អានតួអត្ថបទ
កូតឌីវ័រ

សំរាប់​បេសកជន​អាហ្វ្រិក សភាពការណ៍​នៅ​កូតឌីវ័រ​"ធ្ងន់ធ្ងរ"

លោក​អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ Thabo​ Mbeki​ ដែល​ត្រូវ​បាន​សហភាព​អាហ្វ្រិក​បញ្ជូន​មក​កាន់​ទីក្រុង​Abidjan​ ដើម្បី​រក​ដំណោះ​ស្រាយ​ដោយសន្តិវិធី​ឱ្យ​វិបត្តិ​នៅ​កូតឌីវ័រ​ យល់​ឃើញ​ថា​សភាពការណ៍​”​ ធ្ងន់ធ្ងរ​ណាស់​ “​។ សព្វថ្ងៃ​ ប្រទេស​មាន​ប្រធានាធិបតី​ពីរ​និង​នាយក​រដ្ឋ​មន្ត្រី​ក៏​ពីរ​រូប​ដែរ។ ដើម្បី​ចេញ​ពី​សភាព​ទ័ល​ច្រក​នេះ​ ​ អាច​មាន​ដំណោះ​ស្រាយ​ដូច​ត​ទៅ​នេះ។

លោក​ Alassane Ouattara (ឆ្វេង), លោក​ Thabo Mbeki (កណ្តាល) និង​លោក​ Laurent Gbagbo (ស្តាំ)
លោក​ Alassane Ouattara (ឆ្វេង), លោក​ Thabo Mbeki (កណ្តាល) និង​លោក​ Laurent Gbagbo (ស្តាំ) ©Reuters
ផ្សាយពាណិជ្ជកម្ម

03:21

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

សាធារណរដ្ឋ​កូតឌីវ័រ​នៃ​អាហ្វ្រិក​ខាង​លិច​ប្រកប​ដោយ​បណ្តាជន​ជិត​២០លាន​នាក់​ស្ថិត​ក្នុង​សភាព​ជ្រួល​ច្របល់​ ចាប់​តាំង​ពី​លោក​ឡូរ៉ង់​ បាក់បូ​(​ Laurent​ Gbagbo​ )​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​៣ធ្នូ​ជា​អ្នក​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​ ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​មិន​ទុក​ជា​បាន​ការ​ លទ្ធផល​ឆ្នោត​៥៤,១%​របស់​គណៈកម្មការ​ឆ្នោត​ឯករាជ្យ​ដែល​ប្រកាស​គូ​ប្រជែង​ លោក​អាឡាសាន​ វាត់តារ៉ា(Alassane​ Ouattara​)​ជា​អ្នក​ឈ្នះ​ឆ្នោត។​ដើម្បី​ចេញ​ពី​សភាព​ទ័ល​ច្រក​បច្ចុប្បន្ន​នេះ​ ​ អាច​មាន​ដំណោះ​ស្រាយ​ដូច​ត​ទៅ​នេះ​។

ទី១-តើ​អាច​មាន​ការសម្រប​សម្រួល​គ្នា​ឬ​ទេ?​ ​ ទស្សនវិស័យ​សុទិដ្ឋិនិយម​នេះ​ទំនង​ជា​ពុំ​អាច​កើត​ទៅ​រួច​ទេ​ ​ ដរាប​ណា​គូ​ប្រជែង​ទាំង​ពី​រ​នៅ​តែ​ប្រកាន់​ខ្ជាប់​គោល​ជំហរ​របស់​ខ្លួន​។ប៉ុន្តែ​ វា​ប្រហែល​ជា​ច្រក​ចេញ​ដោយ​សន្តិវិធី​តែ​មួយ​គត់​សំរាប់​អតីត​ដែន​ដី​អាណានិគម​បារាំង​នេះ​ម្យ៉ាង​ទៀត​ វា​ត្រូវ​ស្មុគ​ស្មាញ​ដោយ​ការទទួល​ស្គាល់​សឹង​តែ​ទាំង​ស្រុង​ដោយ​សហគមន៍​អន្តរជាតិ​ជ័យ​ជំនះ​ឆ្នោត​របស់​លោក​វាត់តារ៉ា​ជា​អតីត​អគ្គនាយក​រង​នៃ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​(​ FMI​ )​។

ទី២-តើ​តាម​រយៈ​បាតុកម្ម​មហាជន​ឬ​?​ ​ លោក​បាក់បូ​នៅ​តែ​មាន​ប្រជាប្រិយភាព​ នៅ​ទីក្រុង​Abidjan​ជាទី​ដែល​គាត់​បាន​សន្លឹក​ឆ្នោត​គាំ​ទ្រ​គាត់​ភាគ​ច្រើន។ប៉ុន្តែ​ ពិត​ជា​មាន​គ្រោះ​ប៉ះ​ទង្គិច​គ្នា​បង្ហូរ​ឈាម​ដាប​រវាង​បក្សព័ន្ធ​នៃ​គូ​ប្រជែង​ទាំង​ពីរ​។ការនេះ​អាច​ប្រែ​ក្លាយ​ទៅ​ជា​ហិង្សា​រវាង​សហគមន៍​ ជាអាទិ៍​នៅ​ខាង​លិច​ប្រទេស​ដែល​ជា​ឃ្លាំង​រំសេវ​ជាតិពន្ធុ​ពិត​ប្រាកដ​។

ទី៣-តើ​វិបត្តិ​អាច​នឹង​អូស​បន្លាយ​ពេល​យូរ​ត​ទៅ​ទៀត​ឬ?​ ​ វិបត្តិ​ដែល​កើត​ចេញ​ពី​ឩទ្ទាមកម្ម​ខក​ខាន​ពុំ​បាន​សម្រេច​របស់​ពួក​អ្នក​នៅ​ភាគ​ខាង​ជើង​ប្រទេស​ នៅ​ឆ្នាំ​២០០២​និង​២០០៣​ប្រឆាំង​នឹង​លោក​បាក់បូ​ដែល​បាន​បណ្តាល​ឱ្យ​ពុះ​ចែក​ប្រទេស​ជា​ពីរ​ភាគ​ អាច​នឹង​អូស​បន្លាយ​ពេល​យូរ​ត​ទៅ​ទៀត។​ភាគី​ម្ខាងៗ​មាន​ប្រយោជន៍​រៀងៗ​ខ្លួន។

ទី៤-តើ​អាច​មាន​ការវិល​ត្រឡប់​ទៅ​រក​សង្គ្រាម​ទាំង​ស្រុង​វិញ​ឬ​ទេ?​ ​ ការ​ប្រជែង​គ្នា​នៅ​ឱកាស​បោះ​ឆ្នោត​វគ្គ​ទី​២​ កាល​ពី​ថ្ងៃ​២៨​វិច្ឆិកា​ បាន​ធ្វើ​ឱ្យ​មាន​ភាព​តាន​តឹង​ឡើង​វិញ​រវាង​ពួក​អ្នក​នៅ​ភាគ​ខាង​ជើង​និង​ភាគ​ខាង​ត្បូង​ប្រទេស។មេ​ពួក​ឩទ្ទាម​ឈ្មោះ​Chérif​ Ousmane​បាន​ព្រមាន​ប្រាប់​ជាមុន​ថា​ គាត់​នឹង​ពុំ​ឈរ​ឱប​ដៃ​ នៅ​ស្ងៀម​នៅ​ចំពោះ​មុខ​ការរក្សា​ទុក​លោក​បាក់បូ​ឱ្យ​កាន់​រដ្ឋ​អំណាច​ត​ទៅ​ទៀត​នោះ​ទេ។​ការនេះ​គឺ​ជា​ដំណោះ​ស្រាយ​ដ៏​អាក្រក់​បំផុត​សំរាប់​ប្រទេស​ជិត​ខាង​នឹង​កូតឌីវ័រ​ដែល​គ្មាន​អារម្មណ៍​ត្រៀម​ខ្លួន​នឹង​ទទួល​ការរត់​ភៀស​ខ្លួន​ម្តង​ទៀត​របស់​បណ្តាជន​ស៊ីវិល​នោះ​ទេ។

លោក​ប្រធានាធិបតី​បារាំង​ Nicolas​ Sarkozy​ នៅ​ឱកាស​សន្និសីទ​សារព័ត៌មាន​ នៅ​ទីក្រុង​New​ Delhi​ នៅ​ថ្ងៃ​ចន្ទ​៦​ធ្នូ​នេះ​ បាន​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត​លោក​ឡូរ៉ង់​ បាក់បូ​ ឱ្យ​ចាក​ចេញ​ពី​អំណាច​ ​ ឱ្យ​គោរព​ឆន្ទៈ​របស់​ប្រជាជន​កូតឌីវ័រ​ផង​ ​ បន្ទាប់​ពី​ការជាប់​ឆ្នោត​របស់​លោក​អាឡាសាន​ វាត់តារ៉ា​ដែល​ត្រូវ​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ទាំង​មូល​និង​គ្រប់​ប្រទេស​ជិត​ខាង​នឹង​កូតឌីវ័រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ