉ាងណា លោក Mugabe បានសុខ​ចិត្តជួបលោកមេបញ្ជាការកងទ័ពស៊ីមបាវ៉េ នៅថ្ងៃអាទិត្យនេះ ហើយចំណែកគណបកម្មការគណបក្សកាន់អំណាច ក៏នឹងជួបប្រជុំគ្នាដែរ។

គួរបញ្ជាក់ដែរថា មុននឹងមានអន្តរាគមន៍របស់កងទ័ព គឺលោកស្រី Grace Mugabe ភរិយារបស់លោកប្រធានាធិបតី Mugabe បានជំរុញឲ្យលោកMugabe បណ្តេញលោកអនុប្រធានាធិបតី Emmerson Mnangagwa ចេញពីតំណែង។ ភរិយាលោកMugabe មានបំណងឡើងធ្វើជាប្រធានាធិបតី បន្ទាប់ពីលោកMugabe ទើបបានធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញគូប្រកួត។ តែជាសំណាងអាក្រក់ លោកអនុប្រធានាធិបតី គឺជាមិត្តដ៏ស្និទរបស់មេបញ្ជាការកងទ័ព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ