អានតួអត្ថបទ
កូតឌីវ័រ

នាយក​រដ្ឋមន្រ្តី របស់ Ouattara ទទូច​ឲ្យ​អ.ស.ប ប្រើ​កម្លាំង​បណ្តេញលោក បាក់បូ ពីតំណែង

បើទោះបី​ជា​មាន​ការ​ដាក់​គំនាប និង​ទណ្ឌកម្ម​ជាច្រើន ពី​សណាក់​សហគមន៍​អន្តរជាតិ ក៏​ដោយ លោក ប្រធានាធិបតី​កូតឌីវ័រ​ផុតអាណត្តិ ​បាក់បូ​នៅតែក្រាញ​ននាល​​លើ​កៅអី មិន​ស្របច្បាប់​របស់​ខ្លួន។ ការ​អត់ធ្មត់​របស់​ក្រុម​លោក Ouattara ប្រធាធិបតី​ជាប់ឆ្នោត​ថ្មី លែង​មាន​ទៀត​ហើយ។ លោក Guillaume SOROដែល​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​ Ouattara អះអាង​ថា វា​ដល់​ពេល​ហើយ​ដែល​ត្រូវ​ប្រើប្រាស់​កម្លាំង។

លោក​ Laurent Gbagbo និង Guillaume Soro
លោក​ Laurent Gbagbo និង Guillaume Soro Montage RFI / Pierre Moussart
ផ្សាយពាណិជ្ជកម្ម

 

01:43

សេចក្តី​​រាយការណ៍​របស់ អ៊ុង ច័ន្ទ​សោភា

អ៊ុង ច័ន្ទ​សោភា

ជំរើសតែ​មួយគត់​ដែល​ធ្វើ​ឲ្យ​លោក​បាក់បូ ចេញ​ពីកៅអី​ប្រធានាធិបតីនោះ គឺ​ការ​ប្រើប្រាស់កម្លាំង​បាយ។ សំរាប់លោក SORO នាយករដ្ឋមន្ត្រី​របស់​លោក Ouattara ប្រធានាធិបតីជាប់ឆ្នោតថ្មី ការចរចាដោយមាត់​វាគ្មាន​ប្រយោជន៍ទៀតឡើយ។ ដូច្នេះ​កាលពីថ្ងៃពុធ​ម្សិលមិញ នាយករដ្ឋមន្រ្តីស្របច្បាប់​របស់ កូតឌីវ័រ​រូបនេះ បានស្នើ​ឲ្យ​អសប និងសហគមន៍អឺរ៉ុប ប្តូរយុទ្ធសាស្រ្តមកប្រើ​មធ្យោបាយកម្លាំងវិញ។

មើលទៅ​គូ​ប្រជែង​ទាំង​ពីរ មិនព្រមបន្ធូរបន្ថយដៃ​ឲ្យគ្នា​ទៅវិញទៅមក​នោះទេ។ នៅថ្ងៃ​ព្រហស្បតិ៍​នេះទៀត លោក SORO បាន​សុំ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ហៅកាត់ថា​CPI ចុះមកធ្វើការ​ផ្លូវ​ច្បាប់​មួយ​ចំនួន​នៅក្នុង​ប្រទេស​របស់ខ្លួន។ លោក​ចង់​ឲ្យ​អ្នកដែលប្រព្រឹត្ត​អំពើ​ខុសច្បាប់​កន្លង​មក ត្រូវបញ្ជូនទៅ​តុលាការ ឡាអេ។ និយាយ​ឲ្យ​ចំ​គឺ​សំដៅទៅលើ​លោក​បាក់បូ និង​បក្សពួក​របស់គាត់។

“យើង​សង្ឃឹមថា​សហគមន៍អន្តរជាតិ​មិនចំណាយពេលយូរពេកទេ ទម្រាំ​ឲ្យដឹង​ថា​កន្លែង​លោក​ដែល​លោក​បាក់បូ​គួរតែនៅនោះ​មិនមែន​ជា​វិមាន​ ប្រធានាធិបតីទេ គឺ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ទីក្រុងឡាអេ​ឯណោះវិញ” នេះ​ជាសំដី​របស់​លោក SORO​ដែល​ដកស្រង់​ដោយកាសែតបារាំង Libération។

ថ្មីៗនេះ សហភាពអឺរ៉ុប បាន​ដាក់គំនាប​ឲ្យ​លោក បាក់បូ​ចេញពីតំណែងជាប្រញាប់។ ការ​ហាមឃាត់​មិនឲ្យ​ប្រធានាធិបតីផុតអាណត្តិ​រូបនេះ​ព្រមទាំង​ភរិយា​និង​ អ្នកជំនិត​១៨នាក់ទៀត​ធ្វើដំណើរ​ក្នុងទឹកដីសហភាពអឺរ៉ុប​ក៏បាន​ចូលជាធរមាន​ រួចហើយ​កាលពី​ថ្ងៃពុធម្សិលមិញ។

ក៏​ប៉ុន្តែ​លោក​បាក់បូ ហាក់ដូច​ជាមិនចុះញ៉ម​ចំពោះ​ទណ្ឌកម្មនេះឡើយ។ គួររំលឹក​ដែរថា ចាប់តាំងពីការបោះឆ្នោត​ប្រធានាធិបតី​ថ្មី​កាលពី​ខែ​វិច្ឆិកា​កន្លងទៅ ប្រទេសកូតឌីវ័រ បាន​ធ្លាក់ចូល​ក្នុងវិបត្តិ​នយោបាយ​ដ៏ធ្ងន់ធ្ងរ ដោយសារតែ​លោក​បាក់បូ​មិនព្រម​ប្រគល់តំណែង​ទៅ​ឲ្យ​លោក Ouattara​ដែលបាន​ជាប់ឆ្នោត​ដោយស្របច្បាប់​និង​ទទួលស្គាល់ពី​សហគមន៍​ អន្តរជាតិ។ ក្រោយពីលទ្ធផល​បោះឆ្នោត អំពើហិង្សាដ៏ឃោរឃៅ​បាន​ផ្ទុះ​ឡើង បាន​ធ្វើឲ្យ​មនុស្ស​យ៉ាងហោចណាស់ ១៧៣ នាក់បានស្លាប់ បើតាម​របាយការណ៍​របស់​អ.ស.ប ជាតិនៅ​ថ្ងៃនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ